សមត្ថកិច្ចខេត្តព្រះសីហនុ អះអាងថា ខ្មាន់កាំភ្លើងជនជាតិចិនដែលបានបាញ់សម្លាញ់ជនជាតិចិនដូចគ្នា ស្ថិតនៅអគារបនល្បែងកាស៊ីណូតុងហ្វាងប៉ាលីរិន (Tong Fang Palirin) ត្រូវបានបញ្ជូនទៅតុលាការខេត្តនេះរួចរាល់ហើយ។ មន្ត្រីសង្គមស៊ីវិល ជំរុញដល់អាជ្ញាធរឱ្យពន្លឿននីតិវិធីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ និងអ្នកដែលលក់កាំភ្លើងទៅឱ្យជនជាតិចិនប្រើប្រាស់សម្លាប់មនុស្សតាមទំនើងចិត្តនៅកម្ពុជា។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៥ ខែសីហាថា មកដល់ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនឧក្រិដ្ឋជនជនជាតិចិនចំនួន ៤នាក់ ដែលជាជនសង្ស័យ ពាក់ព័ន្ធនឹងការបាញ់សម្លាប់ជនជាតិចិន ២នាក់។ លោកអះអាងទៀតថា ជនជាតិចិនទាំង ៤នាក់នោះ មានម្នាក់ឈ្មោះ ហ្វេង យីងហ្វ៊ី (ZHENG YINGFEI) បានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនជាតិចិនទាំងពីរនាក់ និងជនជាតិចិនម្នាក់ទៀតបណ្តាលឱ្យរងរបួសធ្ងន់ ដោយសារតែរឿងជំពាក់ប្រាក់ និងមានទំនាស់ផ្នែកអាជីវកម្ម។
លោក ជួន ណារិន្ទ បន្ថែមថា ជនជាតិចិនទាំង ៤នាក់ និងសម្ភារៈវត្ថុតាងដែលមានកាំភ្លើងចំនួន ៥ដើម សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ។ លោកអះអាងទៀតថា ករណីឃាតកម្មលើជនជាតិចិននេះ សមត្ថកិច្ចក៏កំពុងបន្តនៅនីតិវិធីតាមចាប់ខ្លួន ក្រុមជនល្មើសដែលមានជាប់ពាក់ព័ន្ធមួយចំនួនទៀតដែលកំពុងរត់គេចខ្លួន៖ «គឺយើងមិនដកដៃទេ ចំពោះអាវុធដែលយើងមានសកម្មភាព ដែលធ្វើសកម្មភាពបើយើងដកបានក៏យើងស្រាវជ្រាវរកប្រភពបន្តបន្ទាប់ មិនមែនទុកចោលទេ ព្រោះនេះនៅក្នុងករណីស៊ើបអង្កេតស្រាវជ្រាវបន្តទៀតរបស់នគរបាលជំនាញ ហើយយើងមិនអាចលាតត្រដាងបានទេព្រោះនៅសល់ច្រើនដែលយើងកំពុងធ្វើ ក្នុងដៃសមត្ថកិច្ចដែលយើងកំពុងតាមអត់ទាន់ដកថយទេ»។
កាលពីយប់ថ្ងៃទី៣០ កក្កដា មានជនជាតិចិនមួយក្រុមមានគ្នាជាង ១០នាក់ បានដកកាំភ្លើងសម្លាញ់ជនជាតិចិនដូចគ្នា បណ្តាលឱ្យជនជាតិចិន ២នាក់បានស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម និងជនជាតិចិនម្នាក់បានរងរបួសធ្ងន់ ស្ថិតនៅទីតាំងអគារបនល្បែងកាស៊ីណូ តុង ហ្វាង ប៉ាលីរិន (Tong Fang Palirin) ក្នុងខេត្តព្រះសីហនុ។ ទោះជាយ៉ាងណា លោក ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់ថា អគារបនល្បែងកាស៊ីណូ តុង ហ្វាង ប៉ាលីរិន (Tong Fang Palirin) នឹងផ្អាកអាជីវកម្ម ឬឱ្យដំណើរការបន្តនោះទេ។
ក្រោយមានហេតុការណ៍ផ្ទុះអាវុធនេះ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងតាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ខ្លួនថា ចំពោះទីតាំងកាស៊ីណូ និងទីតាំងអាជីវកម្មផ្សេងទៀត ដែលមានករណីត្រូវបានរកឃើញថាមាន ការបាញ់សម្លាប់មនុស្ស ការចាប់បង្ខាំង ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ អាជ្ញាធរនឹងធ្វើការបិទផ្អាកអាជីវកម្ម និងស្នើដល់រដ្ឋាភិបាលឱ្យដកអាជ្ញាប័ណ្ណមិនឱ្យប្រកបរបររកស៊ីនៅក្នុងខេត្តព្រះសីហនុនេះទៀតឡើយ។
ទាក់ទងនឹងករណីជនជាតិចិនបាញ់បោះគ្នានេះដែរ ពលរដ្ឋម្នាក់នៅរស់ខេត្តព្រះសីហនុ លោក សម សុផាត ឆ្ងល់ថា ជនជាតិបរទេស ជាពិសេស ជនជាតិចិនដែលចូលមករកស៊ីក្នុងខេត្តនេះ សុទ្ធសឹងតែមានអាវុធកាន់ក្នុងដៃបង្កអសន្តិសង្គមជាបន្តបន្ទាប់។ លោកព្រួយបារម្ភថា បើជនជាតិចិនមានអាវុធប្រើប្រាស់ក្នុងដៃតាមទំនើងចិត្តដូចសព្វថ្ងៃនេះ នោះវានឹងបង្កឱ្យមានការគំរាមកំហែងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៖ «យើងព្រួយបារម្ភណាស់ លើជនជាតិបរទេស ដែលចូលមកនៅស្រុកយើងហើយប្រើអាវុធដោយអនាធិបតេយ្យអ៊ីចឹង។ យើងព្រួយបារម្ភណាស់។ វាអាចមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលគាត់កំពុងរស់នៅ។ អ៊ីចឹងអាជ្ញាធរដែលមានសមត្ថកិច្ចគួរតែចាត់វិធានការនៅលើរឿងដែលជនបរទេសប្រើអាវុធខុសច្បាប់ហ្នឹង»។
ជុំវិញរឿងនេះដែរ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី នៅតែបន្តស្នើយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះជនជាតិចិនដែលប្រើប្រាស់អាវុធបាញ់បោះគ្នាក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់។ អ្នកស្រីសង្កេតឃើញថា អាជ្ញាធរហាក់មិនទាន់មានចំណាត់ការច្បាស់លាស់ណាមួយនៅឡើយ ចំពោះការគ្រប់គ្រងជនបរទេស ជាពិសេសជនជាតិចិន ដែលបណ្តោយឱ្យពួកគេអាចមានអាវុធទំនើបៗ ប្រើប្រាស់នៅកម្ពុជាតាមទំនើងចិត្តបែបនេះ៖ «រាល់បទល្មើសដែលកើតមាន គឺជនប្រព្រឹត្តបទល្មើសតែងតែមានអាវុធ ដូចជាកាំភ្លើងអីហ្នឹងយកមកប្រើ។ តើពួកគាត់ហ្នឹងបានអាវុធមកពីណា? ហើយអាវុធហ្នឹងវាចូលមកតាមណា? អ្វីដែលខ្ញុំមានការព្រួយបារម្ភដែរថា តើយើងនៅក្នុងប្រទេសយើង ថាអ្នកខ្លះដែលគាត់មានសិទ្ធិកាន់អាវុធ។ តើយើងមានដែលធ្វើការត្រួតពិនិត្យទេ? ថាតើអាវុធអ្នកដែលមានសិទ្ធិកាន់ហ្នឹងគាត់បានទុកនៅជាប់ខ្លួនឬអត់? តាមខ្ញុំដឹងនៅប្រទេសគេអ្នកដែលមានសិទ្ធិកាន់អាវុធគឺ អាវុធហ្នឹងយកទៅកាន់យកទៅប្រើនៅពេលដែលចុះប្រតិបត្តិការទេ។ រួចហើយចប់ម៉ោងការងារគេមានឃ្លាំងមួយដាក់»។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ជំរុញដល់អាជ្ញាធរខេត្តព្រះសីហនុគួរតែកំណត់ចាប់មុខសញ្ញាជនបរទេសណាដែលមានអាវុធក្នុងដៃ និងត្រូវចាត់វិធានការដោយធានាថាគ្មានការឃុបឃិតប្រព្រឹត្តអំពើពុករលួយ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋម្ចាស់ស្រុក។ លើសពីនេះ ពួកគាត់ក៏បន្តស្នើដល់អាជ្ញាធរស៊ើបអង្កេតដោយឯករាជ្យតាមចាប់ខ្លួនមេខ្លោងធំៗ ដែលមានលុយមានអំណាចធ្វើអាជីវកម្មជួញដូរអាវុធទៅឱ្យជនជាតិចិនជាបន្តបន្ទាប់មកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។