បណ្ដាញ​យុវជន​ជំរុញ​ឱ្យ​វែកមុខ​ចាប់​ឈ្មួញ​គ្រឿងញៀន​ធំ​នៅ​ក្លឹប​កម្សាន្ត​រ៉ក់​ទៅ​ដាក់ទោស

0:00 / 0:00

បណ្ដាញ​យុវជន​កម្ពុជា ជំរុញ​ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ចាប់​មេខ្លោង​ធំ នៃ​ការ​ជួញដូរ​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ (Rock) យក​ទៅ​ដាក់ទោស ក្រោយពេល​រក​ឃើញ​ថា ក្លឹប​កម្សាន្ត​មួយ​នេះ ជា​ប្រភព​នៃ​ការ​ចែកចាយ​គ្រឿងញៀន និង​ជា​កន្លែង​របស់​យុវជន​ប្រមូល​ផ្ដុំ​គ្នា សេព​គ្រឿងញៀន។

យុវជន​ចង់​ឱ្យ​រដ្ឋាភិបាល​រឹត​បន្តឹង វិធានការ​បង្ក្រាប​គ្រឿង​ញៀន​គ្រប់​ក្លឹប​កម្សាន្ត​ពេល​រាត្រី ព្រោះ​ក្លឹប​កម្សាន្ត ពេល​រាត្រី ជាច្រើន​កន្លែង បាន​ក្លាយ​ជា​ទីតាំង​សម្រាប់​យុវជន​ប្រមូល​ផ្ដុំ​គ្នា សេព​គ្រឿងញៀន មិនមែន​តែ​ករណី​ក្លឹប​កម្សាន្ត​រ៉ក់​មួយ​ទេ។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី គាំទ្រ​យុទ្ធនាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ លើ​ករណី​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់។ ប៉ុន្តែ លោក​ថា បើ​គ្រាន់តែ​បង្ក្រាប​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​ទ្រង់ទ្រាយ​តូច មិន​គ្រប់គ្រាន់​នោះ​ទេ គឺ​ត្រូវ​ចាប់​ឱ្យ​បាន​មេខ្លោង ឬ​ឈ្មួញ​ធំ នៅ​ពីក្រោយ​សកម្មភាព​ចែកចាយ​ថ្នាំញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់៖ «បើ​គ្រាន់តែ​ចាប់​អ្នកប្រើប្រាស់​គ្រឿងញៀន យក​ទៅ​ដាក់​ពន្ធនាគារ យក​ទៅ​អប់រំ ខ្ញុំ​គិត​ថា មិន​អាច​ទប់ស្កាត់​ការ​ចែកចាយ​គ្រឿងញៀន​បានទេ លុះត្រាតែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ»។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២២ ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​បើក​ប្រតិបត្តិការ ចុះ​ចាប់​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ បាន​ជាង​៣០០​នាក់។ ក្រោយ​ធ្វើតេស្ត​ទឹកនោម​រួច ភាគច្រើន សុទ្ធ​តែ​មាន​ផ្ទុក​សារធាតុ​ញៀន​។ សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន មិន​តិច​ជាង ៥០​គីឡូក្រាម​ទេ ក្នុង​នោះ យ៉ាងហោចណាស់ សារធាតុ​ញៀន​ជា​ទឹក ជិត ១០​គីឡូក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន​១២ និង​កាំភ្លើងខ្លី ១​ដើម​។ អ្នក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ភាគច្រើន ជា​ក្មេង​ជំទង់ មាន​ប្រុស​មាន​ស្រី និង​មាន​សិស្សសាលា​ផង​ដែរ។

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ជាច្រើន​ដង ទៅ​ម្ចាស់​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ លោក គិត ធាង ដែល​គេ​ស្គាល់​ថា ជា​បងប្រុស របស់​ឧកញ៉ា គិត ម៉េង នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ តែ​មិន​លើក​ទូរស័ព្ទ។ អាស៊ីសេរី​ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿងញៀន លោក មាស វីរិទ្ធិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នកទទួល។

តែ​ទោះ​យ៉ាងណា លោក មាស វីរិទ្ធិ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ថា សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​ជនសង្ស័យ ព្រោះ​ក្រៅពី​ធ្វើ​សកម្មភាព​សេព​គ្រឿងញៀន អាច​មាន​សកម្មភាព​បទល្មើស​ផ្សេងទៀត​។ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​បិទ​អាជីវកម្ម​របស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​ដែរ។ ចំណែក​ម្ចាស់​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ លោក គិត ធាង ក៏​ធ្លាប់​ធ្វើ​កិច្ចសន្យា ជាមួយ​អាជ្ញាធរមាន​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៨ ថា មិន​អនុញ្ញាត​ឱ្យ​មាន​បទល្មើស​គ្រឿងញៀន និង​សហការ​រាយការណ៍​ទៅ​សមត្ថកិច្ច ក្នុង​ករណី​សង្ស័យ មានការ​ផលិត ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុង​ក្លឹប​កម្សាន្ត​រ៉ក់។

សមាជិក​ក្រុមហ៊ុន​មេធាវី ប៊ីប៊ីស៊ី ឡ ហ្វី​ម (BBC Law Firm) លោក​មេធាវី សួស វណ្ណៈ ពន្យល់​ថា បន្ទាប់ពី​អាជ្ញាធរ​បិទ​គ្រឹះស្ថាន ឬ​ដកហូត​អាជ្ញាប័ណ្ណ​រួច ម្ចាស់​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ត្រូវ​ចាត់ទុកជា​រូបវន្តបុគ្គល​ឯកជន ហើយ​មាន​កាតព្វកិច្ច​ទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ ប្រសិនបើ​សមត្ថកិច្ច​រក​ឃើញ​បទល្មើស​ក្នុង​ក្លឹប​កម្សាន្ត​រ៉ក់។ លោក​មេធាវី​បន្ត​ថា ក្នុង​ករណី​បង្ក្រាប​គ្រឿងញៀន​នេះ ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត​រ៉ក់ ប្រឈម​ការទទួលខុសត្រូវ ផ្នែក​ព្រហ្មទណ្ឌ ២​បទល្មើស គឺ ផ្ដល់​គ្រឹះស្ថាន​សម្រាប់​ចែកចាយ ឬ​ប្រើប្រាស់​គ្រឿងញៀន និង​ការ​បើក​គ្រឹះស្ថាន​សម្រាប់​បម្រើ ឬ​ជួញដូរ ផ្លូវ​ភេទ៖ «ជា​ធម្មតា តែ​វា​មាន​គ្រឿងញៀន ហើយ វា​មាន​លាយឡំ ពាក់ព័ន្ធ​ផ្លូវ​ភេទ​អស់ហ្នឹង​ហើយ​។ វា​មាន​អំពើ​អាស ពេស្យាចារ ផ្លូវ​ភេទ​ហើយ​បាទ»។

លោក​មេធាវី សួស វណ្ណៈ ពន្យល់​ថា ក្នុង​ករណី​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត​រ៉ក់ ធ្លាប់​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ តែ​នៅ​មិន​ប្រព្រឹត្តិ​តាមច្បាប់​នោះ ហៅថា ករណី​មិន​រាងចាល ដូច្នេះ​ត្រូវ​មាន​ស្ថាន​ទម្ងន់​ទោស។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​គ្រឿងញៀន បង្ហាញ​ថា ករណី​គ្រឿងញៀន​នៅ ឆ្នាំ​២០១៨ មាន ៨.០១៨​ករណី មានការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៧ (៨.១៧៣ ករណី​) ជាង​១​រយ (១៦៥) ករណី។ ឯ​ការ​ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ក៏​ថយ​ចុះ ១០% ដែរ​។ តែ​កើន​ឡើង​បរិមាណ​គ្រឿងញៀន ដែល​ចាប់​បាន​ច្រើនជាង​ឆ្នាំ​២០១៧ បី​ដង គឺ​ឆ្នាំ​២០១៧ ចាប់​បាន​គ្រឿងញៀន សរុប​ទម្ងន់ ១៧៣ គីឡូក្រាម ឯ​ឆ្នាំ​២០១៨ ចាប់​បាន​គ្រឿងញៀន សរុប​ទម្ងន់​ជាង ៥​រយ (៥៣៦,៣៦)​គីឡូក្រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។