ពលរដ្ឋ​រិះគន់​សមត្ថកិច្ច​ព្រំដែន​ប៉ោយប៉ែត​ថា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការងារ​ពួក​គាត់​នៅ​ទឹកដី​ថៃ

ដោយ ហ៊ុំ ចំរើន
2017.08.28
ច្រក​ទ្វារ​ប៉ោយប៉ែត ២០១៧ ៦២២ ប្រជាពលរដ្ឋ​ទិញ​សំបុត្រ​ឆ្លង​ដែន​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ថា​ផ្ដល់​សំបុត្រ​ឆ្លង​ដែន​ជូន​ពួក​គាត់​យឺតយ៉ាវ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​រាំង​ស្ទះ​ដល់​របរ​លក់​ដូរ​ប្រចាំ​ថ្ងៃ​នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ។

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា បញ្ហា​សមត្ថកិច្ច​ផ្ដល់​សំបុត្រ​ឆ្លង​ដែន​យឺតយ៉ាវ​នេះ បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​នៅ​គល់​ស្ពាន​ច្រក​ទ្វារ​ព្រំដែន​ជាច្រើន​ម៉ោង។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ សីហា ថា សមត្ថកិច្ច​ផ្ដល់​សំបុត្រ​ឆ្លង​ដែន​ដែល​ទៅ​ព្រឹក​វិល​ល្ងាច ជូន​ពួក​គាត់​ចេញ​ចូល​ទៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ យឺតយ៉ាវ​ចាប់​ពី​ថ្ងៃ​ទី​២៦ សីហា មក។ ពួក​គាត់​អះអាង​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​ពាន់​នាក់​កកស្ទះ​នៅ​គល់​ស្ពាន​ព្រំដែន​ប៉ោយប៉ែត ជាច្រើន​ម៉ោង ធ្វើ​ឲ្យ​មិន​អាច​ឆ្លង​ទៅ​លក់​ដូរ​នៅ​ប្រទេស​ថៃ បាន​ទាន់​ពេល​នោះ​ទេ៖ «មនុស្ស​កកស្ទះ​រញ៉េវរញ៉ាវ​ពេញ​ផ្លូវ ហើយ​ខ្ញុំ​ទៅ​លក់​មិន​ទាន់​ម៉ូយ គេ​មក​យក​ទំនិញ​ពេល​ព្រឹក ធ្វើ​ឲ្យ​ខាត​ការងារ​របស់​ខ្ញុំ។ ខ្ញុំ​ស្នើ​ឲ្យ​អាជ្ញាធរ​ច្រក​ព្រំដែន សម្រួល​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្ដល់​សំបុត្រ​ដើម្បី​បាន​ចេញ​ចូល​ទៅ​ប្រទេស​ថៃ ងាយស្រួល​ជាង​មុន»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក វិច អូន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ សីហា ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ អះអាង​ថា សមត្ថកិច្ច​បាន​ប្រាប់​ពួក​គាត់​ថា ការ​ផ្ដល់​សំបុត្រ​ឆ្លង​ដែន​យឺតយ៉ាវ​នេះ ដោយសារ​បោះពុម្ព​សំបុត្រ​មិន​ទាន់។

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា បញ្ហា​នេះ​ដោយសារ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សមត្ថកិច្ច​ច្រក​ព្រំដែន ដែល​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ខាតបង់​ដល់​របរ​លក់ដូរ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់៖ «គាត់​យក​លេស​ថា​បោះពុម្ព​មិន​ទាន់ និង​ថា​អ្នក​ចែក​សំបុត្រ​មិន​នៅ​មិន​មែន​ជា​គោលការណ៍​របស់​រដ្ឋ​ទេ។ មន្ត្រី​ទាំងនេះ រដ្ឋាភិបាល​គួរ​តែ​ដក​ចេញ​ពី​តំណែង ហើយ​យក​អ្នក​ដែល​សកម្ម​ការងារ​មក មក​បម្រើ​ប្រជាពលរដ្ឋ​ជំនួស​វិញ​ប្រសើរ​ជាង»

ពលរដ្ឋ​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា សមត្ថកិច្ច​ច្រក​ព្រំដែន​មួយ​នេះ​បាន​ផ្ដល់​សំបុត្រ​ឆ្លង​ដែន​ជូន​ពួក​គាត់​លឿន​ជាង​មុន​បន្តិច ក៏ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ឆ្លង​ដែន​ចាប់​ពី​ម៉ោង​ប្រមាណ ៨​ព្រឹក​ដល់​ម៉ោង ១០​ព្រឹក នៅ​តែ​ជួប​ការ​រាំង​ស្ទះ ដោយសារ​ផ្ដល់​សំបុត្រ​ជូន​ពួក​គាត់​យឺតយ៉ាវ​ដដែល។

នៅ​ច្រក​ព្រំដែន​មួយ​នេះ​មាន​ពលរដ្ឋ​ឆ្លង​ដែន​ទៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ ប្រមាណ​ពី ៣​ពាន់​ទៅ ៦​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។ កាល​ពី​ដើម​ឆ្នាំ​២០១៧ នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​សហការ​ជាមួយ​សមត្ថកិច្ច​ច្រក​ព្រំដែន​មួយ​នេះ ផ្ដល់​សំបុត្រ​ឆ្លង​ដែន​ជូន​ពលរដ្ឋ​ដោយ​មិន​យក​ប្រាក់ ដែល​កាល​ពី​មុន​អ្នក​ឆ្លង​ដែន​ទៅ​ផ្សារ​រ៉ុងក្លឿ ត្រូវ​ទិញ​សំបុត្រ​មួយ​ចេញ​ចូល​បាន​ម្ដង​តម្លៃ ១​ពាន់​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។