ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកានេះ ដើម្បីកាន់ទុក្ខការសោយទិវង្គតរបស់សម្ដេចព្រះរៀម បុប្ផា ទេវី ដែលទ្រង់សុគត នៅមន្ទីរពេទ្យមួយ ក្នុងប្រទេសថៃ កាលពីវេលាម៉ោង ១២:៣០នាទី នាថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩ ។
ហ្វេសប៊ុក Royal du Cambodge បង្ហាញថា សម្ដេចព្រះរៀម បុប្ផា ទេវី ជាព្រះរាជបុត្រីច្បង នៃព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ទ្រង់ប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ។ សម្ដេចព្រះរៀម បុប្ផា ទេវី ជាព្រះរៀមបង្កើត មាតាទីទៃ នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាសព្វថ្ងៃ។
សម្ដេចព្រះរៀម បុប្ផា ទេវី ជាអតីតនាដការី ឬជាសម្ដែងរបាំព្រះរាជទ្រព្យ ដ៏ប៉ិនប្រសប់ និងមានព្រះកិត្តិនាមដ៏ល្បីល្បាញមួយអង្គ នៅក្នុងសង្គមកម្ពុជា និងបានទទួលព្រះគោរមងារថា «ទេពនាថវដ្តីឯក» និងជា «មរតកមនុស្សរស់របស់កម្ពុជា»។ ស្នាព្រះហស្តដ៏សំខាន់ និងមានតម្លៃបំផុត នៃសម្ដេចព្រះរៀម គឺការនាំយកនូវរបាំព្រះរាជទ្រព្យ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការ យូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ គ្រាដែលព្រះអង្គ គង់ជារដ្ឋមន្រ្តីក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ។
សម្ដេចព្រះរៀម បុប្ផា ទេវី ទ្រង់សុគតក្នុងព្រះជន្ម ៧៦ព្រះវស្សា។