បាតុករ​គាំទ្រ​លោក ម៉ម សូណង់ដូ ប៉ះទង្គិច​ជាមួយ​​កម្លាំង​អាជ្ញាធរ

ដោយ ឡេង ម៉ាលី
2014.03.31
Share on WhatsApp
Share on WhatsApp
បាតុកម្ម សូណង់ដូ ៦១០ សកម្មភាព​ប៉ះទង្គិច​រវាង​កង​កម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ ជា​មួយ​បាតុកម្ម​គាំទ្រ​លោក ម៉ម សូណង់ដូ នៅ​ស្ពាន​នាគ ក្បែរ​វត្ត​ភ្នំ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៤។
RFA/Den Ayuthyea

យ៉ាង​ហោច​ណាស់​មាន​បាតុករ​ចំនួន ២​នាក់​រង​របួស​បែក​ក្បាល និង​ភ្នែក ហើយ ៦​នាក់​របួស​ស្រាល និង​មាន​មនុស្ស ២​នាក់ ត្រូវ​ចាប់​ខ្លួន ដោយសារ​កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បង្ក្រាប​បាតុកម្ម។

ការ​តវ៉ា​របស់​បាតុករ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា គឺ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ហ្វ្រេកង់ ឬ​រលក​ធាតុអាកាស​របស់​វិទ្យុ​សំបុកឃ្មុំ សម្រាប់​បន្ថែម​កម្លាំង​ការ​ផ្សាយ​បន្ត​នៅ​តាម​បណ្ដា​ខេត្ត និង​ហ្វ្រេងកង់​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍ "សំបុក​ឃ្មុំ" មួយ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រើ​កម្លាំង​ចម្រុះ​បង្ក្រាប​ក្រុម​បាតុករ​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ដែល​នាំ​គ្នា​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ផ្ដល់​ហ្វ្រេកង់​ដល់​វិទ្យុ​សំបុកឃ្មុំ សម្រាប់​បង្កើត​ទូរទស្សន៍​ឯករាជ្យ​មួយ។

យ៉ាង​ហោច​ណាស់​មាន​បាតុករ​ចំនួន ២​នាក់​រង​របួស​បែក​ក្បាល និង​ភ្នែក ហើយ ៦​នាក់​របួស​ស្រាល និង​មាន​មនុស្ស ២​នាក់ ត្រូវ​ចាប់​ខ្លួន ដោយសារ​កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បង្ក្រាប​បាតុកម្ម។

ការ​តវ៉ា​របស់​បាតុករ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា គឺ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ហ្វ្រេកង់ ឬ​រលក​ធាតុអាកាស​របស់​វិទ្យុ​សំបុកឃ្មុំ សម្រាប់​បន្ថែម​កម្លាំង​ការ​ផ្សាយ​បន្ត​នៅ​តាម​បណ្ដា​ខេត្ត និង​ហ្វ្រេងកង់​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍ "សំបុក​ឃ្មុំ" មួយ។

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ដែល​ឋិត​នៅ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នោះ ហៅ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ភ្នំពេញ ថា​ជា​ការ​បំបិទ​មាត់​ពលរដ្ឋ និង​ជា​ប្រទេស​មួយ​យក​ច្បាប់​ផ្ដាច់ការ​មក​ធ្វើបាប​ពលរដ្ឋ​របស់​ខ្លួន៖ «បើ​គាត់​បំពាន​លើ​ច្បាប់​ហើយ គាត់​ដោះស្រាយ​ម្ដេច​នឹង​កើត? គាត់​និយាយ​ពី​ច្បាប់​ម្ដេច​កើត? ទាល់​តែ​គាត់​បង្ក្រាប​ប្រជាពលរដ្ឋ​កុំ​ឱ្យ​តវ៉ា​តែ​ម្ដង។ អា​ហ្នឹង​សម្រាប់​ប្រទេស​មួយ ដែល​ប្រើ​អំណាច​ផ្ដាច់​ការ។ ឥឡូវ​ចប់​ប៉ុណ្ណឹង ព្រោះ​ថា អ្វី​ដែល​យើង​ធ្វើ គឺ​ចង់​បង្ហាញ​មតិ​ជាតិ ជា​ពិសេស​អន្តរជាតិ ឱ្យ​គេ​ឃើញ​ថា យើង​មិន​មែន​បង្កើត​ទ័ព​ចង់​ចាញ់​ចង់​ឈ្នះ​ទេ គ្រាន់​តែ​ទាមទារ​សេរីភាព»

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ឱ្យ​ដឹង​ថា កម្លាំង​អាជ្ញាធរ​សន្តិសុខ​រាជធានី​ភ្នំពេញ បង្ក្រាប​បាតុករ​យ៉ាង​ខ្លាំង៖ «នៅ​ក្នុង​ច្បាប់​ប្រសិន​បើ​បាតុកម្ម​ធ្វើ​ឡើង​ដោយ​សន្តិវិធី ទៅ​តាម​ច្បាប់​បាតុកម្ម ទៅ​តាម​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ត្រូវ​តែ​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ រក្សា​សន្តិសុខ និង​សណ្ដាប់​ធ្នាប់ លើក​លែង​តែ​ការ​ធ្វើ​បាតុកម្ម​នោះ​ដោយ​ហិង្សា។ កាល​ណា​បាតុកម្ម​ដោយ​ហិង្សា វា​ក្លាយ​ជា​កុបកម្ម។ អ៊ីចឹង រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ ដើម្បី​កុំ​ឱ្យ​រាលដាល។ ប៉ុន្តែ បើ​បាតុកម្ម កូដកម្ម ឬ​ការ​ជួបជុំ ធ្វើ​ឡើង​​ដោយ​សន្តិវិធី កម្លាំង​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ភារកិច្ច​ការពារ ពីព្រោះ​កម្លាំង​ទាំង​អស់​ហ្នឹង ក៏​គាត់​ផល​មួយ​ចំណែក​អំពី​ពលរដ្ឋ ដែល​បង់​ពន្ធ​ជូន​រដ្ឋ​ផង​ដែរ»

លោក​ឱ្យ​ដឹង​ដែរ​ថា មាន​បាតុករ​មួយ​ចំនួន​ត្រូវ​កម្លាំង​អាជ្ញាធរ​សន្តិសុខ​រាជធានី​ភ្នំពេញ ចាប់​ឃាត់​ខ្លួន​រយៈ​ពេល​ខ្លី។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា ពិត​ជា​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​មែន ក្នុង​ពេល​ធ្វើ​បាតុកម្ម​នោះ៖ «យើង​ឃាត់​ខ្លួន​អប់រំ​ណែនាំ​ពីរ​នាក់។ យើង​អប់រំ​ណែនាំ​គាត់​បន្តិច​ទេ ពីព្រោះ​ដោយសារ​មនុស្ស​ពីរ​បី​នាក់​នោះ មិន​មែន​គាត់​រៀបចំ​ការ​បញ្ចេញ​មតិ​អី​ទេ គឺ​គាត់​ធ្វើ​ការ​ញុះញង់​តែ​ម្ដង។ នៅ​ពេល​រថយន្ត​ដឹក​សណ្ដាប់ធ្នាប់​អី​មក​ គាត់​ថា​ទៅ​យក​សាំង​ដុត​ឡាន​ពួក​អស់​នោះ​ចោល​ឱ្យ​អស់។ វា​ជា​ការ​ញុះញង់។ ទោះ​ជា​នៅ​ប្រទេស​ណា​ក៏​ដោយ ក៏​គេ​មិន​ឱ្យ​មើល​ស្រាល​ទៅ​ដល់​ភ្នាក់ងារ​សមត្ថកិច្ច​អាជ្ញាធរ មន្ត្រី​រាជការ​ដូច្នេះ​ដែរ»

លោក ម៉ម សូណង់ដូ បាន​បន្ត​ការ​ជួប​ជុំ ទោះ​ជា​កាល​ពី​ថ្ងៃ​ទី​២៤ មីនា សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ឱ្យ​លោក​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ទេ។

នៅ​ថ្ងៃ​ដដែល គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោល​ទោស​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បង្ក្រាប​ដោយ​ហិង្សា​លើ​ការ​ជួបជុំ​របស់​ពលរដ្ឋ ដែល​ដឹកនាំ​ដោយ​លោក ម៉ សូណង់ដូ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា។
ការ​ប្រមូល​ផ្ដុំ​គ្នា​បាន​រំសាយ​នៅ​ព្រឹក​ថ្ងៃ​ដដែល បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ និង​បាតុករ រុញច្រាន​គ្នា​ទៅ​មក​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក គា សុគន្ធ អ្នក​និពន្ធ​គំរូ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។