អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងថា សមត្ថកិច្ច កំពុងតាមចាប់ខ្លួនមន្ត្រីយោធាពាក់ស័ក្តិ៥ ឈ្មោះ ឈុន សារ៉េត តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំជនសង្ស័យរូបនេះ មកផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធនឹងករណីបើករថយន្តបុកពលរដ្ឋម្នាក់បណ្ដាលឲ្យស្លាប់ ហើយបើកគេចខ្លួន កាលពីជាងបីសប្តាហ៍មុន។ លោក ឆាយ គឹមខឿន អះអាងថា ជនសង្ស័យរូបនេះ មិនអាចគេចខ្លួនពីសំណាញច្បាប់បានទេ ទោះបីជាខំគេចខ្លួនយ៉ាងណាក្តី៖ «»
កាលពីយប់ថ្ងៃទី២៥ ខែមេសា មន្ត្រីយោធារូបនេះ បានបើករថយន្តម៉ាក់ហ្វត (Ford) ទៅបុកនឹងម៉ូតូមួយគ្រឿង នៅតាមបណ្ដោយផ្លូវ២០០៤ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់។ នៅពេលកើតហេតុម្ចាស់រថយន្ត បានចុះមកទាញម៉ូតូចេញពីមុខឡាន រួចបើកគេចចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព ដោយមិនខ្វល់ពីជនរងគ្រោះ ឬហៅឡានពេទ្យទៅជួយសង្គ្រោះនោះទេ ទុកឲ្យជនរងគ្រោះដេកស្ដូកស្ដឹងក្រោមដំណក់ទឹកភ្លៀងរហូតដល់ស្លាប់។
ជនរងគ្រោះ ដែលស្លាប់នោះមានឈ្មោះ វង រដ្ឋា អាយុ ៣០ឆ្នាំ ជាកម្មកររោងចក្រ នៅសង្កាត់ចោមចៅ ក្រុងភ្នំពេញ ប៉ុន្តែមានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ភរិយាជនរងគ្រោះ លោកស្រី សិន ថា នៅតែទទូចស្នើសុំឲ្យសមត្ថកិច្ចពន្លឿនការអនុវត្តច្បាប់ ដើម្បីឲ្យលោកស្រី ទទួលបានសំណងសមរម្យសម្រាប់ចិញ្ចឹមកូនតូចចំនួន ២នាក់ និងផ្ដន្ទាទោសជនបង្ក ទៅតាមច្បាប់។ លោកស្រីលើកឡើងថា ការយឺតយ៉ាវរបស់សមត្ថកិច្ច និងតុលាការ ធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់លោកស្រីធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។