សមត្ថកិច្ច​ប្រើ​ពេល​ជាង​ ១០​ម៉ោង ​ដើម្បី​​សង្គ្រោះ​​មនុស្ស​​ម្នាក់​​ដែល​​ជាប់​​ក្នុង​​រូង​ភ្នំ​​នៅ​​បាត់ដំបង

0:00 / 0:00

អាជ្ញាធរ​បាន​ជួយសង្គ្រោះ​បុរស​ម្នាក់​ដោយ​សុវត្ថិភាព​ហើយ​បន្ទាប់ពី​ជាប់​នៅ​ក្នុង​រូងភ្នំហុងទឹក អស់​រយៈពេល៤ ថ្ងៃ ក្នុង​គ្រា​ដែល​ជនរងគ្រោះ​បាន​ចុះទៅ​ចន្លោះ​ប្រហោង​ថ្ម ដើម្បី​រក​អាចម៍​ប្រចៀវ។ ក្រុម​សមត្ថកិច្ច​និយាយ​ថា សុខភាព​ជនរងគ្រោះ​មាន​សភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​បាន​យក​ចេញ​ពី​រូងភ្នំ។

លោក សារ៉េត វិសេដ្ឋ អធិការ​ប៉ូលិស​ស្រុក​ភ្នំព្រឹក ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​០៧ សីហា ថា ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​យក​ជនរងគ្រោះ​ចេញពី​កន្លែង​ជាប់​នៅ​ក្នុង​ប្រឡោះ​ថ្ម ក្នុង​រូងភ្នំ​ហុង​ទឹក​មក​ខាង​ក្រៅ​វិញ​ហើយ ខណៈ​ដែល​ជនរងគ្រោះ​បាន​ជាប់​គាំង​នៅ​ទីនោះ​តាំងពី​ថ្ងៃ​ទី៣ ខែ​សីហា៖ «បាន​ហើយ​រថយន្ត​ពេទ្យ​កំពុង​ដឹក​យក​ទៅ​មន្ទីរពេទ្យ។ អត់​អី​ទេ​គាត់​អាច​និយាយ​កម្រើក​លើក​ដៃ លើកជើង​អី​បាន»។

សមត្ថកិច្ច​និយាយ​ថា ជនរងគ្រោះ​ឈ្មោះ ស៊ឹម បូរ៉ា អាយុ​៣០ ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី៣ ខែ សីហា ក្រោយ​ពី​បាន​ចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​រក​អាចម៍​ប្រចៀវ​យក​មក​ធ្វើ​ជី​ដាក់​ស្រែ។

លោក សារ៉េត វិសេដ្ឋ អធិការ​ប៉ូលិស​ស្រុក​ភ្នំព្រឹក​បញ្ជាក់​ថា ជនរងគ្រោះ​បាន​រអិល​ជើង​ចូល​ក្នុង​ចន្លោះ​ថ្ម ខណៈដែល​លោក​បាន​ព្យាយាម​ចុះ​តាម​រូងភ្នំ​ដើម្បី​ស្វែងរក​អាចម៍​ប្រចៀវ​ដែល​មាន​ទីតាំងនៅ​ភូមិ​ហុងទឹក ឃុំ​បារាំងធ្លាក់ ស្រុក​ភ្នំព្រឹក ដែល​តំបន់​នោះ​ជាទូទៅ​ប្រជាពលរដ្ឋ​នៅ​ក្បែរៗ​នោះ​តែងតែ​ដើរ​រក​អាចម៍​ប្រចៀវ​នៅ​តាម​រូងភ្នំ។

លោក ឃឿន សល់ បងថ្លៃ​ជនរងគ្រោះ​ប្រាប់​អាស៊ីសេរី​ថា លោក ស៊ឹម បូរ៉ា បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ​នេះ ដោយ​ប្រាប់​ភរិយា​ថា ទៅ​រក​អាចម៍​ប្រចៀវ​មក​ធ្វើ​ជី៖ «តាម​ដែល​ដឹង វា​ដើរ​រក​អាចម៍​ប្រចៀវ​ហើយ​ធ្លាក់​ពិល​ទៅ វា​ (​ ជនរងគ្រោះ​ )​ ចេះតែ​តាម​រក​ភ្លើង ពិល​ហ្នឹង​ទៅ វា ( ជនរងគ្រោះ​ )​ ធ្លាក់​ជាប់​ទៅ​នឹង​ភ្លើង​ពិល​ហ្នឹង​បណ្ដោយ»។

អធិការ​ប៉ូលិស​ស្រុក​ភ្នំព្រឹក និយាយ​ថា ក្រុម​ជួយសង្គ្រោះ​ជាច្រើន​នាក់​ដែល​រួម​មាន​ឧទ្ធម្ភាគចក្រ និង​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ ទាន់​ពេល​វេលា​បន្ទាប់​ពី​ចំណាយ​ជាង ១០​ម៉ោង ហើយ​ឥឡូវនេះ​ក្រុម​គ្រូពេទ្យ​បាន​នាំ​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។