សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​ចំនួន​៣​នាក់ ករណី​ជួញ​ថ្នាំញៀន ១៦០​គីឡូ

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កំពុង​សាកសួរ​ជនសង្ស័យ​បរទេស ៣ នាក់ ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន (ICE) ទម្ងន់​ប្រមាណ​១៦០​គីឡូក្រាម នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី​តាម​ច្បាប់។

គេហទំព័រ​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន កាល​ពី​ថ្ងៃទី​២៧ ខែ​តុលា​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ​រួម មាន ជនជាតិ​វៀតណាម ឡាវ និង​ខ្មែរ។ ជនសង្ស័យ​ទាំងនេះ ត្រូវ​បាន​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​បង្ក្រាប ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ប្រទេស​ឡាវ មក​កម្ពុជា នៅ​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៥ ខែតុលា។

នៅ​ខេត្តបាត់ដំបង​ឯណោះ​វិញ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ស្រុក​បាណន់ កាលពី​ថ្ងៃទី ២៥ ខែតុលា ក៏បាន​ចុះ​បង្ក្រាប​និង​រឹបអូស​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន (​ម៉ា​ទឹកកក ICE) ចំនួន ១ ថង់ និង សម្ភារ​ពាក់ព័ន្ធ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទៀត និង​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ ៣​នាក់​។ សមត្ថកិច្ច កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៣ នាក់​នោះ ទៅកាន់​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​គ្រឿងញៀន (ADP) បង្ហាញ​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​ជិត​៩​ពាន់ ២​រយ​នាក់ (,១៥១) នាក់​ក្នុង​អំឡុង​៧​ខែ ចាប់ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ​២០២២ ដែល​កើន​ឡើង ១៦% ពី​ចំនួន​ជិត ៨​ពាន់​នាក់ (,៨៧៦) ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១។ ចំណែក​ថ្នាំញៀន​វិញ សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំញៀន​ប្រហែល​ជាង ៣​តោន (,២៧) ដែល​កើន​ឡើង​ជិត ២៤​ ភាគរយ ពី​ចំនួន ៩៦៣ គីឡូក្រាម កាលពី​ឆ្នាំ​២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។