ក្រសួងរំពឹងថា នឹងទទួលទេសចរ៥០ម៉ឺននាក់ក្នុងពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត
2019.12.22
ក្រសួងទេសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ ចូលលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត ខ្ទង់៥០ម៉ឺននាក់ នៅឆ្នាំនេះ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅខេត្តកំពត ថា សន្តិសុខ សណ្ដាប់ធ្នាប់ និងការរៀបចំបុណ្យសមុទ្រលើកទី៨ មានសភាពល្អប្រសើរ។
អាជ្ញាធរអះអាងថា បានបញ្ចូលកម្មវិធី២បន្ថែមទៀត ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ គឺ ការរៀបចំវិថីម្ហូបអាហារ និងការដាក់ឱ្យដំណើរការទូររថភ្លើងខ្នាតអន្តរជាតិ ពីខេត្តព្រះសីហនុឆ្លងមកខេត្តកំពត។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ ប្រាប់អាស៊ីសេរី ថា ពិធីបុណ្យសមុទ្រ នឹងមានមនុស្សចូលរួមច្រើន នៅថ្ងៃសៅរ៍ និងអាទិត្យនេះ។ លោកថា ក្រៅពីធ្វើកម្មវិធីនៅមាត់សមុទ្រ ភ្ញៀវទេសចរណ៍ អាចទៅលេងកម្សាន្តនៅ ទីតាំងទេសចរណ៍ទើបបង្កើតថ្មី ជាច្រើនកន្លែងទៀតក្នុងខេត្តកំពត៖ «អំពាវនាវបងប្អូនប្រជាពលរដ្ឋរបស់យើង ចូលរួមរីករាយលេងកម្សាន្តឱ្យបានច្រើនកុះករទៅ ក្នុងរយៈពេល ៣ថ្ងៃហ្នឹង។ ថ្ងៃនេះ ជាថ្ងៃធំហើយ ដែលពិធីប្រកាសបើកក្រោមអធិបតីភាពរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយក៏អត់ទាន់ចប់ដែរ យើងនៅមានថ្ងៃបន្ត នៅថ្ងៃស្អែកមួយថ្ងៃទៀត។ នៅមានពិធីផ្សេងទៀត ថ្ងៃទី៣ បានចប់។ អ៊ីចឹង សូមអញ្ជើញចូលរួម បងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ចូលរួមលេងកម្សាន្តរីករាយទាំងអស់គ្នា»។
ពិធីបុណ្យសមុទ្រ លើកទី៨ នេះ ប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី ២០ ២១ និង២២ ខែធ្នូ នៅជាប់ព្រែក ឬដៃសមុទ្រ ក្នុងក្រុងកំពត ម្ដុំសាលាខេត្ត។ បុណ្យសមុទ្រ ប្រារព្ធឡើង មួយឆ្នាំម្ដង ដោយផ្លាស់វេនគ្នា នៃខេត្តជាប់មាត់សមុទ្រទាំង៤ គឺខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង។ កាលពីឆ្នាំ២០១៨ ពិធីបុណ្យនេះ ប្រារព្ធឡើងនៅខេត្តកោះកុង ហើយក្រសួងទេសចរណ៍ អះអាងថា កាលនោះមាន ភ្ញៀវទេសចរណ៍ ចូលរួម ប្រមាណ ៣៥ម៉ឺននាក់។
កម្មវិធីបុណ្យសមុទ្រឆ្នាំនេះ ប្រារព្ធឡើង ក្រោមប្រធានបទ ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង នឹងមានការតាំងពិព័រណ៍ មហោស្រពម្ហូបអាហារ ភេសជ្ជៈ និងការតាំងបង្ហាញគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបជាងបួនរយ (៤៦១)ស្តង់ ក្នុងនោះ រួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ការរៀបចំវិថីម្ហូបអាហារ (Food Street)។
ក្រៅពីនេះ ក៏មានទស្សនីយភាពសិល្បៈចម្រុះបូរាណសម័យ ដែលសម្ដែងដោយសិល្បករ សិល្ប ការិនី ជាតិ និងអន្តរជាតិ មកពីប្រទេសចិន ថៃ ឥណ្ឌូណេស៊ី ឥណ្ឌា និងវៀតណាម ជាដើម។ រីឯ ការប្រកួតកីឡាវិញ មានកីឡារត់កម្សាន្ត ការប្រណាំងកង់ បាល់ទះលើឆ្នេរខ្សាច់ បោកចំបាប់លើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកលក្ខណៈអន្តរជាតិ ប្រដាល់គុនខ្មែរអន្តរជាតិដណ្ដើមខ្សែក្រវាត់អន្តរជាតិ គុនល្បុក្កតោ ការប្រកួតអុកចត្រង្គ និងកីឡាផ្សងព្រេងលើភ្នំ។
មន្ទីរទេសចរណ៍ខេត្តកំពត បានផ្សព្វផ្សាយបន្ថែមតាមហ្វេសប៊ុក (facebook) ក្រៅពីការដើរលេងកម្សាន្តក្នុងបុណ្យសមុទ្រ ភ្ញៀវទេសចរណ៍អាចបន្តលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ ជាង២០ទីតាំងនៅខេត្តកំពត ដូចជា ឧទ្យានជាតិព្រះមុនីវង្ស ឬ ភ្នំបូកគោ រមណីយដ្ឋានទឹកឈូ សហគមន៍ទេសចរណ៍ត្រពាំងសង្កែ រមណីយដ្ឋានដូងទេរ ឧទ្យានដងព្រែក ភ្នំឈ្ងោក ភ្នំកំពង់ត្រាច ជាដើម។ ដូចរាល់ឆ្នាំដែរ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ជាអ្នកឡើងថ្លែងបើកកម្មវិធីបុណ្យសមុទ្រ នៅយប់ថ្ងៃទី២១ ធ្នូ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកំពត លោក យន់ ផល្លី សង្កេតឃើញថា ការរៀបចំពិធីបុណ្យសមុទ្រ នៅឆ្នាំនេះ មានសភាពល្អប្រសើរ និងមានការចូលរួមពីពលរដ្ឋ ច្រើនគួរសម ទាំងពេលថ្ងៃ និងពេលយប់។ ឯសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រវិញ លោកសង្កេតឃើញថា មានករណី ចោរឆក់ ប៉ុន្មានករណីដែរ កាលពីថ្ងៃទី២០ ធ្នូ តែសមត្ថកិច្ចបង្ក្រាបបាន៕