សង្គម​ស៊ីវិល​៖ អាជ្ញាធរ​ខ្វះ​វិធាន​ការ​អនុវត្ត​បទ​បញ្ជា​ហាម​ឃាត់​រថយន្ត​ធុន​ធំ និង​ឡាន​ដឹក​​​ស៊ីម៉ងត៍​ចូល​ក្រុង ក្នុង​ម៉ោង​ហាមឃាត់

0:00 / 0:00

សង្គម​ស៊ីវិល​​អោយដឹងថា បញ្ជារបស់អាជ្ញាធរក្រុងភ្នំពេញ​ហាម​ឃាត់ ​ឡាន​ធុន​ធំ និង​ឡាន​ដឹក​បេតុង​ស៊ីម៉ងត៍ មិន​ឲ្យ​ចូល​ក្រុង​នៅ​ម៉ោង​កក​ស្ទះ​ចរាចរណ៍ ​​គ្មាន​ប្រសិទ្ធិ​ភាពទេ ដោយសារ​តែ​ខ្វះ​វិធាន​ការជាក់​លាក់។ ប៉ុន្តែ ​នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​រាជធានី​ភ្នំពេញ អះអាង​ថា តែង​បាន​​អនុវត្ត​តឹងរ៉ឹង​នូវ​បទ​បញ្ជានេះ។​​

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ទាំង​រដ្ឋបាល​ ទាំង​ស្នង​ការ​រាជធានី មិន​ទាន់​មាន​វិធាន​ការ​គ្រប់​ជ្រុងជ្រោយក្នុង​​ការ​​អនុវត្ត​បទ​បញ្ជា​ហាម​ឡាន​ធំ ចូល​ក្រុង​ក្នុង​ម៉ោង​ហាម​ឃាត់ ឲ្យ​មាន​ប្រសិទ្ធិ​ភាពទេ ដោយសារ​តែ​​ការ​ដាក់​កម្លាំង​ពង្រាយ​អនុវត្ត​បទ​បញ្ជា​នេះ បាន​ត្រឹម​តែ​ក្នុង​ដែន​ដី មួយ​ចំនួន មិន​ទាន់​មាន​ភាព​ទូលាយ៖ « អ៊ីចឹង ការ​លើក​ឡើង​ជា​វិធានការ ឬ​ក៏​ការ​រឹត​បន្តឹង​ខ្លះ វា​គ្រាន់​តែ​ជា​ការ​យក​រួច​ខ្លួន។ គេច​ពី​ការ​រិះគន់ បាទ ! គេច​ពី​ការ​រិះគន់»

ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ពលរដ្ឋ​ជាច្រើន នៅ​តែ​រអ៊ូ​រទាំ ថា ឡាន​ធុន​ធំ ឡាន​ដឹក​បេតុង​ស៊ីម៉ងត៍ នៅ​តែ​អាច​ចេញ​ចូល និង​បញ្ឈរ​បាញ់​ស៊ីម៉ងត៍​​តាម​ដង​ផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ម៉ោង​ហាមឃាត់ ដែល​បង្ក​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​បើក​​បុក​រះ​លើ​ពលរដ្ឋ​ ជា​ញឹកញយ។

ហេតុការណ៍​ជាក់​ស្ដែង គឺ​​កាល​ពី​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃ​ទី​២០ កុម្ភៈ​​ រថយន្ត​ដឹក​បេតុង​ នៃ​ក្រុម​ហ៊ុន​ឯកជន​មួយ​ឈ្មោះ អេស.ស៊ី.ជី ខនគ្រីត (SCG Concrete) បាន​បង្ក​ការ​បុក​រះ​ នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​បឹង​ត្របែក ក្នុង​សង្កាត់​ទន្លេបាសាក់ បង្ក​ឲ្យ​ពលរដ្ឋ​យ៉ាង​តិច​៤​នាក់​រង​របួស និង គ្រូ​បង្រៀន​​នៅ​វិទ្យាល័យ​បឹង​ត្របែក​ម្នាក់​ស្លាប់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ជូន​ដំណឹង​ ឲ្យ​ហាម​​ឃាត់​ការ​ធ្វើ​ចរាចរណ៍​និង​បញ្ឈរ​រថយន្ត​បាញ់​បេតុង ចូល​ក្នុង​រាជធានី​ភ្នំពេញ នៅ​​ពេល​ព្រឹក​ ចាប់​ពី​ម៉ោង​៦ ដល់​ម៉ោង​៩​ព្រឹក និង​នៅ​ពេល​ល្ងាច ​ចាប់​ពី​ម៉ោង​ ​៤​ល្ងាច​ ដល់​ ​៨​យប់ ដើម្បី​​រក្សា​សណ្ដាប់​ធ្នាប់ របៀប​រៀប​រយ​សាធារណៈ និង​កាត់​បន្ថយ​ការ​កកស្ទះ ក្នុង​រាជធានី​ភ្នំពេញ។

​នាយ​រង​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ ​លោក ​សែម ​សុគន្ធា ប្រាប់​អាស៊ីសេរី​ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ថា នគរបាល​ចរាចរណ៍​​តែង​តែ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ខ្ជាប់​​ខ្ជួន​ជា​និច្ច ទាំង​មុន​ពេល ទាំង​ក្រោយ​ពេល​ករណី​បុក​រះ​លើ​ពលរដ្ឋ​ និង​បណ្ដាល​ឲ្យ​គ្រូ​បង្រៀន​ម្នាក់​ស្លាប់នោះ៖ « ការិយាល័យ​ចរាចរណ៍ បាន​ចាត់​វិធានការ​យូរ​ហើយ។ យើង​បាន​អនុវត្ត​យូរ​ហើយ តាំង​ពី​ថ្ងៃ​ទី​០៩ ខែ​មករា។ យើង​បាន​អនុវត្ត​ទាំង​៤​គោលដៅ ទី​១ ផ្លូវ​ហាណូយ ផ្លូវ​៥៩៨ ផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវ​ជាតិ​លេខ​១។ យើង​អនុវត្ត​ហើយ​ហើយ។ ជា​រួម​អ្នក​រិះ​គន់ គាត់​រិះ​គន់​មិន​ដឹង​ថា តើ​អាជ្ញាធរ​យើង កំពុង​តែ​សស្រាក់​សស្រាំ​ប៉ុណ្ណា​ទេ។ តែ​ដោយ​ឡែក​ការ​បញ្ជា​របស់​ស្នងការ​ឯកឧត្ដម​ ស ថេត ក៏​ដូចជា ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ កម្លាំង​ការិយាល័យ​ចរាចរណ៍​​រាជធានី​ភ្នំពេញ​យើង​ បាន​អនុវត្ត​ ខ្ជាប់ខ្ជួន»

បើ​ទោះ​មាន​ការ​អះអាង​បែប​នេះ ក៏​ស្នង​ការ​នគរ​បាល​​រាជធានី​ភ្នំពេញ លោក ស ថេត ​ធ្លាប់​លើក​ឡើង​ថា បទបញ្ជា​ហាម​រថយន្ត​ធុន​ធំ ចូល​រាជធានី​ភ្នំពេញ ក្នុង​ម៉ោង​ហាម​ឃាត់ កន្លង​មក​អនុវត្ត​គ្មាន​ប្រសិទ្ធិ​ភាព​ទេ៖ « ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រី​រាជការ គឺ​គាត់​ជ្រក់​ជ្រេញ​ណាស់។ ចៅហ្វាយ​ក្រុង ឡើង​មក​ប៉ុន្មាន​ហើយ ស្នងការ​ នៅ​តែ​អនុវត្ត​សាប​ដូច​ទឹក​ទន្លេ។ អ៊ីចឹង យើង​លេង​ឲ្យ​ណាណី។ ក៏​ប៉ុន្តែ​យើង​ជួប​បញ្ហា​បន្លិច។ តែ​អា​ហ្នឹង រឿង​របស់​សាលាក្រុង​ទេ។ គេ​ថា ឥឡូវ​សំណង់​ ការ​សាងសង់​អ្វី គេ​ធ្វើ​តែ​ពេលថ្ងៃ។ ត្រឹម​តែ​ម៉ោង​១០​ ម៉ោង​អ្វី​ គេ​បិទ​ហើយ។ កម្មករ​គេ អត់​មាន​ទេ អ៊ីចឹង​ដឹក​ពេល​យប់​ឲ្យ​គេ​ធ្វើ​យ៉ាង​ម្ដេច។ អា​នេះ តាម​កន្លែង​ដែល​គេ​សាងសង់។ គេ​និយាយ​អ៊ីចឹង ប៉ុន្តែ​យើង​អត់​ដឹង​ទេ។ យើង​អនុវត្ត​តែ​តាម​សារាចរ​របស់​សាលា​រាជធានី​ ភ្នំពេញ»

នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ លោក ប៉ែន ឃុន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (Fresh News) ថា ក្រោយ​មាន​​ករណី​ឡាន​ក្រឡុក​ស៊ីម៉ងត៍ ​បុក​រះ កម្លាំង​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​បើក​ប្រតិបត្តិការ​ដូច​ភ្លៀង​រលឹម ក្នុង​​ការ​ចុះ​ចាប់​​​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​ចូល​ក្រុង​ក្នុង​ម៉ោង​ហាមឃាត់ ដោយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ​ចាប់​បាន​១០​គ្រឿង​ នៅ​ខណ្ឌ​ច្បារអំពៅ។

ទីប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​នៃ​គម្រោង​សហភាព​អឺរ៉ុប និង​អាស៊ាន កញ្ញា សាន់ សុជាតា លើក​ឡើង​ថា ជា​ទូទៅ គេ​មិន​អាច​យក​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ទៅ​វាយ​តម្លៃ​ស្ថានភាព​ទាំងអស់​បាន​ទេ។ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​ ចុះ​ទៅ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ លើ​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដូច​​ករណី​ឡាន​ក្រឡុក​ស៊ីម៉ងត៍ បុក​រះ លើ​ពលរដ្ឋ​នៅ​ម្ដុំ​ភ្លើងស្តុប​បឹង​ត្របែក៖ « សម្រាប់​យោបល់​ខ្ញុំ បើ​សិន​ជា​មាន​គ្រោះថ្នាក់ ជា​ពិសេស​ករណី​នេះ គឺ​ករណី​ធ្ងន់ធ្ងរ​ អ៊ីចឹង​គឺ​គួរ​តែ​មាន​ការ​ចុះ​ទៅ​សិក្សា វាយ​តម្លៃ​នៅ​ទីតាំង​នោះ ឲ្យ​ច្បាស់​លាស់ ក្រៅពី​បន្ទោស​នៃ​លក្ខខណ្ឌ​នៃ​ ឡាន»

សង្គម​ស៊ីវិល លោក សន ជ័យ និង​កញ្ញា សាន់ សុជាតា ផ្ដល់​យោបល់​ថា ដើម្បី​ឲ្យ​វិធាន​ការ​​​ហាម​ឃាត់​រថយន្ត​ធុន​ធំ ឡាន​ដឹក​បេតុង​ស៊ីម៉ងត៍ របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​មាន​ប្រសិទ្ធិ​ភាព ត្រូវ​ទាម​ទារ​ឲ្យ​មាន​ការ​ចូលរួម​គោរព​ទាំង​អស់​គ្នា ទាំង​ភាគី​ក្រុមហ៊ុន​ ពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ។ ​លោក សន ជ័យ បន្ថែម​​ថា ភាគី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ជាប់​ពាក់ព័ន្ធ​​​ការ​ទទួល​ខុស​ត្រូវលើ​ករណី​ឡាន​ធំ​បុក​​​រះ លើ​ពលរដ្ឋ​ដែរ ព្រោះ​កន្លងមក ឲ្យ​តែ​កើត​មាន​ករណី​ឡាន​ធំ​​បុក​រះ ភាគច្រើន​ដោយសារ​​បច្ចេកទេស​​​ហ្វ្រាំង​ឡាន ជាហេតុ​នាំ​ឲ្យ​មាន​ការ​សង្ស័យ​លើ​ការ​ ត្រួត​ពិនិត្យ​បច្ចេកទេស ឬ​ហៅ​ថា ឆៀក (Check) ឡាន មិន​ត្រឹម​ត្រូវ​តាម​ស្តង់ដារ ឬ​មាន​អំពើ​ពុក​រលួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។