សមត្ថកិច្ចបញ្ជូនជនសង្ស័យ ជនជាតិចិនចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ សង្ស័យពីបទនាំចូលលុយពីក្រៅប្រទេសយកមកសំអាតនៅកម្ពុជា ចំនួន៣លាន ៥សែន ២ម៉ឺនដុល្លារអាមេរិក។
អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកអន្តោប្រវេសន៍ លោក កែវ វណ្ណថន ប្រាប់អាស៊ីសេរី ថា ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២៧ មេសា ក្រោយពេលសមត្ថកិច្ចសួរនាំនៅស្នងការប៉ូលិសរួចរាល់។
លោកឱ្យដឹងថា នៅមុខសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ ឆ្លើយថា លុយនោះ គឺពួកគេឈ្នះល្បែង តែសមត្ថកិច្ចយល់ថា នោះជាការដោះសារ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្នើសុំកិច្ចសហការជាមួយរដ្ឋាភិបាលចិន ដើម្បីស៊ើបអង្កេតករណីលុយទាំងនោះ។
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិពោធិចិនតុង កាលពីថ្ងៃទី២៣ មេសា ដោយសារ នាំចូលលុយមានប្រភពមិនច្បាស់លាស់ពីទីក្រុងហុងកុង ចូលមកកម្ពុជា។
លោក កែវ វណ្ណថន បញ្ជាក់ថា ក្រៅពីសហការជាមួយរដ្ឋាភិបាលចិន សមត្ថកិច្ចកំពុងស៊ើបអង្កេតអ្នកពាក់ព័ន្ធនៅកម្ពុជាបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
