នគរបាលរាជធានីភ្នំពេញ ដោះលែងអ្នកផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តសុខភាព រកជំងឺកូវីដ១៩ (Covid 19) តាមអនឡាញ (Online) ចំនួន ៦នាក់ ឲ្យត្រលប់ទៅផ្ទះវិញ អស់ហើយ នៅព្រឹកថ្ងៃទី៣១ មីនា ក្រោយពេលកិច្ចអះអាងថា បានអប់រំ ណែនាំ និងបង្គាប់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយលក់ផលិតខុសច្បាប់បន្តទៀត។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយថា នគរបាលតាមបណ្ដាខណ្ឌនៅរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនក្រុមអ្នកលក់ផលិតផលក្លែងក្លាយ ធ្វើតេស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យ ទី៣០ មីនា គឺភ្លាមៗ ក្រោយមានបទបញ្ជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសតាមសន្និសីទសារព័ត៌មាន។
អ្នកផ្សព្វផ្សាយលក់ផលិតផលទាំង៦នាក់ បានប្រាប់សមត្ថកិច្ចថា ពួកគេ បានយករូបក្នុងប្រព័ន្ធអ៊ីនធឺណិតមកបង្ហោះ ប៉ុន្តែអត់មានផលិតផលលក់ទេ។ ក្នុងនោះ ស្ត្រីផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញម្នាក់ ឈ្មោះ វ៉ា វួចគៀង បានប្រាប់សមត្ថកិច្ចខណ្ឌឫស្សីកែវ ថា គ្រាន់តែជួយផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យពលរដ្ឋខ្មែររស់នៅអាមេរិក ហើយបើមានអ្នកកុម្ម៉ង់ទិញ នឹងផ្ញើសារ (Messenger) ទៅប្រាប់អ្នកលក់នៅសហរដ្ឋអាមេរិក ឲ្យផ្ញើឧបករណ៍មកឲ្យ។ ប៉ុន្តែជាក់ស្ដែងនៅក្នុងដៃ គ្មានឧបករណ៍ធ្វើតេស្តសុខភាពនេះទេ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែម ករណីនេះ ពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានទេ នៅថ្ងៃទី៣១ មីនា។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិម្នាក់ បានសារព័ត៌មានក្នុងស្រុកថា គិតត្រឹមយប់ថ្ងៃទី៣០ មីនា សមត្ថកិច្ចបង្ក្រាបបានករណីលក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ ក្លែងក្លាយ ចំនួន ១៣នាក់ រួមទាំងរកឃើញម៉ាស់ក្លែងក្លាយជិត ម្ភៃម៉ឺន ២០០.០០០) ម៉ាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។