ពលរដ្ឋ​ខេត្ត​សៀមរាប​មិន​ទុក​ចិត្ត​អាជ្ញាធរ​ស្ថាបនា​ផ្លូវ ៤៥ខ្សែ មាន​អំពើ​ពុក​រលួយ និង​គ្មាន​គុណភាព​

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​នេះ​ជា​ថ្មី ឱ្យ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​មាន​លក្ខណៈ​ស្តង់ដារ​គុណភាព​ខ្ពស់ និង​គ្មាន​អំពើ​ពុក​រលួយ។ ពួក​គេ​សង្កេត​ឃើញ​ថា​ អាជ្ញាធរ​កសាង​ផ្លូវ​កន្លង​ទៅ​ ប្រើប្រាស់​បាន​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ខូច​ទៅ​វិញ និង​គ្មាន​ប្រព័ន្ធ​លូ​ទឹក​ត្រឹម​ត្រូវ។ ការ​លើក​ឡើង​នេះ​ ក្រោយ​ពី​អាជ្ញាធរ​ក្រុង​សៀមរាប​គ្រោង​ចាប់​ផ្តើ​ស្ថាបនា​ផ្លូវ​ចំនួន ៤៥ខ្សែ​ក្នុង​ក្រុង​សៀមរាប នៅ​ចុង​ខែ​វិច្ឆិកា​នេះ។

ក្រុម​ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ហាក់​មិន​ទុកចិត្ត​អាជ្ញាធរ​ខេត្ត​នេះ​ថា​ នឹង​កសាង​ផ្លូវ​ ៤៥ខ្សែ​ ក្នុង​ក្រុង​នេះ មាន​គុណ​ភាព​ល្អ​នោះ​ទេ​ ព្រោះ​បទ​ពិសោធ​កន្លង​ទៅ​ ផ្លូវ​ជា​ច្រើន​ខ្សែ​ ដែល​អាជ្ញាធរ​ខេត្ត​ស្ថាបនា ឆាប់​ខូច​ គ្មាន​គុណភាព​ និង​ប្រើប្រាស់​បាន​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ លោក​ អាង​ ឆាល​ ឱ្យ​ដឹង​នៅ​ថ្ងៃទី២៥ វិច្ឆិកា​ថា ផ្លូវ​ក្នុង​ក្រុង​ដែល​អាជ្ញាធរ​កសាង​កន្លងទៅ​ គ្មាន​គុណភាព​ល្អ​នោះ​ទេ ដូច​ជា ផ្លូវ​ក្រវាត់​ក្រុង​ ផ្លូវ​ចុង​កៅស៊ូ ផ្លូវ​ស្មែលលីង (Smiling) ផ្លូវ ជា ស៊ីម និង​ផ្លូវ​លំ​ជា​ច្រើន​ខ្សែ​ទៀត។ លោក​បារម្ភ​ថា​ គម្រោង​កសាង​ផ្លូវ​ទាំង​នេះ​ អាជ្ញាធរ​នឹង​យក​រូបមន្ត​ចាស់​ដដែលៗ មក​អភិវឌ្ឍន៍​ បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ និង​សកម្មភាព​សេដ្ឋកិច្ច៖ «ជា​បទ​ពិសោធន៍ យើង​មើល​ឃើញ​គុណភាព​នៃ​ការ​ធ្វើ​ផ្លូវ ធ្វើ​ជិះ​បាន​តែ​រយៈ​ពេល​ខ្លី ក្រោយ​មក​ខូច ទី១ ហុយ ទី២ ឆាប់​ខូច ទី៣ អត់​មាន​ប្រព័ន្ធ​លូ​ឱ្យ​ច្បាស់លាស់ ជា​កត្តា​ហ្នឹង​ហើយ ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ខូច។ ខ្ញុំ​បារម្ភ​ពី​ចំណុច ទី១ គុណភាព​ផ្លូវ ទី២ ទាក់ទង​អំពើ​ពុក​រលួយ ការ​បែង​ចែក​កញ្ចប់​ថវិកា​រដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ »

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ក្រុង​សៀមរាប​ លោក​ វិន​ ភា​រម្យ​ ថ្លែង​ថា លោក​មិន​ទុកចិត្ត​អាជ្ញាធរ​ទាល់​តែ​សោះ​ ទាក់ទិន​គម្រោង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​នេះ​ ព្រោះ​កន្លង​ទៅ​ ផ្លូវលំ​ក្នុង​ក្រុង​ជាច្រើន​ខ្សែ​ ដែល​អាជ្ញាធរ​ស្ថាបនា​ ប្រើ​ឆាប់​ខូច លំបាក​ធ្វើ​ដំណើរ​ និង​មាន​ផ្លូវ​ខ្លះ​ដាច់​ជា​ដុំៗ និង​បែក​ភក់​ល្បាប់។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ឱ្យ​មាន​យន្តការ​លុបបំបាត់​អំពើពុករលួយ​ ក្នុង​រឿង​ការ​ស្ថាបនា​ផ្លូវ​ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​ផ្លូវ​ឱ្យ​មាន​គុណភាព​ល្អ​ និង​ស្តង់ដារ​ខ្ពស់៖ «គ្រប់​តែ​ខ្សែ​ផ្លូវ ផ្លូវ​ក្រវាត់​ក្រុង ផ្លូវ​ស៊ីវត្ថា ផ្លូវ​ទៅ​ប្រាសាទ​មើល​មិន​បាន ផ្លូវ​ទៅ​បន្ទាយ​ស្រី គ្រប់​តែ​ប្រព័ន្ធ​ហើយ​ផ្លូវ​គាត់​ធ្វើ។ ខ្ញុំ​ចង់​ឱ្យ​គាត់ ធ្វើ​លក្ខណៈ​ដូច​ជា ចាក់​បៃតុង បើ​ថា​យើង​អ៊ុតឮ​កៅស៊ូ​ឱ្យ​ក្រាស់ ចាប់​ពី​មួយ​តឹក​កន្លះ ឬ​ពីរ​តឹក​ឡើង​ទៅ ហើយ​ធ្វើ​មាន​ស្តង់ដារ​ត្រឹមត្រូវ។ ផ្លូវ​ធ្វើ​គ្មាន​ស្តង់ដារ​ទេ។ ផ្លូវ​ភាគ​ច្រើន​គ្មាន​ស្តង់ដារ របស់​រដ្ឋ​អ្នក​ចេញ តែ​ឯកជន​អ្នក​ដេញ​យក ដល់​ពេល​អ៊ីចឹង​លុយ​មិន​ដឹង​នៅ​ឯ​ណា​ទេ រប៉ាត់រប៉ាយ ស៊ី​ក្រុម​គ្នា​គេ​ហ្នឹង។ ប្រជាជន​រិះគន់​រហូត »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ អភិបាលខេត្ត​សៀមរាប​ លោក​ ទៀ​ សីហា​ ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ​ តែ​ទូរ​ស័ព្ទ​របស់​លោក​ មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី២៥​ វិច្ឆិកា។ ចំណែក​អភិបាល​ក្រុង​សៀមរាប​ លោក​ នួន​ ពុទ្ធា​រ៉ា​ ក៏​មិន​លើក​ទូរ​ស័ព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ នួន ពុទ្ធារ៉ា ថ្លែង​ក្នុង​សិក្ខាសាលា​ កាល​ពី​ដើម​ខែ​វិច្ឆិកា​ថា លោក​ទទួល​ស្គាល់​ថា​ ផ្លូវ​ថ្នល់​តំបន់​ខ្លះ​លំបាក​ធ្វើ​ដំណើរ​ ហើយ​អាជ្ញាធរ​ មាន​ផែនការ​កសាង​សា​ជាថ្មី។ លោក​ថា​ផ្លូវ​ ៤៥ខ្សែ​នេះ​ ជា​គម្រោង​កញ្ចប់​ថវិកា​របស់​រដ្ឋបាល​ខេត្ត​ ហើយ​អាជ្ញាធរ​ក្រុង​បាន​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​រួចហើយ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ សាទរ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​នេះ​ ក៏ប៉ុន្តែ​លោក​ចង់​ឃើញ​ អាជ្ញាធរ​ត្រូវ​ធានា​ថា​ ​ការស្ថាបនា​ផ្លូវ​ទាំង​នោះ​ មាន​គុណ​ភាព​ខ្ពស់​ និង​គ្មាន​អំពើពុករលួយ​។ លោក​បញ្ជាក់​ថា​ អាជ្ញាធរ​ត្រូវ​ចៀសវាង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការស្ថាបនា​ផ្លូវ​ ដែល​ជា​បទ​ពិសោធ​អាក្រក់​មួយ​ ធ្វើ​ឱ្យ​ផ្លូវ​គ្មាន​គុណភាព​ ប៉ះពាល់​សេដ្ឋកិច្ច​ពលរដ្ឋ​ និង​ជីវភាព​រស់នៅ៖ «ដើម្បី​ធានា​ថា ធ្វើ​ផ្លូវ​មាន​គុណភាព​នោះ ត្រូវ​លុប​បំបាត់​នូវ អំពើ​ពុក​រលួយ រឿង​អាស្រូវ​ចាក់​ស្ដើង​ស៊ី​ក្រាស់​ជា​ដើម​ហ្នឹង។ អ៊ីចឹង​ដើម្បី​ធានា​គុណភាព​ផ្លូវ គេ​ត្រូវ​ស្វែង​រក​អ្នក​ម៉ៅ​ការ ដោយ​ការ​ប្រកួត​ប្រជែង មាន​ន័យ​ថា បើក​ឱកាស​ឱ្យ​អ្នក​ដេញ​ថ្លៃ ដែល​មាន​សមត្ថភាព ហើយ​ដែល​ហាន​តម្លៃ​ទាប​ជាង​គេ​នៅ​ក្នុង​ការ​ផ្ដល់​សេវា​សាង​សង់​នេះ ឬ​ដើម្បី​ចៀស​វាង​បទ​ពិសោធ​អាក្រក់ ពី​អតីត​កាល​ហ្នឹង​គឺ កើត​រឿង​ស្ដើង​ស៊ី​ក្រាស់ ឬ​ក៏​រឿង​ពុក​រលួយ»។

ចំណែក​​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ លោក​ ប៉ាល់​ ចន្ទ​រា​តា​ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ ក្រសួង​គ្រោង​ចំណាយ​ថវិកា​ ១៥លាន​ដុល្លារ​ កសាង​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​តាម​​ផែនការ។ ប៉ុន្តែ​គម្រោង​​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​​ឡើង​វិញ​ នៅ​តាម​បណ្ដា​ខេត្ត មាន​ច្រើន​កន្លែង​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​ក្រសួង​ពន្យារ​ពេល។ លោក​បន្ថែម​ថា គោលការណ៍​របស់​ក្រសួង​ គឺ​ត្រូវ​លុប​ជង្ហុក​ និង​ជួសជុល​ផ្លូវ​គ្រប់​កន្លែង​ទាំង​អស់​ ហើយ​ការ​ជួសជុល​ផ្លូ​វធំៗ។ មន្ទីរ​សាធារណៈ​ការ​ចាំបាច់​ត្រូវ​រាយការណ៍​ទៅ​ក្រសួង។

ក្រុម​ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ និង​ភ្ញៀវ​ទេសចរ​ តែងតែ​រអ៊ូរទាំ​ ពី​បញ្ហា​ប្រឈម​ និង​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ ទាក់ទិន​ផ្លូវលំ​ជា​ច្រើន​ខ្សែ​ តភ្ជាប់​ពី​ផ្លូវជាតិ​ ក្នុង​ក្រុង​សៀមរាប​ខូចខាត​ធ្ងន់ធ្ងរ​ បែក​ភក់ជ្រាំ​នៅ​រដូវ​វស្សា​ និង​ហុយ​ដី​នៅ​រដូវប្រាំង។ ពួក​គាត់​អះអាង​ថា​ ប្រយោជន៍​បាន​ពី​វិស័យ​ទេសចរណ៍​ មិន​បាន​ឆ្លើយ​តប​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ។ រី​ឯ​ល្បឿន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​មួយ​នេះ​ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ ហាក់​មិន​ស៊ី​ចង្វាក់​គ្នា​ទៅ​នឹង​ឈ្មោះ​ខេត្ត​ទេសចរ​ប្រវត្តិ​សា​ស្ដ្រ ដ៏​ល្បី​លំដាប់​ពិភពលោក​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។