ក្រសួងអប់រំ យុវជននិងកីឡា នឹងប្រកាសលទ្ធផលប្រលងសញ្ញាប័ត្របាក់ឌុប (Bacc-II) ឆ្នាំ២០១៨ នៅថ្ងៃទី៩ សម្រាប់មណ្ឌលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែកនៅមណ្ឌលនៅតាមបណ្ដាខេត្តផ្សេងទៀត និងប្រកាសលទ្ធផលនៅថ្ងៃទី១០ ខែកញ្ញា ។
សេចក្ដីជូនដំណឹងក្រសួងអប់រំដែលចេញកាលពីថ្ងៃទី៦ កញ្ញា ឲ្យដឹងថា ការប្រកាសលទ្ធផលមុនកាលបរិច្ឆេទ ដែលកំណត់យកថ្ងៃទី១១ និងទី១២ ខែកញ្ញា ត្រូវប្ដូរមកថ្ងៃទី៩ និងទី១០ កញ្ញាវិញ ដោយសារដំណើរការកែ ការស្រង់បូកពិន្ទុ នឹងការផ្ទៀងផ្ទាត់តាមប្រព័ន្ធកុំព្យូទ័រ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន និងអនុប្រធានគណៈកម្មការនៃក្រសួងអប់រំ ។
ក្រៅពីការប្រកាសតាមមណ្ឌលនិមួយៗ នៅថ្ងៃទី៩ និងទី១០ ខែកញ្ញា ក្រសួងអប់រំ ក៏នឹងចេញផ្សាយលទ្ធផលសញ្ញាប័ត្រទុតិយភូមិ តាមទំព័រហ្វេសប៊ុករបស់ខ្លួនដែរ។
ការប្រលងបាក់ឌុបឆ្នាំ២០១៨នេះ មានបេក្ខជនចូលរួមប្រឡងចំនួន ១១៥.២៦៨នាក់ ស្រីមាន ៥៨.១៥៨ នាក់ ក្នុងនោះ បេក្ខជនដែលអវត្តមានក្នុងពេលប្រឡង មានចំនួន ១.៨៩៩នាក់ មានស្រី ៧៤៤នាក់។ ក្នុងពេលប្រឡង បេក្ខជនដែលមានបញ្ហាសុខភាព មានចំនួន ៦៤នាក់ ក្នុងនោះ ៥នាក់អាចវិលទៅប្រឡងវិញ។ ចំណែកបេក្ខជនដែលមានកំហុសឆ្គង មាន ៧ករណី ក្នុងនោះ ៥នាក់ យកទូរស័ព្ទចូល និង ២នាក់ទៀតយកឯកសារចូលក្នុងបន្ទប់ប្រឡង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
