សង្គម​ស៊ីវិល​ថា​ បញ្ហា​ពុក​រលួយ​បណ្ដាល​ឱ្យ​ការ​ជួសជុល​ផ្លូវ​នៅ​កម្ពុជា​គ្មាន​គុណ​ភាព

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​ពុក​រលួយ​ជា​មូល​ហេតុ​ចម្បង ដែល​ធ្វើ​ឱ្យ​គម្រោង​ជួសជុល​ផ្លូវ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​គ្មាន​គុណភាព។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ត្រូវ​តែ​មាន​ការ​បើក​ចំហ​ឱ្យ​មាន​ការ​ចូល​រួម​ត្រួត​ពិនិត្យ​ទូលំទូលាយ​ពី​ពលរដ្ឋ និង​រដ្ឋាភិបាល ពេល​នោះ​អំពើ​ពុករលួយ​អាច​នឹង​ថយ​ចុះ។ ប៉ុន្តែ​លោក​ថា ​ផ្ទុយ​ទៅ​វិញ​គម្រោង​សាងសង់​សំខាន់ៗ មាន​ការ​លាក់​កំបាំង​ព័ត៌មាន ​ដែល​ជា​ឱកាស​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ ឬ​អ្នក​ម៉ៅការ​គម្រោង​សាងសង់​ឃុបឃិត​គ្នា ដើម្បី​ប្រព្រឹត្តិ​អំពើ​ពុករលួយ៖ «ការ​ឃុបឃិត​គ្នា​ហ្នឹង​ បង្កើត​ជា​រឿង​ចាក់​ស្ដើង​ស៊ី​ក្រាស់​ ហើយ​វា​ជា​ទិស​ដៅ​មួយ​ដែល​វា​បំផ្លាញ​នូវ ថវិកា​ជាតិ​យ៉ាង​ច្រើន​សម្បើម។ អ្វី​ដែល​រដ្ឋាភិបាល​រវល់​ហ្នឹង​ គឺ​រឿង​ដដែលៗ នៅ​មាន​ការ​ចំណាយ​លុយ​ ទៅ​លើ​រឿង​ដដែលៗ។ អ៊ីចឹង​កន្លែង​ណា​ដែល​ត្រូវ​ការ​ការពារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ត្រូវ​ខក​ខាន​ដែរ។ អ៊ីចឹង​បើ​ធ្វើ​ដោយ​សន្សំសំចៃ​ ធ្វើ​ឱ្យ​ប្រសិទ្ធភាព​ទៅ​វា​អាច​នឹង​មាន​ការ​បំពេញ​តម្រូវ​ការ​ហ្នឹង​វា​ច្រើន​ជាង»។

ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ លោក ស៊ុន ចាន់ថុល​ កាល​ពី​ថ្ងៃ​ទី​អង្គារ សម្ដែង​ការ​ខក​ចិត្ត​ពី​គុណភាព​ផ្លូវ​ថ្នល់​នៅ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០២០ កន្លង​ទៅ និង​ទិស​ដៅ​សម្រាប់​ឆ្នាំ២០២១។ លោក​ បាន​ស្ដី​បន្ទោស​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ថា ការ​ស្ថាបនា​ផ្លូវ​កន្លង​មក​គ្មាន​គុណភាព ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​ និង​ខាតបង់​ថវិកា​ជាតិ។

លោក ស៊ុន ចាន់ថុល​ បញ្ជាក់​ថា​ ការ​ជួល​ជុល​ផ្លូវ​​ គ្រាន់​តែ​កំណាត់​ផ្លូវ​ ២០គីឡូ​ម៉ែត្រ​ពី​ខេត្ត​កំពត ទៅ​វាល​រិញ នៅ​ត្រង់​ចំណុច​ត្រពាំង​ល្ពៅ ធ្វើ​មុខ​ខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ។ លោក​បន្ត​ថា ផ្លូវ​នេះ​ត្រូវ​ជួល​ជុល​ឡើង​វិញ ក្រោយ​ពី​បាន​ជួល​ជុល​រួច​បាន​មួយ​អាទិត្យ​ប៉ុណ្ណោះ។ លោក​ថា បញ្ហា​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​នឹង​ប្រទេស​ជាតិ ហើយ​មន្ត្រី​ពាក់​ព័ន្ធ​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​របស់​ខ្លួន​ឡើង​វិញ។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​នៃ​អំពើ​ពុករលួយ​របស់​អង្គការ​តម្លាភាព​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ២០២១ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ២០២០ កន្លង​ទៅ ទទួល​បាន​ពិន្ទុ​២១ លើ​ពិន្ទុ ១០០ ដែល​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ ១៦០ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​ចំនួន​១៨០។

ពិន្ទុ និង​ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​មាន​អំពើ​ពុក​រលួយ​ខ្លាំង​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន និង​មាន​អំពើ​ពុករលួយ​ស្ទើរ​តែ​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ដោយ​ឈរ​នៅ​លំដាប់​លេខ៣ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង និង​ប្រទេស​ប៉ាគីស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។