មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​ក្រោយ​ពី​ជនជាតិ​ចិន​បង្កើន​សកម្មភាព​ចាប់​ជំរិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ

ដោយ ហេង រស្មី
2020-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​ក្រោយ​ពី​ជនជាតិ​ចិន​បាន​បង្កើន​សកម្មភាព​ចាប់​ជំរិត​ផ្ទួន​ៗ​គ្នា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។ ក្តី​បារម្ភ​នេះ ដោយសារតែ កាល​ពី​ថ្ងៃ​ទី៦ កក្កដា​ កន្លង​ទៅ​នេះ ​កង​រាជ​អាវុធ​ហត្ថ​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន ៦នាក់​ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ចាប់​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូច​គ្នា​មិន​បាន​សម្រេច។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ព្រះសីហនុ​លោក ស្រេង វ៉ាន់លី មាន​ប្រសាសន៍​ថា​ ជនជាតិ​ចិន​រយៈ​ពេល​ជាង​មួយ​ខែ​ជាប់ៗ គ្នា​នេះ​បាន​បង្កើន​សកម្មភាព​ចាប់​ជំរិត​ដែល​បង្ក​អោយ​ប្រជា ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ទី​សាធារណៈ​នានា។

លោក​បញ្ជាក់​ថា ក្នុង​អំឡុង​ឆ្នាំ២០១៨ និង​ឆ្នាំ២០១៩ កន្លង​ទៅ​នេះ មាន​សកម្មភាព​ចាប់​ជំរិត​កើត​មាន​ឡើង​ជាច្រើន​​ករណី​ និង​​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទៀត​ផង។

លោក​បញ្ជាក់​ថា ភាគ​ច្រើន​ជនល្មើស​ និង​ជន​រង​គ្រោះ​សុទ្ធ សឹង​ជា​ជន​ជាតិ​ចិន​ដូច​គ្នា ហើយ​ មូល​ហេតុ​ដែល​នាំ​អោយ​មាន​អំពើ​ចាប់​ជំរិត​កើត​ឡើង​ដោយ​សារ​តែ​ខេត្ត​ព្រះសីហនុ​កន្លង​ទៅ​បាន​អនុញ្ញាត​អោយ​បើក​កាស៊ីណូ​ និង​បនល្បែង​ស៊ីសង​តាម​អនឡាញ​គ្រប់​ប្រភេទ។

លោក​យល់​ថា សព្វ​ថ្ងៃ​នេះ​ប្រជា​ពលរដ្ឋ​នៅ​តែ​រស់​នៅ​ដោយ​មាន​ការ​ភ័យ​ខ្លាច​សុវត្ថិភាព​ខណៈ​សកម្មភាព​ចាប់​ជំរិត​ទារ​ប្រាក់​បាន​ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ​ក្រោយ​ពី​មាន​វត្តមាន​ជនជាតិ​ចិន៖ «ការ​ចាប់​ជំរិត​នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុវត្ថិភាព​ក៏​ដូច​ជា​អសន្តិសុខ​ទៅ​ដល់​សង្គម​ជាតិ​ហើយក៏​មាន​ការ​ភិត​ភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​រស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ក៏​ដូច​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​គាត់​មក​លេង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​ឮ​ថា ចាប់​ជំរិត​ហ្នឹង​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច​មែន​ទែន»

កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា បាន​ជួយ​សង្គ្រោះ​ជនជាតិ​ចិន​ម្នាក់​ក្រោយ​ពី​បាន​ចាប់​ពង្រាត់​ដែល​ធ្វើ​ឡើង​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា ៦នាក់ នៅ​ក្នុង​ទីក្រុង​កំពង់ផែ​នៃ​ខេត្ត​ព្រះ​សីហនុ។

ប្រតិបត្តិការ​រុករក​នេះ​​បាន​ធ្វើ​ឡើង​ដោយមាន​ការ​ចូល​រួម​​ពី​មន្ត្រី​តុលាការ​ខេត្ត​ព្រះ​សីហុន​ និង​កង​រាជ​អាវុធហត្ថ​ប្រមាណ ៣០នាក់ ប្រដាប់​ដោយ​កាំភ្លើង​ស្វ័យ​ប្រវត្តិ។

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ អេង ហ៊ី​ មិន​បាន​បញ្ជាក់​ ព័ត៌មាន​លម្អិត​ដែល​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​នេះ​ទេ។ ចំណែក​ឯ ​ជន​ល្មើស​បាន​ទាម​ទារ​ប្រាប់​ប៉ុន្មាន​ពី​ជន​រង​គ្រោះ​លោក​ក៏​មិន​បាន​បញ្ជាក់​ដែរ។ លោក​និយាយ​ថា សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ​កាល​ពី​ពេល​កន្លង​ទៅ៖ «ពាក់​ព័ន្ធ​ស៊ីជម្រៅ​ចង់​សួរ​ហ្នឹង​ទាល់​តែ​សួរ​តំណាង​អយ្យការ»

ព្រះ​រាជអាជ្ញា​រង​និង​ជា​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ព្រះ​សីហនុ​លោក​ លឹម ប៊ុនហេង មិន​បាន​បញ្ជាក់​លម្អិត​ទេ​ដោយ​លោក​ប្រាប់​អាស៊ី​សេរី​តាម​បណ្ដាញ​សង្គម​ថា​ លោក​នឹង​ផ្ដល់​ព័ត៌មាន​នៅ​ថ្ងៃ​ទី១០ កក្កដា​នេះ។

អ្នក​លក់​ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល​លោក គឹម សុខ មាន​ប្រសាសន៍​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ថយ​ចុះ​ដោយ​សារ​តែ​ដំណឹង​នៃ​សកម្មភាព​ជន​ជាតិ​ចិន​បាន​ចាប់​ជំរិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​ជំរុញ​ដល់​​អាជ្ញាធរ​បង្កើន​​ការ​ការពារ​សន្តិសុខ​ដល់​ប្រជា​ពលរដ្ឋ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្ត​ព្រះ​សីហនុ​ឡើង​វិញ៖ «ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្រុង​កំពុង​សោម ដែល​គាត់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​គឺ​ម្នាក់!​ព្រួយ​បារម្ភ​គឺ​ចិន​មក​ច្រើន​ ហើយ​មាន​ការ​លួច​ឆក់​ប្លន់ ចាប់​ជំរិត​អី​ប្រជាជន​យើង​មាន​ការ​ភិត​ភ័យ​ដែរ​បង»

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​កាល​ពី​ខែ​មិថុនា​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន ៤នាក់​ក្រោយ​ពី​បាន​ចាប់​ជន​រងគ្រោះ​ជនជាតិ​ចិន​ដូច​គ្នា​ម្នាក់​យក​ទៅ​ធ្វើ​ទារុណ​កម្ម​ក្នុង​ព្រៃ​នៅ​ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះ​សីហនុ​ដើម្បី​ជំរិត​ទារ​ប្រាប់​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​ប្រទេស​ចិន​ប្រមាណ ៧ម៉ឺន​ដុល្លារ​មិន​បាន​សម្រេច។

កាល​ពី​ឆ្នាំ២០១៩ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ក៏ បាន​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ចំនួន ១២៧នាក់ ទៅ​កាន់​ប្រទេស​ចិន​វិញ​ក្រោយពី​បាន​​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឹណែត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល