"ការ​ស្នើ​សុំ​កុំ​ឱ្យ​ឡើង​ថ្លៃ​ផ្ទះ​សំណាក់​ពេល​ប្រឡង​បាក់​ឌុប នឹង​គ្មាន​ប្រសិទ្ធភាព​ដូច​រាល់​ឆ្នាំ"

0:00 / 0:00

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​យល់​ថា ការ​ណែនាំ ឬ​ស្នើសុំ​កុំ​ឱ្យ​ឡើង​ថ្លៃ​សណ្ឋាគារ ឬ​ផ្ទះសំណាក់ និង​ថ្លៃ​អាហារ នៅ​កំឡុង​ពេល​សិស្ស​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៩​នេះ នឹង​គ្មាន​ប្រសិទ្ធភាព​ដូច​រាល់ៗ​ឆ្នាំ។ អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អាជ្ញាធរ ផាក​ពិន័យ ឬ​ដកហូត​អាជ្ញាប័ណ្ណ ដល់​ម្ចាស់​អាជីវកម្ម​ផ្ទះសំណាក់​ទាំងអស់ បើ​ហ៊ាន​ឡើងថ្លៃ​ថ្ងៃ​ប្រឡង​បាក់​ឌុប ទើប​ការ​អំពាវនាវ​របស់​អាជ្ញាធរ​មាន​ប្រសិទ្ធភាព។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ហៅ​ការ​អំពាវនាវ​កុំ​ឱ្យ​ឡើងថ្លៃ​ផ្ទះសំណាក់ ដោយ​គ្មាន​វិធានការ​ជាក់លាក់ ជា​ការ​ធ្វើ​ឱ្យ​ល្អមើល ខណៈ​ការ​អំពាវនាវ​បែបនេះ អាជ្ញាធរ​​ធ្វើឡើង​មុន​ពេល​ប្រឡង​បាក់​ឌុប​រាល់​ឆ្នាំ តែ​គ្មាន​ប្រសិទ្ធភាព។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រក​ឃើញ​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ថ្លៃ​ផ្ទះសំណាក់​ឡើងថ្លៃ​រាល់​ឆ្នាំ ក្នុង​ពេល​សិស្ស​ឡើង​មក​ទី​រួម​ខេត្ត ប្រឡង​បាក់​ឌុប ដោយសារ អាជ្ញាធរ​មិន​ហ៊ាន​ផាក​ពិន័យ​ម្ចាស់ផ្ទះ​សំណាក់​ទាំងនោះ។ ម្យ៉ាងទៀត អ្នកស្រី អ៊ុក ឆាយាវី រក​ឃើញ​ថា អាជ្ញាធរ​បាន​ជំរិត​ទារ​លុយ​ថ្លៃ​ការពារ និង​ក្រៅផ្លូវការ ពី​ម្ចាស់​ផ្ទះសំណាក់ ក្នុង​ពេល​សិស្ស​ឡើង​មក​ប្រឡង​បាក់​ឌុប ទើប​ជាហេតុ​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​សំណាក់​ត្រូវ​ឡើងថ្លៃ​ដែរ។ ចំណែក​ការ​ឡើង​ថ្លៃ​អាហារ​ហូបចុក នៅ​កំឡុង​សិស្ស​ឡើង​មក​ប្រឡង​បាក់​ឌុប​វិញ អ្នកស្រី អ៊ុក ឆាយាវី ប្រាប់​ថា ដោយសារ​ថ្លៃ​ទំនិញ ឡើងថ្លៃ​ជា​ប្រព័ន្ធ៖ «អាជ្ញាធរ​ដែនដី គាត់​អំពាវនាវ​តែ​រហូត​អ៊ីចឹង​។ ប៉ុន្តែ​សួរ​ថា អ្វី​ដែល​ពួកគាត់​ធ្វើ​សព្វថ្ងៃ គឺ​គាប​សង្កត់​ទៅលើ​អាជីវករ​តាម​ផ្ទះសំណាក់ ក៏ដូចជា អ្នក​លក់ដូរ​តាម​ភោជនីយដ្ឋាន ក៏ដូចជា​តាម​ផ្ទះ គេ​ហៅថា លក់​តាម​ផ្លូវ។ អ៊ីចឹង​សូម​អាការ​គាបសង្កត់​របស់​ពួក​អាជ្ញាធរ​ដែនដី​ហ្នឹង ក៏​គួរ​កុំ​គាបសង្កត់»។

ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១៩ និង​២០ សីហា។ បេក្ខជន​ប្រឡង​បាក់​ឌុប នៅ​តាម​បណ្ដា​ស្រុក នឹង​ត្រូវ​ឡើង​មក​ប្រឡង​នៅ​តាម​មណ្ឌល​នានា នៅ​ទី​រួម​ខេត្ត ជាហេតុ​ធ្វើ​ឱ្យ មានការ​ដំឡើងថ្លៃ​សណ្ឋាគារ ផ្ទះសំណាក់ និង​ថ្លៃ​អាហារ​ហូបចុក​រាល់​ឆ្នាំ​។

​ទោះ​យ៉ាងណា ក្រសួង​អប់រំ ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​អំពាវនាវ​រាល់​ឆ្នាំ ស្នើកុំ​ឱ្យ​ឡើង​ថ្លៃ​ផ្ទះសំណាក់ សម្រាប់​សិស្ស​ត្រូវ​ឡើង​មក​ប្រឡង​បាក់​ឌុប។ ជាក់ស្ដែង​អាជ្ញាធរ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១៦ សីហា បាន​ប្រជុំ​មន្ត្រី​ទូទាំង​ខេត្ត ដើម្បី​បែងចែក​ការងារ ចូលរួម​សកម្មភាព​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៩​។ អាជ្ញាធរ​ខេត្ត​នេះ បាន​ផ្ដល់​ការងារ​ឱ្យ​អភិបាលក្រុង​កំពត និង​អភិបាល​ស្រុក​ឈូក ដើរ​ណែនាំ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន កុំ​ឱ្យ​ដំឡើងថ្លៃ កំឡុង​ពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១៨ ថ្ងៃ​ទី១៩ និង​ថ្ងៃ​ទី២០ សីហា។

នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងទៀត ដូចជា ខេត្ត​ព្រះសីហនុ កោះកុង កំពង់ធំ ព្រៃវែង ស្វាយរៀង ជាដើម អាជ្ញាធរ​ខេត្ត​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំ​កុំ​ឱ្យ​ឡើងថ្លៃ​ឈ្នួល​បន្ទប់​ផ្ទះសំណាក់ នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប ដូចគ្នា​។ អាជ្ញាធរ​ខេត្ត​ទាំងនោះ មិនបាន​ព្រមាន​ពី​វិធានការ​ផាក​ពិន័យ​លើ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ដែល​ដំឡើងថ្លៃ​ទេ តែ​ពួកគេ បាន​សន្យា​ចេញ​ថ្លៃ​ផ្ទះសំណាក់ ឬ​រក​ទីតាំង​អគារ​រដ្ឋបាល​សាលាខេត្ត វត្ត​អារាម នានា ឱ្យ​បេក្ខជន​ក្រីក្រ​ស្នាក់នៅ ជំនួស​វិញ ក្នុង​ពេល​ប្រឡង​បាក់​ឌុប។អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា មិន​ប្រាប់​ពី​វិធានការ​ផាក​ពិន័យ​បែប​ណា​លើ​ម្ចាស់ផ្ទះ​សំណាក់ ដែល​ឡើងថ្លៃ​ទេ។ តែ​លោក​ថា ក្រសួង​នៅតែ​បន្ត​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​ចូលរួម​ជួយ​សម្រួល​ដល់​ការ​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៩​នេះ។

ទាក់ទង​នឹង​ការ​ប្រឡង​បាក់​ឌុប​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ថា ក្រសួង​បាន​ដឹក​ហឹប​វិញ្ញាសា​ទាំងអស់ ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស ដើម្បី​រក្សាទុក និង​ត្រៀម​សម្រាប់​ការ​ប្រឡង​រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​១៦ សីហា។

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ និង​បំពេញ​វិជ្ជា ឆ្នាំ​២០១៩ មាន​បេក្ខជន​ប្រឡង​ជាង ១​សែន (១១៩.២១៧) នាក់។ មណ្ឌល​ប្រឡង​ទូទាំង​ប្រទេស​មាន​ចំនួន ២០២ មណ្ឌល ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន ​៧៥មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ ១២៧មណ្ឌល​។ មណ្ឌល​ប្រឡង​ចំនួន​មួយ​នៅ​ខេត្ត​កំពត ត្រូវ​បាន​ផ្លាស់ប្ដូរ​ទីតាំង ដោយសារ​រង​ផល​ប៉ះ​ពាល់​​​ធ្ងន់ធ្ងរ​ពី​ជំនន់​ទឹកភ្លៀង។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន នៅ​ថ្ងៃ​ទី១៦ សីហា ក៏​បាន​ចេញ​សារ​ជូនពរ​សិស្ស​ប្រឡង​បាក់​ឌុប និង​ណែនាំ ឱ្យ​បេក្ខជន​ទាំងអស់ កុំ​ប្រើប្រាស់​សំណៅ​ឯកសារ ទូរស័ព្ទ​ដៃ ក្នុង​ពេល​ប្រឡង។ លោក ហង់ ជួនណារ៉ុន និយាយ​ថា ការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ នៅ​រក្សា​គុណភាព​តាម​គោលការណ៍​ដដែល គឺ អ្នកចេះ នឹង​ជាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។