អាជ្ញាធរក្រុងប៉ោយប៉ែតហ្វឹកហាត់កម្លាំងត្រៀមបង្ក្រាបអ្នកតវ៉ានៅច្រកព្រំដែនប៉ោយប៉ែត
2020.05.31

អាជ្ញាធរក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានហ្វឹកហាត់កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ប្រដាប់ដោយដំបងឆក់ និងខែលដើម្បីត្រៀមទប់ស្កាត់ក្រុមប្រជាពលរដ្ឋដែលគ្រោងតវ៉ានៅច្រកទ្វារព្រំដែនកម្ពុជានិងថៃនៅថ្ងៃទី១ មិថុនា។ មន្ត្រីសង្គមស៊ីវិលចាត់ទុកសកម្មភាពរបស់សមត្ថកិច្ចនេះ ថា ជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋធ្វើឱ្យភ័យខ្លាចដើម្បីកុំឱ្យពួកគាត់ទៅចូលរួមធ្វើបាតុកម្មតាមការគ្រោងទុក។
ប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រមាណ៦០នាក់និងមន្ត្រីអាវុធហត្ថប្រហែល៤០នាក់ស្លៀកពាក់ឯកសណ្ឋាននាំគ្នាហ្វឹកហាត់នៅក្នុងទីបញ្ជាការដ្ឋានរៀងៗខ្លួន ចាប់តាំងពីថ្ងៃទី៣០ឧសភាមក។សមត្ថកិច្ចទាំងនោះមានបំពាក់ដោយដំបងឆក់ និងខែល ឈរតម្រង់ជួរកម្ដៅសាច់ដុំស្របពេលក្រុមប្រជាពលរដ្ឋគ្រោងធ្វើបាតុកម្មនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី១ ខែមិថុនា។
អាស៊ីសេរីមិនអាចទាក់ទងអធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣១ឧសភា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
រីឯមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតលោក នី ណារ៉ូ សុំមិនឆ្លើយតបជុំវិញពីការហ្វឹកហាត់កងកម្លាំងនេះទេ ដោយលោកប្រាប់ថា លោកមិនបាននៅបន្ទាយជាច្រើនថ្ងៃហើយ៖ «ខ្ញុំជាប់ច្បាប់ខ្ញុំបានផ្ទេរសិទ្ធឱ្យគេហើយបង»។
ចំណែកស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម បានបង្ហោះរូបថតសកម្មភាពរបស់ប៉ូលិសក្រុងប៉ោយប៉ែតនៅក្នុងហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣០ឧសភាថាប៉ូលិសអនុវត្តន៍តាមបទបញ្ជាលោកស្នងការនគរបាលខេត្ត គឺជាការរំលឹកមេរៀនឡើងវិញកុំឲ្យភ្លេចប៉ុណ្ណោះ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន បន្ថែមទៀតប៉ុន្តែទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទាក់ទងរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា យល់ថា អាជ្ញាធរកម្ដៅសាច់ដុំនៅពេលនេះគឺជារូបភាពបំភិតបំភ័យ ដើម្បីកុំឱ្យពលរដ្ឋនាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១មិថុនា។។លោកចាត់ទុកទង្វើបែបនេះថាជាការឱ្យប៉ះពាល់ដល់សិទ្ធសេរីភាពសម្ដែងមតិរបស់ពលរដ្ឋទៅវិញទេ៖ «ហើយមួយទៀតបើសិនជាឈានទៅដល់បំបែកហើយវាយដុំប្រជាពលរដ្ឋទៀតវាកាន់តែធ្ងន់ធ្ងរហើយព្រោះថាយើងស៊ីប្រាក់រដ្ឋហើយរដ្ឋបានលុយពីប្រជាពលរដ្ឋមកចិញ្ចឹមសមត្ថកិច្ចហើយបែរទៅជាវាយដំច្រំធាក់ដល់អ្នកមានគុណខ្លួនឯងវាជារឿងមួយអកតញ្ញូខ្លាំងណាស់។ ព្រោះថាហាត់ក៏ដោយអីក៏ដោយគ្រាន់តែហាត់ដើម្បីរំលឹកមេរៀនកុំឱ្យភ្លេច ប៉ុន្តែកុំឱ្យទៅវាយធ្វើបាបពលរដ្ឋ»។
ចំណែកប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែតសុំមិនឱ្យបញ្ចេញឈ្មោះម្នាក់ថ្លែងថា បើទោះបីជាមានកងកម្លាំងច្រើននាក់បែបនេះក្ដី ក៏មិនអាចទប់ស្កាត់ពួកគាត់មិនឱ្យធ្វើបាតុកម្មបានដែរ។ ពលរដ្ឋរូបនេះបញ្ជាក់ថា ក្រុមអ្នករត់ម៉ូតូឌុប កម្មករអូសរទេះអាជីវករដែលមានតូបលក់នៅផ្សាររ៉ុងក្លឿ ប្រទេសថៃ និងកម្មករស៊ីឈ្នួលលីសែងនៅក្នុងទឹកដីថៃបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីនាំគ្នាធ្វើបាតុកម្មតាមការគ្រោងទុកដដែល៖ «ខ្ញុំត្រូវតែធ្វើស្អែកនេះត្រូវតែទៅឱ្យគេរកដំណោះស្រាយដែលឱ្យចង់បានធ្វើយ៉ាងម៉េចឱ្យបានយល់ស្របទាំងអស់គ្នាដើម្បីរកដំណោះស្រាយឱ្យបានចូលទៅផ្សារ។យើងពាក់ម៉ាស់ទាំងអស់គ្នា ទៅយើងការពារដូចតែគ្នាហ្នឹងយើងចរចាគ្នាដោយសន្តិវិធីអត់មានប្រើអំពើហិង្សាទេ។ បើសមត្ថកិច្ចមកវាយពួកខ្ញុំក៏ពិបាកដែរព្រោះធម្មតាមនុស្សដល់កមិនខ្លាចការវាយទេ បើធ្វើបាបគ្នាក៏ខ្មាសគេខ្មាសឯងដូចតែគ្នាដែរ។អាជ្ញាធរធ្វើអីក៏ដោយត្រូវគោរពសិទ្ធយើងជាខ្មែរដូចគ្នា»។
នៅថ្ងៃទី៣១ឧសភា ទាហានឈុតខ្មៅរបស់ថៃជាច្រើននាក់ ក៏បានដាក់ពង្រាយត្រៀមទប់ស្កាត់ក្រុមបាតុករខ្មែរនៅតំបន់ផ្សាររ៉ុងក្លឿប្រទេសថៃជាប់ព្រំដែនអន្តរជាតិប៉ោយប៉ែតដែរ។
កាលពីថ្ងៃទី២៥ ឧសភា តំណាងពលរដ្ឋបានដាក់លិខិតស្នើសុំទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបាតុកម្មទាមទារឱ្យអាជ្ញាធរខ្មែរអន្តរាគមន៍ទៅខាងភាគីថៃស្នើសុំបើកទ្វារព្រំដែនប្រទេសទាំង២ឡើងវិញដោយសារការបិទព្រំដែនយូរបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។ នៅក្នុងលិខិតនោះបញ្ជាក់ថា ពលរដ្ឋចំនួន ១.៥០០នាក់ គ្រោងចូលរួមធ្វើបាតុកម្មនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាចចាប់ពីថ្ងៃទី១ដល់ថ្ងៃទៅ៧មិថុនា ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបដិសេធ។ការតវ៉ានេះក្រុមប្រជាពលរដ្ឋនឹងបិទផ្លូវជាតិលេខ៥នៅច្រកទ្វារព្រំដែនហាមឃាត់មិនឱ្យរថយន្តដឹកទំនិញរបស់ថៃចូលមកកម្ពុជាបានឡើយ៕