លោក សម រង្ស៊ី លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ដែល​ដាច់​បាយ​ស្នើ​ផ្ទាល់​ទៅ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក

ដោយ ម៉ៅ សុធានី
2021.04.30
លោក សម រង្ស៊ី លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ដែល​ដាច់​បាយ​ស្នើ​ផ្ទាល់​ទៅ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ទិដ្ឋភាព​ពលរដ្ឋ​រស់នៅ​បន្ទប់​ជួល​ក្នុង​តំបន់​បិទ​ខ្ទប់ នា​រាជធានី​ភ្នំពេញ។ រូប​ថ្ងៃ​​ទី៣០ ខែ​មេសា ឆ្នាំ​២០២១។
Photo Provided

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ដាច់​បាយ នៅ​ទីក្រុង​ភ្នំពេញ​ដោយសារ​ការ​បិទ​ខ្ទប់ ផ្ញើ​សារ​អេឡិចត្រូនិក ឬ​អ៊ីម៉េល (Email) សុំ​ជំនួយ​ស្បៀងអាហារ​បន្ទាន់ ពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក របស់​អង្គការ​សហប្រជាជាតិ (World Food Programme)

លោក សម រង្ស៊ី បាន​បង្ហាញ​ពី​គំរូ​សារ​ជា​ភាសា​អង់គ្លេស បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដែល​ពលរដ្ឋ​គួរ​សរសេរ​ផ្ញើ​ទៅ នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) លោក ដេវីដ ប៊ីស ស្ល៊ី (David Beasley) ដោយ​ខ្លឹមសារ ថា យើងខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ក្រីក្រ ដែល​ត្រូវ​រដ្ឋ​អំណាច​បិទ​ខ្ទប់​ក្នុងផ្ទះ ទូទាំង​រាជធានី​ភ្នំពេញ​។ ក្នុង​ការ​បិទ​ខ្ទប់​ដ៏​តឹងរ៉ឹង​បែបនេះ យើង​ខ្ញុំ​មិន​អាច​ទៅ​រក​ចំណីអាហារ​បាន​ទេ​។ យើងខ្ញុំ​មិន​អាច​ចេញទៅ​ក្រៅ​ផ្ទះ មិនអាច​ទៅ​ធ្វើ​ការ​រក​ប្រាក់ចំណូល ដើម្បី​រស់​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​បាន ដូច​អ្វី​ដែល​យើងខ្ញុំ​ធ្លាប់​រស់នៅ​ជា​ធម្មតា ពី​មុន​មក​ទេ។ ឥឡូវ​នេះ យើងខ្ញុំ​ខ្វះ​ចំណីអាហារ​កាន់តែ​ខ្លាំង​ឡើង ស្រែក​ឃ្លាន​រាល់ថ្ងៃ ហើយ​កំពុងតែ​ឈាន​ទៅ​រក​ភាព​ទុរភិក្ស ឬ​ភាព​អត់ឃ្លាន។

សំណើ​របស់​លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែ​មេសា បាន​ចេញ​សាលដីកា​ឱ្យ​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ក្រោយ​ដែល​លោក​បាន​អំពាវនាវ​ជា​សាធារណៈ ឱ្យ​ប្រជាពលរដ្ឋ​ចេញ​តវ៉ា​ឱ្យ​អាជ្ញាធរ​ផ្តល់​ខ្វះ​ស្បៀងអាហារ ដោយសារ​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩។

ជុំវិញ​បញ្ហា​នេះ អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អភិបាល​ក្រុងភ្នំពេញ លោក ឃួង ស្រេង បានទេ កាលពី​យប់​ថ្ងៃទី ២៩ ខែមេសា។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដាច់​ស្បៀងអាហារ​នេះ​ដែរ សហជីព​នៃ​ក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga World) អំពាវនាវ​សុំ​ស្បៀងអាហារ ឬ​ថវិកា​ព​ជួយ​ដល់​បុគ្គលិក​ដែល​កំពុង​ប្រឈម​ការ​ខ្វះខាត ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រាប់​អាស៊ីសេរី កាល​ពី​យប់​មិញ​ថា រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ បុគ្គលិក​ក្រុមហ៊ុន​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​និង​ខ្វះ​ស្បៀងអាហារ ដោយសារតែ​ក្រុមហ៊ុន​បាន​កាត់បន្ថយ​បុគ្គលិក​។ កញ្ញា​បន្ត​ថា រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​និង​អាជ្ញាធរ​ក្រុង ក៏​មិនបាន​ផ្តល់​ជំនួយ​ជា​ស្បៀងអាហារ​ដល់​ពួកគាត់​នៅឡើយ​ដែរ៖ «សហជីព​បាន​ប្រកាស រក​សប្បុរសជន ជួយឧបត្ថម្ភ​តាម​លទ្ធភាព ដូចជា​ស្បៀងអាហារ ថវិកា ឬ​សម្ភារៈ​ក្តី ដើម្បី​យក​មក​ជួយ​សមាជិក​ដែល​ខ្វះខាត​។ ស្ថានភាព​សេដ្ឋកិច្ច​របស់​បុគ្គលិក ណាហ្គា វើល៍ ជាង​៨​ពាន់​នាក់​នេះ​គឺថា ៩០% រង​ផល​ប៉ះពាល់​។ ជាង​មួយ​ឆ្នាំនេះ ពួកគាត់​ធ្វើការ​អត់​បាន​ពេញលេញ​ទេ​...»

កញ្ញា ឈឹម ស៊ីថរ បន្ត​ថា ក្រោយ​ប្រកាស​ស្វែងរក​ជំនួយ​បាន​មួយថ្ងៃ សហជីព​ទទួល​បាន​ថវិកា និង​អង្ករ​ពី​សប្បុរសជន​មួយចំនួន ក្នុង​នោះ​បុគ្គលិក​របស់​ក្រុមហ៊ុន ណាហ្គា ផ្សេង​ទៀត ដែល​មាន​លទ្ធភាព​ក៏បាន​នាំគ្នា​រៃអង្គាស​ប្រាក់ ជួយ​ដល់​បុគ្គលិក​ដែល​កំពុង​ខ្វះខាត នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។