ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន បន្ត​បង្ហោះ​សារ​ទាម​ទារ​អាជ្ញាធរ​ឱ្យ​ដោះ​លែង​រូប​លោក​

ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន បន្ត​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ជា​ទៀង​ទាត់ ដើម្បី​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​រូប​នេះ​វិញ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) អ្នក​ស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា ខាង​សមាគម​បាន​កំណត់​យក​ថ្ងៃ​សុក្រ​ជា​រៀងរាល់​សប្ដាហ៍ ដើម្បី​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ ទាម​ទារ​រក​យុត្តិធម៌​ជូន​លោក រ៉ុង ឈុន។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ថា គ្រូបង្រៀន និង​ពលរដ្ឋ​មួយ​ចំនួន​ បាន​បង្ហោះ​សារ​ស្ទើរ​រាល់​ថ្ងៃ ព្រោះ​ពួក​គាត់​មាន​ភក្ដីភាព និង​គោរព​ស្រឡាញ់​លោក រ៉ុង ឈុន ដែល​បាន​លះបង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ដើម្បី​ប្រយោជន៍​សង្គម​ជាតិ។

អ្នកស្រី​ អ៊ុក ឆាយ៉ាវី ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​យុទ្ធនាការ​លើ​អនឡាញ​នេះ សមាគម​នឹង​​ធ្វើ​សកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​សា​ជា​ថ្មី​ទៀត ប៉ុន្តែ​អ្នក​ស្រី​ស្នើសុំ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ ដើម្បី​កុំ​ឱ្យ​អាជ្ញាធរ​រារាំង​ ឬ​ត្រៀម​បង្ក្រាប៖ « អ្វី​ដែល​ពួកគាត់​បង្ហោះ គឺ​អត់​មាន​អ្នក​ណា​បង្ខិតបង្ខំ​គាត់​ទេ គឺ​តាម​ឆន្ទៈ​របស់​គាត់។ រួម​ចំណែក​ទាំងអស់​គ្នា ដើម្បី​លើក​ទឹក​ចិត្ត​លោក រ៉ុង ឈុន ដែល​លោក​ខំ​លះបង់​មួយ​ជីវិត​របស់​គាត់​ហើយ ដើម្បី​ប្រទេស​ជាតិ ក៏​ដើម្បី​ការ​រស់​នៅ​របស់​លោក​គ្រូ​អ្នក​គ្រូ ប្រជាពលរដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ដែរ »

លោក រ៉ុង ឈុន ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ចុង​ខែកក្កដា ដោយសារ​ការ​រិះគន់​​បញ្ហា​ព្រំដែន។ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ "ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម" ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់២ ឆ្នាំ។

ផ្ដើម​ចេញ​ពី​ការ​ចាប់​ខ្លួន​សកម្មជន​ដ៏​មាន​ឥទ្ធិពល​រូប​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​​សកម្មជន​ អ្នក​នយោបាយ ​ព្រះសង្ឃ និង​យុវជន​ជា​ច្រើន​នាក់ ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ដោយ​ចោទ​ប្រកាន់​ពួក​គេ​ដូចៗ គ្នា គឺ​ពី​បទ​ញុះញង់។ សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ​ជា​ខ្លាំង និង​ទាម​ទារ​ឱ្យ​របប​នេះ​ដោះលែង​អ្នក​ជាប់​ឃុំ​​ទាំងនោះ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។