អាជ្ញាធរ​រាជធានី​ភ្នំពេញ​​​ហាម​​​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម

0:00 / 0:00

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​ហាម​ឃាត់​ការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ចាប់​ពី​ថ្ងៃ​ទី២៤ ដល់​ទី២៧ មករា​ខាងមុខ។

ក្រៅ​ពី​នេះ អាជ្ញាធរ​ក៏​ហាម​មិន​ឱ្យ​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ និង​ការ​ហែ​ក្បួន​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការ​អនុញ្ញាត​ផង​ដែរ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បក​ស្រាយ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី២០ មករា​ថា វិធានការ​ទាំង​នេះ គឺ​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប​រៀប​រយៈ​សាធារណៈ។ បន្ថែម​ពី​លើ​នេះ អាជ្ញាធរ​ណែនាំ​ឱ្យ​ពលរដ្ឋ និង​គ្រប់​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​អុជ​ធូប​ទៀន ក្រដាស​សែន ភ្លើង​ចង្ក្រាន និង​ចរន្ត​អគ្គិសនី ដែល​អាច​បង្កឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង​ជា​យថាហេតុ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​អង្គភាព និង​មន្ត្រី​ក្រោម​ឱវាទ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​អាជ្ញាធរ​ព្រមាន​ថា ជន​ណា​ប្រព្រឹត្ត​ល្មើស ឬ​បំពាន​សេចក្ដី​ណែនាំ​នេះ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។