ប៉ូលិសខេត្តសៀមរាបប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី៣ ខែធ្នូ ថា មូលហេតុដែលនាំឱ្យបាក់អគារសាលាឆាន់ ក្នុងវត្តប្រាសាទគោកចក នោះ ដោយសារការធ្វេសប្រហែសរបស់ក្រុមជាងសំណង់។ ស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិខេត្តសៀមរាប លោកឧត្ដមសេនីយ៍ត្រី សំ សុជាតិ ថា ជនរងគ្រោះស្លាប់ និងរបួសមាន សរុបចំនួន ១៦នាក់ ក្នុងនោះ ៣នាក់ស្លាប់ និង ១៣នាក់ផ្សេងទៀតរងរបួស ដោយសារតែបំណែកដំថ្ម ធ្លាក់សង្កត់ពីលើ៖ «បាទសរុប១៦នាក់ អត់មានរកឃើញថ្មីទៀតទេ។ តាមការត្រួតពិនិត្យរបស់សមត្ថភាព គឺមូលហេតុដោយសារជាងធ្វេសប្រហែស និងសាងសង់ខ្វះបច្ចេកទេស សង់មិនបានត្រឹមត្រូវតាមស្តង់ដារ»។
សមត្ថកិច្ច នៅមិនបានចាប់ឃាត់ខ្លួន និងចោទប្រកាន់មេការ ឬជាងសំណង់ណាមួយនៅឡើយទេក្នុងករណីបាក់អគារនេះ។ លោកស្នងការរងរូបនេះបន្តថា ក្រុមអ្នកជួយសង្គ្រោះប្រមាណជាង៧០០នាក់ នៅតែបន្តការរុករកអ្នកដែលបានបាត់ខ្លួននៅក្នុងគំនរបាក់បែកនេះ រហូតមកដល់យប់ថ្ងៃទី ៣ ខែធ្នូ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសផ្តល់ថវិកាប្រមាណ ២០លានរៀល គឺប្រមាណ៥ពាន់ដុល្លារ ដល់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសក្នុងហេតុការណ៍បាក់រលំអគារនេះ។
កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះ អគារកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងវិនិយោគដោយជនជាតិចិន បានបាក់រលំបណ្ដាលឱ្យកម្មករសំណង់ស្លាប់ ២៨នាក់ និងរបួស ២៦នាក់។ លោកហ៊ុន សែន ធ្លាប់ព្រមានថា នឹងមិនមានការលើកលែងនោះទេ ចំពោះការសាងសង់អគារដោយខុសច្បាប់។ ក៏ប៉ុន្តែបញ្ហាអគារសាងសង់គ្មានគុណភាពនៅតែបន្តបាក់រលំជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
