ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​​បារម្ភ​​ពី​អសន្តិសុខ​ក្នុង​សង្គម​កើត​ឡើង​ច្រើន

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ភូមិ​ឃុំ​មាន​សុវត្ថិភាព។ ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បាញ់បោះ​បណ្ដាល​ឱ្យ​យុវជន​ម្នាក់​របួស​ធ្ងន់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មេសា ហើយ​អាជ្ញាធរ​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លើក​ឡើង​ថា សព្វ​ថ្ងៃ​នេះ​ពួកគាត់​រស់​នៅ​ដោយ​ការ​ភ័យខ្លាច​ ព្រោះ​មាន​ការ​បាញ់បោះ​ដោយ​សេរី និង​មាន​ចោរលួច​ម៉ូតូ​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់។

ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​ប៉ោយប៉ែត លោកស្រី សរ សុជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ មេសា​ថា​ មួយ​រយៈ​នេះ​ការ​កាន់​កាំភ្លើង​​បាញ់​បោះ​នៅ​ទី​សាធារណៈ​ និង​ចោរលួច​ទ្រព្យ​សម្បត្តិ​កើត​មាន​ជា​ញឹកញយ​ ហើយ​​អាជ្ញាធរ​ពាក់ព័ន្ធ​​ហាក់​មិន​អើពើ​ចាត់​វិធានការ​​ទៅ​ជន​ប្រព្រឹត្ត​នោះ​ទេ​។ លោក​ស្រី​បញ្ជាក់​ថា ​លោក​ស្រី​និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​កំពុង​ព្រួយបារម្ភ​​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

លោកស្រី សរ សុជាតិ៖ «ខ្ញុំ​មាន​ការ​ភ័យ​ព្រួយ​ខ្លាំង​ព្រោះ​អាយុ​ជីវិត​មនុស្ស​មិន​អាច​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​​បាន​ទេ។ កាល​ណា​បាញ់​បោះ​របួស​ស្លាប់​​ហើយ​គឺ​ស្លាប់​ហើយ​ បើ​របួស​ក៏​អត់​ដឹង​ទៅ​រក​សំណង​នៅ​ណា​ដែរ​ បាន​តែ​ព្យាបាល​ក៏​ព្យាបាល​លុយ​ខ្លួន​ឯង​ទៀត​។ អីចឹង​ក្ដី​បារម្ភ​គឺ​ខ្ពស់​មែន​ទែន​ ខ្ញុំ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​មើល​ថែ​អាយុជីវិត​ប្រជា​ពលរដ្ឋ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត​ លោក ឆេង ប៊ុនហាក់ ថ្លែង​ថា ​​​ការ​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​ហាក់​គ្មាន​សុវត្ថិភាព​នោះ​ទេ ដោយសារ​តែ​​មនុស្ស​មួយ​ចំនួន​​កាន់​​កាំភ្លើង​បាញ់​បោះ និង​មាន​ករណី​ចោរ​លួច​ម៉ូត​​តាម​ផ្ទះ​តែង​កើត​មាន​ជា​ញឹកញាប់ នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត។ លោក​មើលឃើញ​ថា បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយសារ​​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ធូររលុង។

លោក ឆេង ប៊ុនហាក់៖«ដល់​ពេល​ឃើញ​មាន​ការ​បាញ់បោះ​អីចឹង​មាន​ការ​ភិតភ័យ​មិន​ថា​ខ្ញុំ មិន​ថា​គេ​វា​មាន​ការ​ភិត​ភ័យ​ដែរ ​ដោយសារ​តែ​អសន្តិសុខ​ក្នុង​ឃុំ​សង្កាត់។ អ៊ីចឹង​ខ្ញុំ​ស្នើ​ទៅ​អាជ្ញាធរ​ហើយ ភូមិ​ឃុំ​​ដែល​មាន​សុវត្ថិភាព​ហ្នឹង​សូម​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា»។

ប្រជា​ពលរដ្ឋ​ទាំង​នោះ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ដាក់​ពង្រាយ​កងកម្លាំង​យាម​ការពារ​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​ជាប្រចាំ ដើម្បី​រក្សា​សន្តិសុខ​សង្គម។

ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ​នេះ​កើត​មាន​​បន្ទាប់​ពី​ខ្មាន់កាំភ្លើង​បាន​​បាញ់​កាំភ្លើង​ខ្លី​២​គ្រាប់​​ត្រូវ​ចង្កេះ​យុវជន​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​សង្កាត់​ផ្សារ​កណ្ដាល បណ្ដាល​ឱ្យ​របួស​ធ្ងន់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥​មេសា​ ហើយ​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ។ ​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា កាល​ពី​​ចុងឆ្នាំ​២០២២​​​​មាន​ករណី​បាញ់​បោះ​ចំនួន​ពីរ​លើក​​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​៥ មេសា ក៏​មាន​ករណី​ចោរ​ប្លន់​ម៉ូតូ​មួយ​គ្រឿង​នៅ​សង្កាត់​ប៉ោយប៉ែត​ដែរ។

​វិទ្យុ​​អាស៊ីសេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ លោក សិទ្ធ ឡោះ ​និង​អធិការ​រង​នគរបាល​ក្រុង​ប៉ោយប៉ែត​ លោក ព្រហ្ម ពិសិទ្ឋ​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​​ការ​បាញ់​បោះ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​ចៅ​សង្កាត់ ផ្សារ​កណ្ដាល លោក ស្រិល អិន ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា ករណី​បាញ់​បោះ​នៅ​សង្កាត់​ផ្សារ​កណ្ដាល ពិត​ជា​កើត​មាន​ប្រាកដ​មែន ​ហើយ​សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​លើ​រឿង​នេះ។

លោក ព្រហ្ម ពិសិទ្ឋ៖ «គ្រាន់​តែ​ដឹង​លឺ​ថា​ក្រោយ​រួច​ហើយ​បាន​ដឹង។ ជំនាញ​ប៉ូលិស​ជា​អ្នក​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ ខាង​សង្កាត់​មិន​ទាន់​ដឹង​ថា​មុខ​សញ្ញា​យ៉ាង​ម៉េច​ផង»។

កន្លង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២២​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​ និង​អនុវត្ត​​យុទ្ធនាការ​ប្រតិបត្តិការ​ព្រមៗ​គ្នា ដើម្បី​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ការ​បន្ត​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ក្រុម​ក្មេង​ទំនើង​តាម​សហគមន៍ រួម​ទាំង​បទ​ល្មើស​ផ្សេងៗ​ទៀត​ ហើយ​​ការ​អនុវត្ត​​ធ្វើ​ឡើង​យ៉ាង​ផុលផុស និង​សម្រេច​បាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់។

ទោះ​ជា​យ៉ាង​ណា ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី កត់​សំគាល់​ថា បញ្ហា​​អសន្តិសុខ​​នៅ​តំបន់​ព្រំដែន​​​កើត​ឡើង ដោយសារ​តែ​នៅ​តំបន់​នេះ​សំបូរ​ទៅ​ដោយ​កាស៊ីណូ និង​ល្បែង​ស៊ីសង​​ខុស​ច្បាប់ ស្រប​ពេល​ដែល​អាជ្ញាធរ​​អនុវត្ត​ច្បាប់​ធូររលុង។

លោក ឌិន ពុទ្ធី៖ «អា​គោរព​តួនាទី​វា​ផ្សេង ប៉ុន្តែ​ថា​មិន​ដឹង​មាន​អី​នៅ​ពីក្រោយ​ខ្នង​វា​ខ្លាច​ អ្នក​មាន​អំណាច​មិន​គោរព​តួនាទី​វា​ទៅ​ជា​យក​តួនាទី​ទៅ​ប្រើប្រាស់​កាង​ការពារ​អ្នក​ខិល​ខូច​ទៅ​វិញ​ ដើម្បី​បាន​លុយ​កាក់​អាហ្នឹង​គឺ​ជា​អំពើ​ពុក​រលួយ​ហើយ។ ប៉ុន្តែ​គ្រាន់​តែ​ថា ​អា​អំពើ​ពុក​រលួយ​ហ្នឹង​គឺ​យើង​មើល​អត់​ដឹង​ ដោយសារ​តែ​​មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​មាន​អំពើ​អនាចារ​ ហើយ​​វា​ទៅ​ជា​អត់​មាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បន្ត​ទៅ​ទៀត។ ព្រោះ​​ដោយសារ​តែ​មន្ត្រី​អនុវត្ត​ច្បាប់​ហ្នឹង​បែរ​ទៅ​ជា​​យក​អំណាច​របស់​ខ្លួន​ទៅ​កាង​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​អីចឹង​ទៅ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ និង​បិទ​បនល្បែង​ស៊ីសង​ខុស​ច្បាប់​ទាំង​អស់។ លោក​បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ​នឹង​​ធ្វើ​ឱ្យ​ពលរដ្ឋ​​​រស់​នៅ​តំបន់​ព្រំដែន​ថៃ​មួយ​នេះ​កាន់​តែ​រងគ្រោះ​ដោយសារ​ការ​បាញ់បោះ និង​​រស់​នៅ​ដោយ​ការ​ភ័យខ្លាច​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។