អាជ្ញាធរខេត្តសៀមរាបថា ចិននឹងផ្តល់ជំនួយការជួសជុលប្រាសាទបេងមាលាខេត្តសៀមរាប
2024.04.27
អាជ្ញាធរខេត្តសៀមរាបឱ្យដឹងថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននឹងផ្តល់ជំនួយជួសជុលប្រាសាទបេងមាលានៅពេលឆាប់ៗនេះ ក្រោយពីចិនបានផ្តល់ជំនួសជួសជុលប្រាសាទចំនួន២រួចរាល់ហើយ ឋិតក្នុងតំបន់អង្គរ ខេត្តសៀមរាប។
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ និងពលរដ្ឋគាំទ្រការផ្តល់ជំនួយនេះដោយចាត់ទុកថា នឹងធ្វើឱ្យប្រាសាទបុរាណខ្មែរឈរមាំបន្តទៀត ជំរុញឱ្យមានការថែរក្សាតំបន់បុរាណឋាន ដើម្បីបង្ហាញស្លាកស្នាមប្រវត្តិសាស្ត្រផ្លូវបុរាណ របស់បុព្វបុរសខ្មែរ។
ក្រុមហ៊ុនឯកជននឹងជួសជុលប្រាសាទបេងមាលា ឬហៅថា ប្រាសាទបឹងមាលា ដែលមានសណ្ឋាននិងទំហំប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តនឹងចាប់ផ្តើមជួសជុលកែលម្អ ក្នុងឆ្នាំ២០២៤ នេះ ដែលជាជំនួសឧបត្ថម្ភពីរដ្ឋាភិបាលចិន។
អាជ្ញាធរថា ចាត់ទុកប្រាសាទនេះ មានប្រជាប្រិយភាពមិនចាញ់នឹងប្រាសាទអង្គរនោះទេ ភ្ជាប់នឹងរាជធានីអង្គរ ឆ្ពោះទៅរាជធានីបុរាណព្រះខ័នកំពង់ស្វាយ ដោយមានបណ្ដាញផ្លូវបុរាណតំណភ្ជាប់ដល់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ នេះបើយើងតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។
រចនាសម្ព័ន្ធផ្លូវបុរាណ ដោយគិតចាប់ពីចំណុចប្រាសាទអង្គរវត្ត ឆ្ពោះទៅទិសខាងកើតឆ្លងកាត់តំបន់ភ្នំបូក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី មានចម្ងាយប្រហែលជាង ៦០គីឡូម៉ែត្រ គេនឹងដល់ប្រាសាទបេងមាលា។
បើគេធ្វើដំណើរទៅដល់ប្រាសាទបេងមាលា មានផ្លូវមួយបត់ឆ្វេង តម្រង់ទៅប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងខេត្តព្រះវិហារ ហើយផ្លូវបុរាណមួយខ្សែទៀត ឆ្ពោះទៅទិសខាងកើត បែកចេញទៅដល់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។
អាជ្ញាធរថា បើទោះបីជាប្រាសាទបេងមាលា នៅឆ្ងាយពីប្រាសាទអង្គរវត្តក្តី ក៏ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន តែងតែចំណាយថវិកា ទៅទស្សនាប្រាសាទនេះ។
បច្ចុប្បន្នប្រាសាទបេងមាលា ឋិតនៅដាច់ដោយឡែក ពោលគឺមិនឋិតក្នុងចង្កោមចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករួមបញ្ចូលជាមួយប្រាសាទអង្គរវត្តក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេ។
អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានថ្លែងជាសាធារណៈ ក្នុងតំបន់ឧទ្យានអង្គរដោយលោក បានអរគុណដល់រដ្ឋាភិបាលចិន ដែលផ្តល់ជំនួសជួសជុលប្រាសាទបុរាណនានា ក្នុងតំបន់អង្គរជាបន្តបន្ទាប់ នឹងគ្រោងជួសជុលប្រាសាទបេងមាលា។
លោក យុន លីនណេ ថ្លែងបែបនេះក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងសិល្បៈក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនសៅលីងរបស់ចិន។
លោក យុន លីនណេ៖ «ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ ២០២៤នេះ កិច្ចសហប្រតិបត្តិការចំណងមេត្រីភាព ត្រូវបានបង្កើតឡើង រវាងខេត្តសៀមរាប និងខេត្តក្រុងចំនួន៣០ នៃសាធារណរដ្ឋប្រជាមានិតចិន»។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ មេសាថា កន្លងទៅចិន បានផ្តល់ជំនួសឧបត្ថម្ភជួសប្រាសាទចំនួន ២ រួមមានប្រាសាទ ចៅសាយទេវតា និងប្រាសាទតាកែវរួចរាល់អស់ហើយ ហើយបច្ចុប្បន្នចិនកំពុងបន្តជួសជុលប្រាសាទខ្លោងទ្វារខាងជើង ជាប់ព្រះបរមរាជវាំងបុរាណ និងប្រាសាទភិមានអាកាសក្នុងតំបន់ឧទ្យានអង្គរ។
លោកថា ប្រសិនបើជួសជុលប្រាសាទបេងមាលារួចរាល់ នឹងបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានពីវិស័យទេសចរណ៍ និងលើកកម្ពស់កេរដំណែលវប្បធម៌ខ្មែរមួយកម្រិតទៀត។
លោក ឡុង កុសល៖ «ការរក្សាបាននូវមរកតដូនតារបស់យើង យើងនឹងអាចបំពេញកាតព្វកិច្ច កូនខ្មែរជំនាន់ក្រោយ ដើម្បីស្នងគុណូបការៈដល់បុព្វបុរសយើង ធ្វើយ៉ាងណា រំលេចឡើងវិញស្នាដៃរបស់លោក។ មិនត្រឹមតែថែរក្សាទេ ធ្វើឱ្យស្នាដៃលេចធ្លោជាថ្មីឡើងវិញ»។
អ្នកជំនាញប្រវត្តិសាស្ត្រពន្យល់ថា ការជួសជុលប្រាសាទបេងមាលា អាចនឹងប្រើពេលចន្លោះពី ២០ ឆ្នាំ ដល់ជាង ៣០ ឆ្នាំ ព្រោះប្រាសាទនេះមានទំហំធំ ប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្ត ហើយបច្ចុប្បន្នថ្មនៃតួប្រាសាទបានធ្លាក់រាយប៉ាយពាសពេញដី ក្លាយជាគំនរថ្មគរលើគ្នា។ រីឯថវិកាចំណាយ ក្នុងការជួសជុលចន្លោះពី ៥០លានដុល្លារ ដល់ ៦០លានដុល្លារអាមេរិក។
មគ្គុទ្ទេសក៍អង្គរ លោក ហៀក សេងហួត ពន្យល់ថា ការជួសជុលប្រាសាទបេងមាលា មានសារៈសំខាន់ណាស់ ក្នុងការបង្ហាញស្លាកស្នាមប្រវត្តិសាស្ត្រ រំលេចរចនាសម្ព័ន្ធតំណភ្ជាប់ផ្លូវកាលពីសម័យបុរាណដែលអាចជួយបង្កើនប្រាក់ចំណូលបន្ថែមទៀតដល់ពលរដ្ឋមូលដ្ឋាន។ លោកថា ប្រាសាទនេះកសាងឡើងដោយថ្មភក់ ងាយនឹងជួសជុលជាងប្រាសាទដែលកសាងពីឥដ្ឋ។
លោក ហៀក សេងហួត៖ «ខ្ញុំគិតថា ប្រាសាទបេងមាលានេះ ជួសជុលឡើងវិញច្បាស់ជាភ្ញៀវទេសចរទៅបានច្រើន ព្រោះដើម្បីជួយលើកកម្ពស់វប្បធម៌ខ្មែរ បងប្អូនខ្មែរយើង ត្រូវចេះប្រវត្តិសាស្ត្របេងមាលា ដើម្បីបណ្ដុះកូនចៅយើងទៅថ្ងៃក្រោយ»។
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរឱ្យដឹងថា ការជួសជុលប្រាសាទបុរាណនានា គួរតែមានសកម្មភាពច្រើនជាងនេះទៀត ព្រោះនៅកម្ពុជាមានប្រាសាទបុរាណជាច្រើនទៀត ដែលអាជ្ញាធរមិនទាន់ជួសជុល អភិរក្ស និងថែរក្សាទីតាំងប្រវត្តិសាស្ត្រទាំងអស់នេះឱ្យល្អនៅឡើយទេ។
ពួកគាត់បារម្ភថា ប្រសិនបើរដ្ឋាភិបាល នៅតែមិនចាប់អារម្មណ៍ថែទាំ និងអភិរក្សតំបន់បុរាណឋានកប់ក្នុងព្រៃ នឹងធ្វើឱ្យបាត់បង់កេរដំណែលវប្បធម៌ដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងស្នាដៃបុព្វបុរសខ្មែរ។
យុវជនម្នាក់ដែលទៅទស្សនាប្រាសាទបេងមាលា លោក ម៉ា ចិត្រា យល់ថា រដ្ឋាភិបាលត្រូវគិតឱ្យបានល្អិតល្អន់ ពីប្រាសាទបុរាណជាច្រើនដែលមិនទាន់ជួសជុលរួមមាន ប្រាសាទព្រះខ័នកំពង់ស្វាយ និងប្រាសាទបន្ទាយឆ្មារជាដើម គួរតែបំផុសចលនាមហាជន ឬអ្នកមានទ្រព្យធនច្រើនរួមគ្នាជួសជុលឡើងវិញ។
ប្រការនេះលោកថា កម្លាំងមហាជនរួមចំណែកយ៉ាងសំខាន់ស្វែងយល់ពីវប្បធម៌ខ្មែរ ជំរុញឱ្យស្រឡាញ់សម្បត្តិវប្បធម៌ជាតិកាន់តែច្រើនឡើង។
លោក ម៉ា ចិត្រា៖ «ជួសជុលប្រាសាទឱ្យល្អឡើងវិញ ខ្ញុំគិតថា ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរបរទេស ហើយវានាំជំនួយសេដ្ឋកិច្ចដល់ពលរដ្ឋមូលដ្ឋានផង និងពន្ធចូលទៅរដ្ឋផងបាទ»។
ប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ទ្មអង្គរវត្ត សង់លើផ្ទៃដីរាបស្មើទំហំ ១៤ហិកតារ ដែលមានកំពែង៣ជាន់។ ប្រាសាទនេះសាងសង់ឡើងដោយព្រះបាទ សូរ្យវរ្ម័នទី២ ឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ដោយមានកសិណទឹក (គូទឹក) ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រ ខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយឬហៅ បឹងមាលា។ ប្រាសាទបឹងមាលាឋិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។