អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមយុទ្ធនាការបំលាស់ទីជនជាតិវៀតណាម រស់នៅលើផ្ទៃទឹកលើទន្លេសាប ឲ្យមករស់លើដីគោកវិញ។ ក្រុមអ្នកឃ្លាំមើលសាទរយុទ្ធនាការនេះ ប៉ុន្ដែ ទាមទារឲ្យអាជ្ញាធរផ្ដល់សិទ្ធិ ឲ្យតែជនជាតិវៀតណាម ដែលទទួលបានសញ្ជាត្តិខ្មែរស្របច្បាប់ ហើយត្រូវចាប់បញ្ជូនជនជាតិវៀតណាម ដែលមិនទាន់ទទួលបានសញ្ជាត្តិខ្មែរស្របច្បាប់ ត្រលប់ទៅប្រទេសវៀតណាមវិញ។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មិនជំទាស់ នឹងការរៀបចំរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ជុំវិញយុទ្ធនាការផ្លាស់ទីជនជាតិវៀតណាម ឡើងគោកទេ។ ប៉ុន្ដែ សង្គមស៊ីវិលរូបនេះ ទាមទារឲ្យអាជ្ញាធរអនុវត្តច្បាប់អន្ដោប្រវេសន៍ លើជនជាតិវៀតណាមទាំងនោះ គឺត្រូវផ្ដល់សិទ្ធិឲ្យរស់នៅតែជនជាតិវៀតណាមណា ដែលទទួលបានសញ្ជាតិខ្មែរ ដោយស្របច្បាប់បានហើយ ចំណែកជនជាតិវៀតណាម ឬជនអន្ដោប្រវេសន៍ខុសច្បាប់ ត្រូវតែបញ្ជូនទៅប្រទេសពួកគេវិញ៖ «
សារព័ត៌មានគាំទ្ររបបក្រុងភ្នំពេញ ហ្វ្រេសញូវ ស្រង់សំដីអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ចុះផ្សាយ នៅព្រឹកថ្ងៃទី១ តុលាថា ដល់វេលាដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចាប់ផ្ដើមផ្លាស់ទីជនជាតិវៀតណាម ចំនួន ២ពាន់ ៣រយ ៩៧ (២.៣៩៧)គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹក នៅតាមដងទន្លេសាប នៅទូទាំងខេត្តកំពង់ឆ្នាំង ឲ្យមកនៅលើគោកវិញ។ លោក ឈួរ ច័ន្ទឌឿន បន្ដថា កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗ ទៀត។
អភិបាលខេត្តរូបនេះ បន្ដទៀតថា កន្លងទៅនៅពេលអាជ្ញាធរខេត្តចេញសេចក្ដីជូនដំណឹង និងនៅពេលអនុវត្តការងារនេះ មានការតវ៉ាពីក្រុមជនជាតិវៀតណាម ប៉ុន្ដែអាជ្ញាធរបានប្រើប្រាស់វិធានការរដ្ឋបាលយ៉ាងតឹងរឹងបំផុត ដើម្បីបន្ដអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។ សម្រាប់ទីតាំងលើដីគោក ដែលនឹងផ្លាស់ឲ្យជនជាតិវៀតណាមទៅរស់នៅ អភិបាលខេត្តរូបនេះថា នៅឆ្ងាយពីកន្លែងចាស់ប្រមាណ ១គីឡូម៉ែត្រ ហើយខ្លះទៀត ត្រូវកំណត់ឲ្យទៅរស់នៅឃុំស្វាយជ្រំ ស្រុករលាប្អៀ ដោយមានទំហំដី ៤០ហិចតា ដែលផ្ដល់ដោយសមាគមវៀតណាម សហការពីដៃគូឯកជន ជួលឲ្យពួកគេរស់នៅ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺបន្ថែមពី ជុំវិញករណីជនជាតិវៀតណាមដែលមិនទាន់ទទួលបានសញ្ជាត្តិខ្មែរ ដោយស្របច្បាប់ពីអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងអគ្គនាយកផ្នែកអន្ដោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធិ បានទេ នៅថ្ងៃទី១ តុលា ដោយសារមិនលើកទូរស័ព្ទ។
ប្រធានសមាគមវៀតណាមនៅកម្ពុជា លោក ស៊ឹម ជី មិនទាន់អាចអត្ថាធិប្បាយករណីផ្លាស់ទីរបស់ជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំងថាយ៉ាងណាឡើយ ដោយសារលោកមិនទាន់បានដឹងច្បាស់ពីករណីនេះ និងត្រូវទាក់ទងទៅខាងសមាគមវៀតណាមនៅមូលដ្ឋានសិន៖ «»
កាលពីខែតុលា ឆ្នាំ២០១៥ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានផ្លាស់ទីផ្ទះបណ្ដែតទឹក ជាង ១ពាន់ (១.៤៨៦)ខ្នងរួចហើយ ភាគច្រើនជាផ្ទះរបស់ជនជាតិវៀតណាម នៅភូមិចុងកោះ និងភូមិកណ្ដាល នៃសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចេញឲ្យផុតពីផ្ទៃទឹកនៅតំបន់អភិវឌ្ឍន៍ច្រាំងទន្លេ។ ប៉ុន្ដែ មិនមែនការផ្លាស់ទីឡើងដីគោកទេ គឺផ្លាស់ឲ្យទៅរស់នៅលើផ្ទៃទឹកនៅកន្លែងផ្សេង។ កាលណោះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាថា នឹងផ្លាស់ទីជនជាតិវៀតណាមរស់នៅលើផ្ទៃទឹក ឡើងគោកទាំងអស់មិនឲ្យផុតឆ្នាំ២០១៨ ទេ គឺដើម្បីបញ្ចៀសការបំពុលទឹក និងរៀបចំទីតាំងផ្ទៃបឹងទន្លេសាប ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដោយមានតែផែ និងបែរចិញ្ចឹមត្រីរបស់អ្នកភូមិប៉ុណ្ណោះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគារ សាទរវិធានការរបស់អាជ្ញាធរខេត្ត ដែលចាប់ផ្ដើមផ្លាស់ទីជនជាតិវៀតណាម ពីលើផ្ទៃទឹកនៃទន្លេសាប ឲ្យរស់នៅលើដីគោកវិញ ដើម្បីសោភ័ណ្ឌភាព បរិស្ថាន និងអនាម័យទឹកទន្លេ។ ប៉ុន្ដែសង្គមស៊ីវិលខេត្តនេះ សង្គេតឃើញថា ជនជាតិវៀតណាម ដែលរស់លើផ្ទៃទឹក លើទន្លេសាបទាំងនោះ ភាគច្រើន មិនទាន់ទទួលបានសញ្ជាតិខ្មែរនៅឡើយទេ៖ «»
បន្ថែមពីលើគម្រោងផ្លាស់ទីជនជាតិវៀតណាមចេញពីលើផ្ទៃទឹកទន្លេសាប អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៥ ប្រកាសថា អាជ្ញាធរកំពុងអនុវត្តលើគម្រោងអភិវឌ្ឍន៍សួនច្បារ និងច្រាំងទន្លេ នៅក្រុងកំពង់ឆ្នាំងទៀត ដោយប្រើរយៈពេល ៥ឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៥ តទៅ។ គម្រោងនេះ សំដៅលើកកម្ពស់សណ្ដាប់ធ្នាប់ និងសោភ័ណភាពក្នុងក្រុង ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃពិធីបុណ្យទន្លេ នាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។