សហគមន៍ជនជាតិដើមភាគតិចរស់នៅខេត្រតនគិរី បារម្ភពីការកើនឡើងយុវជនសេពគ្រឿងញៀនតាមមូលដ្ឋានគ្មានការអនុវត្តច្បាប់រឹងមាំ ខណៈសមត្ថកិច្ចមូលដ្ឋានមិនខ្វល់ខ្វាយរឿងបង្ក្រាបបទល្មើសគ្រឿងញៀននោះទេ បើទោះបីជាអ្នកភូមិបានស្នើនៅចំពោះមុខអាជ្ញាធរក្នុងវេទិកាសារធារណៈជាច្រើនសារក្តី។ អ្នកភូមិថា យុវជនខ្លះធ្វើជាកម្មករ ដើម្បីរកប្រាក់ទិញគ្រឿងញៀនប្រើប្រាស់ប្រចាំថ្ងៃ និងមានកូនចៅអ្នកភូមិខ្លះទៀតបានក្លាយជាអ្នកញៀនថ្នាំ បង្កផលវិបាកច្រើនដល់សហគមន៍។
ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ អំពាវនាវឲ្យក្រសួងមហាផ្ទៃ ជួយទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ដែលកំពុងហូរចូលទៅដល់ស្រទាប់យុវវ័យជនជាតិដើមភាគតិច គួរឲ្យព្រួយបារម្ភ។ ពួកគេសម្គាល់ថា រយៈពេល ២ឆ្នាំចុងក្រោយនេះ យុវជនជនជាតិដើមភាគតិចបានសេពគ្រឿងញៀនកាន់តែច្រើនឡើង ហើយនៅគ្រាដែលពួកគេបានប្រើប្រាស់ប្រែឥរិយាបថកោងកាច និងលួចទ្រព្យសម្បត្តិឪពុកម្តាយដើម្បីទិញគ្រឿងញៀន។
ជនជាតិដើមភាគតិចចារ៉ាយ ឈ្មោះ រចំ ជង ឲ្យដឹងនៅថ្ងៃទី៩ កញ្ញាថា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋាន មានភាពធូរលុងច្រើនក្នុងការអនុវត្តច្បាប់ ចំពោះក្រុមក្មេងទំនើងសេពគ្រឿងញៀន និង អ្នកចែកចាយដោយសារអំពើពុករលួយ។ លោកថា យុវជនប្រើប្រាស់គ្រឿងញៀនខ្លះបង្ហើបថា អ្នកចែកចាយគ្រឿងញៀនមានខ្នងបង្អែកជាមន្ត្រីនគរបាលនៅមូលដ្ឋាន បណ្តាលឲ្យគ្រឿងញៀនហូរចូលច្រើនក្នុងសហគមន៍ បង្កផលលំបាកសព្វបែបយ៉ាង។ លោកបន្តថា សហគមន៍បានផ្តល់ព័ត៌មានជូនសមត្ថកិច្ចប៉ូលិសមូលដ្ឋានជាច្រើនករណី ក៏ប៉ុន្តែក្រុមអ្នកប្រើប្រាស់គ្រឿងញៀនទាំងនោះ មិនទាន់ត្រូវបានអនុវត្តច្បាប់នៅឡើយទេ៖ «ពួកខ្ញុំជាយុវជនបារម្ភដែរ គ្រឿងញៀនហូរដូចដឹកទំនិញ ក្មេងៗ ខ្លះលួចលុយឪពុកម្តាយ និងខ្លះទៀតធ្វើកម្មករ ដើម្បីបានលុយទិញគ្រឿងញៀន។ ប៉ូលិសមិនខ្វល់ខ្វាយរឿងហ្នឹងទេ គឺខ្វល់ខ្វាយតែរឿងឈើទេ » ។
បុរសដដែលបន្ថែមថា អ្នកប្រាស់ប្រាស់គ្រឿងញៀនខ្លះ គឺអ្នកដឹកឈើតាមម៉ូតូនៅពេលយប់ និងមានកម្មករចំណាកស្រុកខ្លះ បាននាំគ្នាលួចជក់គ្រឿងញៀនជាញឹកញាប់នៅតាមចម្ការ។ លោកបារម្ភថា បាតុភាពប្លែកថ្មីៗ នឹងកើតមានកាន់តែច្រើនក្នុងសហគមន៍ រួមមានករណីចោរកម្ម និងអសន្តិសុខសង្គម ប្រសិនបើសមត្ថកិច្ចមិនប្រញាប់បង្ក្រាបនោះទេ៖ «យើងអត់ជឿជាក់លើសមត្ថកិច្ច។ តែប៉ួលិសថា បើចាប់គ្រឿងញៀនខ្លាចប៉ះពាល់ឪពុកម្តាយ និងរង់ចាំច្បាប់ថ្មីមកសិន។ តែឥឡូវវាច្រើនពេកអ្នកប្រើប្រាស់គ្រឿងញៀន » ។
អធិការរងស្រុកអួយ៉ាដាវ លោក ងួយ ដន ធ្លាប់លើកឡើងក្នុងវេទិការសារធារណៈនៅចំពោះមុខសហគមន៍ក្នុងឃុំប៉ាតេថា ប្រសិនបើសមត្ថកិច្ចជំនាញអនុវត្តច្បាប់លើអ្នកប្រើប្រាស់ និងអ្នកចែកចាយគ្រឿងញៀនគ្រប់ជ្រុងជ្រោយនោះ គឺគ្មានគុកសម្រាប់ដាក់នោះទេ។
សហគមន៍ប៉ាន់ប្រមាណថា យុវជនប្រើប្រាស់គ្រឿងញៀន មានអាយុចាប់ពី ១៦ឆ្នាំ ដល់ ២៨ឆ្នាំ ប្រមាណ ៧០ភាគរយ គឺជាអ្នកប្រើប្រាស់គ្រឿងញៀនតាមរយៈអ្នកចែកចាយមកពីក្រៅសហគមន៍ និង ក្នុងសហគមន៍ផង។
ជនជាតិដើមភាគតិចម្នាក់ទៀតរស់នៅភូមិគងធំ ឃុំប៉ាតេ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ថា អ្នកភូមិអស់ភាពជឿជាក់លើសមត្ថកិច្ចនៅមូលដ្ឋាន ដោយសារតែសមត្ថកិច្ចខ្លះយល់ញត្តិឃ្លាតច្បាប់ មិនហ៊ានបង្ក្រាបខ្លាចក្រែងប៉ះពាល់អារម្មណ៍ពលរដ្ឋ។ លោកថា អាណាព្យាបាលខ្លះត្អូញ ពីផលលំបាកច្រើននៅពេលដែលកូនរបស់ខ្លួនញៀនគ្រឿងញៀន បានក្លាយជាក្មេងទំនើង លួចទ្រព្យសម្បត្តិ និងគេចសាលាជាដើម ពួកគាត់ក៏ចង់ឲ្យសមត្ថកិច្ចមានវិធានការច្បាប់ និង អប់រំកែប្រែ កូនចៅរបស់ពួកគេដែរ៖ «បងប្អូនខ្ញុំ និងក្មួយខ្ញុំក៏មានដែរ ក្រុមគ្រួសារជិតផ្ទះខ្ញុំអ្នកប្រើប្រាស់ច្រើនដែរ។ ការអនុវត្តច្បាប់ហ្នឹងមិនតឹងរ៉ឹងទេ ធូរ ណាមួយក្មេងប្រើប្រាស់ដូចជាអនាធិបតេយ្យពេក » ។
អនុប៉ុស្តិ៍នគរបាលឃុំប៉ាតេ លោក រចំ វ៉ច ទទួលស្គាល់ថា ពិតជាមានអ្នកប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋាន តែសមត្ថកិច្ចខំប្រឹងប្រែងបង្ក្រាបបានច្រើនករណីកន្លងទៅ។ លោកថា ទីតាំងអ្នកប្រើប្រាស់គ្រឿងញៀន នៅតំបន់ឆ្ងាយៗ ខ្លះក្នុងព្រៃធំទូលាយ មិនអំណោយផលសម្រាប់សមត្ថកិច្ចចុះបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនបាន។ លោកបន្ថែមថា យន្តការថ្មី ដែលសមត្ថកិច្ចទើបតែអនុវត្ត គឺអញ្ជើញយុវជនទាំងអស់នៅមូលដ្ឋានធ្វើតេសទឹកនោមរកសារធាតុញៀន បើរកឃើញថា មានសារជាតិញៀនមែននោះ សមត្ថកិច្ចនឹងអនុវត្តនីតិវិធី។ លោកថា វិធានការអប់រំតាមសហគមន៍គឺអាជ្ញាធរតែងតែអនុវត្តជាញឹកញាប់ ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿញៀនខុសច្បាប់៖ «ផ្សព្វផ្សាតើ រៀងរាល់ពេលធ្វើវេទិកាក្នុងភូមិ និងការជួបជុំជាមួយមេឃុំ និងប្រាប់មេឃុំ ។ ឥឡូវប៉ុស្តិ៍ហៅកូនគេ ធ្វើតេស្តទឹកនោម ហៅមកមួយភូមិ១ និង ២នាក់សិន ដើម្បីរកមើលសារជាតិញៀន » ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគម អាដហុក (Adhoc) ខេត្តរតនគិរី ឌិន ខន្នី មើលមិនឃើញថា មានមាត្រាណាមួយ ដែលចែងពីការដាក់ទោសទណ្ឌដល់ជនរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងញៀននោះទេ តែលោកទាមទារឲ្យអាជ្ញាធរមានវិធានការអប់រំកែប្រែ និងបញ្ជូនជនរងគ្រោះដោយសារសេពគ្រឿងញៀនគាត់ទៅមន្ទីរអប់រំកែប្រែ។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរជំនាញគួរតែចាត់វិធានការបន្ទាន់ ចំពោះអ្នកចែកចាយគ្រឿងញៀន និងអ្នកជូញដូរ ដើម្បីកុំឲ្យរីករាលដាលកាន់តែធ្ងន់ធ្ងរទៅៗ ជាពិសេសពង្រឹងប្រព័ន្ធការអនុវត្តច្បាប់ និងអប់រំផ្សព្វផ្សាយពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀនឲ្យបានទូលំទូលាយបន្ថែមទៀត៖ «ខ្ញុំយល់ឃើញថា អ្នកប្រើប្រាស់គ្រឿងញៀន ជាជនរងគ្រោះ ខ្ញុំមើលមិនឃើញមានមាត្រាច្បាប់ណាផ្តន្ទាទោសគាត់ទេ អ្នកប្រើប្រាស់ជាអ្នករងគ្រោះទ្វេដង អាជ្ញាធរគួរតែណែនាំ និងបញ្ជូនទៅមន្ទីរកែប្រែ » ។
លោក ឌិន ខន្នី ចាត់ទុកឥទ្ធិពលការហូរចូលគ្រឿងញៀនទៅកាន់សហគមន៍ជនជាតិដើមភាគតិច ជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ និងអសន្តិសុខសង្គម ដែលទាមទារឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងយន្តការអនុវត្តច្បាប់ឲ្យបានរឹងមាំ ខណៈដែលអ្នកភូមិមានការយល់ដឹងនៅមានកម្រិតនៅឡើយ។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានក្នុងឆមាសទី១ ឆ្នាំ ២០១៨ នេះបង្ហាញថា មនុស្សជាង ១ម៉ឺន ៥ពាន់នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លូនទាក់ទិនបទល្មើសគ្រឿងញៀន ចាប់តាំងពីដើមឆ្នាំ ២០១៧ អំឡុងពេលដែរ អាជ្ញាធរបើកប្រតិបត្តិការក្ដៅថ្នាក់ជាតិចុះបង្ក្រាបគ្រឿងញៀន។ ចំនួនអ្នកជាប់ឃុំកើនឡើងយ៉ាងគំហុកនេះធ្វើឲ្យមានភាពចង្អៀតណែននៅក្នងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
