គម្រោងសាងសង់អគារនានានៅរាជធានីភ្នំពេញ បានកើនឡើងប្រមាណ ២០% ដែលស្មើនឹងទឹកប្រាក់វិនិយោគជាង ២.៥០០លានដុល្លារអាមេរិក នៅក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៤។ ស្របពេលដែលមានកំណើននេះ ប្រធានក្រុមហ៊ុន និងអ្នកវិភាគអចលនទ្រព្យបានអះអាងថា វិស័យសាងសង់កម្ពុជា នៅមានហានិភ័យខ្ពស់នៅឡើយ ជាពិសេស ការកៀរគរទឹកប្រាក់វិនិយោគពីសាធារណជន។
នៅមុនពេលដំណាច់ឆ្នាំ២០១៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងនៅថ្ងៃទី២៨ ធ្នូ ថា ប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីអភិវឌ្ឍផ្នែកសាងសង់នៅរាជធានីភ្នំពេញ ដែលចាត់ទុកថា សំណង់ជាវិស័យសំខាន់ទីពីរ ដែលបានចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន។
អនុប្រធានផ្នែកអចលនទ្រព្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ម៉ៅ ពៅ មានប្រសាសន៍ថា គម្រោងសាងសង់នៅរាជធានីភ្នំពេញ មានចំនួនជិត ១០០គម្រោង ដែលកំពុងប្រតិបត្តិការ សាងសង់របស់ខ្លួន។
តួលេខនេះបញ្ជាក់ថា វិស័យសំណង់នៅកម្ពុជា បានប្រសើរឡើងវិញ បន្ទាប់ពីជួបវិបត្តិកាលពីឆ្នាំ២០០៨ ដែលបានរងសម្ពាធពីមជ្ឈដ្ឋានខាងក្រៅ។
ទោះបីជាមានការអះអាងបែបនេះ ការវិភាគរបស់ប្រធានក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា យល់ឃើញថា វិស័យសំណង់នៅកម្ពុជា នៅមានហានិភ័យនៅឡើយ ជាពិសេស ប្រតិបត្តិការទិញលក់ អគារស្នាក់ធំៗ និងសំណង់លំនៅឋាន។
នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ 21 Vitrust លោក ច្រឹក សុខនីម មានប្រសាសន៍ថា កំណើននៃទីផ្សារអចលនទ្រព្យមានសញ្ញាល្អ ប៉ុន្តែកំណើននេះ នៅមានហានិភ័យដែលពាក់ព័ន្ធនឹងការទិញលក់គម្រោងដំបូង។ លោកបញ្ជាក់ថា ហានិភ័យទាំងនោះ អាចចាត់ទុកថា ជាការឆបោកនៃប្រតិបត្តិការទិញលក់នៅក្នុងវិស័យអចលនទ្រព្យ ដូចជា បញ្ហានេះលំហូរទុនវិនិយោគដំបូង ការលក់ថ្លៃខ្ពស់ពេកពីតម្លៃសំណង់ពិតប្រាកដ (Speculator) ការលក់បន្តអចលនវត្ថុដោយខ្វះការទទួលខុសត្រូវពីឈ្មួញដែលបណ្ដាលឲ្យមានប្លង់ជាន់គ្នាជាដើម។ លោកបញ្ជាក់ទៀតថា ចំពោះគម្រោងខ្លះគាត់សាងសង់បានតែមួយរយៈ ហើយខ្វះលុយក៏គាត់បញ្ឈប់ការសាងសង់ទៅវិញ។
បន្ថែមលើនេះ អ្នកវិភាគផ្នែកអចលនទ្រព្យ លោក កឹក ណារិន មានប្រសាសន៍ថា ការវិនិយោគសំណង់មានការកើនឡើងនៅឆ្នាំ២០១៤ ប៉ុន្តែការឆរបោកនៅវិស័យអចលនទ្រព្យវិញ ក៏កើតមានដែរ ដែលការឆរបោកនោះកើតឡើងតាមរយៈការទុកចិត្តគ្នាពេករវាងម្ចាស់អចលនវត្ថុ និងក្រុមហ៊ុនវិនិយោគ។ លោកបញ្ជាក់ទៀតថា ប្រជាពលរដ្ឋកម្ពុជា ហាក់មានចំណេះដឹងតិចតួចលើការរួមទុនវិនិយោគលើវិស័យអចលនទ្រព្យជាមួយជនបរទេស។ លោក ណារិន បានអះអាងថា ដើម្បីដោះស្រាយបញ្ហា គឺភាគីរងគ្រោះ លក់អចលនវត្ថុដើម្បីសងបំណុល។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ មិនបានបង្ហាញថា ហានិភ័យក្នុងការវិនិយោគអចលនទ្រព្យកើតតាមរូបភាពបែបណា ឬមានប៉ុន្មានករណីនោះទេ ប៉ុន្តែការរកឃើញថា អ្នកវិភាគអចលនទ្រព្យនៅកម្ពុជា មួយចំនួនអះអាងថា កម្ពុជាធ្លាប់មានសំណុំរឿងឆបោកលើសេវាកម្មអចលនទ្រព្យរវាងអ្នកវិនិយោគជប៉ុន ប្រមាណ ១០០ករណី សមាមាត្រនឹងទឹកប្រាក់ ២០លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
