ស្ត្រីជរាម្នាក់រស់នៅខេត្តសៀមរាបបានចាប់អាជីពលក់ផ្លែដូងខ្ចី តាមចិញ្ចើមផ្លូវជាង ២០ឆ្នាំមកហើយ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងដោះបំណុល។ គាត់តស៊ូធាក់កង់ស្ទើរជារៀងរាល់ថ្ងៃមានចម្ងាយជាង ២០គីឡូម៉ែត្រទៅវិញទៅមក ដើម្បីលក់ផ្លែដូងជូនភ្ញៀវទេសចរ ដោយមិនដើរសុំទានគេនោះឡើយ។
នៅអែបខាងផ្លូវស៊ីវត្ថា ក្នុងក្រុងសៀមរាប ក្បែរព្រះរាជដំណាក់ដែលអ្នកទេសចរតែងតែធ្វើដំណើរកម្សាន្តទៅតំបន់អង្គរ គេនឹងប្រទះឃើញស្ត្រីចំណាស់ម្នាក់កំពុងអង្គុយឱបក្បាលជង្គង់ បត់បែនចុះឡើងៗស្ទើរពេញមួយថ្ងៃ ដោយទឹកមុខញញឹមទៅកាន់ភ្ញៀវឱ្យជួយទិញផ្លែដូងខ្ចីរបស់គាត់។
ស្ត្រីវ័យ៧១ឆ្នាំអង្គុយលក់ដូង
កំពុងអង្គុយលក់ផ្លែដូងខ្ចី លោកស្រី ហៀន វុន វ័យ៧១ឆ្នាំ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ កុម្ភៈ:ថា រាល់ថ្ងៃលោកស្រីត្រូវក្រោកពីម៉ោង៣ ជិតភ្លឺ ដើម្បីជិះកង់មកលក់ផ្លែដូងក្នុងក្រុងសៀមរាប។ មូលហេតុដែលលោកស្រីលក់ដូរដូច្នេះ ដោយសារជីវភាពខ្វះខាត និងជំពាក់បំណុលគេ ចំនួន ១ពាន់ ៥រយ (១.៥០០)ដុល្លារ ឬស្មើ៦លានរៀលដែលគាត់បានខ្ចីសម្រាប់ព្យាបាលជំងឺកន្លងមក។
លោកស្រីរៀបរាប់ទាំងមុខស្រពោនថា ក្នុងមួយថ្ងៃ គាត់អាចលក់ផ្លែដូងខ្ចីក្នុងចន្លោះពី២០ផ្លែ ទៅ៣០ផ្លែ ដោយមួយផ្លែ មានតម្លៃតម្លៃ៣ពាន់រៀល (៣.០០០) ដែលអាចរកប្រាក់ចំណូលបានចន្លោះពី៦ម៉ឺនរៀល (៦០.០០០) ទៅ៩ម៉ឺនរៀល (៩០.០០០) ក្នុងមួយថ្ងៃ៖
លោកស្រី ហៀន វុន៖«យើងមករាល់ថ្ងៃយើងសង្ឃឹមថា បានប្រាក់ថ្ងៃនេះក៏បានស្អែកក៏បានខានស្អែកក៏បានម្ចាស់បំណុលគេជឿយើងណា៎។បើយើងនៅតែផ្ទះម៉េចកើតបើគេទាររាល់ថ្ងៃម៉េចសងគេរួច»។
ស្ត្រីរូបនេះ តែងតែធាក់កង់យឺតៗនៅម៉ោង ៣ទៀបភ្លឺ តាមកម្លាំងមនុស្សចាស់ អមដោយភ្លើងពិលបំភ្លឺផ្លូវ មានចម្ងាយជាង១០គីម៉ែត្រពីផ្ទះរបស់គាត់នៅឯស្រុកពួក មកក្រុងសៀមរាប។ គាត់ធាក់កង់ស្ទើរជារៀងរាល់ថ្ងៃ ហាក់ក្លាយជាទម្លាប់ទៅហើយធ្វើឱ្យរាងកាយរបស់គាត់មាំមួន ប្រៀបដូចហាត់ប្រាណដូច្នេះដែរ។
លោកស្រី ហៀន វុន រស់នៅភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាបគាត់ចាប់យកអាជីពលក់ដូងខ្ចីជូនអ្នកទេសចរជាង២០ឆ្នាំផ្លាយមកហើយដោយពេលខ្លះលក់ចល័តនិងពេលខ្លះទៀតអង្គុយមួយកន្លែងតាមចិញ្ចើមផ្លូវអស់ជាច្រើនម៉ោង។
លក់ដូរតាមដងផ្លូវដ៏ចង្អៀត
ទិដ្ឋភាពលក់ដូររបស់ស្ត្រីវ័យចំណាស់រូបនេះមិនដូចអាជីវករលក់នៅលើទីផ្សារទូទៅនោះទេស្ថានភាពតាមដងផ្លូវពេលខ្លះមានរថយន្ត និងម៉ូតូ ចង្អៀតណែនតានតាប់។ ពេលខ្លះទៀតមានផ្សែងឡាននិងម៉ូតូបើកដូចស្រមោចខ្មួលខ្មាញ់នៅចំពោះមុខលោកស្រី។ឯអ្នកដំណើរខ្លះឈប់រថយន្តជួយទិញគាត់ឯអ្នកខ្លះទៀតមិនសូវចាប់អារម្មណ៍នោះទេ។
បើទោះជារាងកាយចាស់ជរាក្ដី ក៏គាត់ប្ដេជ្ញាមិនលើកដៃសុំទានគេនោះឡើយសុខចិត្តអង្គុយហាលថ្ងៃហាលខ្យល់ចាប់យករបរនេះដើម្បីរស់មួយថ្ងៃស៊ីមួយថ្ងៃនិងសងបំណុលគេ។
លោកស្រី ហៀន វុន មានកូនស្រីពីរនាក់ម្នាក់ធ្វើចំណាកស្រុកនៅឯប្រទេសថៃឯម្នាក់ទៀតមានគ្រួសាររស់នៅបែកឆ្ងាយពីលោកស្រីជាង៤០ឆ្នាំមកហើយ។ បច្ចុប្បន្នគាត់កំពុងរស់នៅតែលតោលម្នាក់ឯងក្នុងខ្ទមជរាតូចមួយប្រក់ស័ង្កសីនិងជញ្ជាំងតង់ចាស់ៗ។
មុខរបរលក់ផ្លែដូងជាង២០ឆ្នាំប្លាយកន្លងមកនេះក៏គាត់នៅតែមិនអាចរកប្រាក់បានគ្រប់គ្រាន់ដើម្បីដោះបំណុលគេឱ្យដាច់ស្រឡះនោះឡើយ។
ស្ត្រីវ័យចំណាស់រូបនេះបានប្រៀបធៀបសម័យកាលបច្ចុប្បន្នទៅនឹងសម័យសង្គមរាស្ត្រនិយមនិងសម័យក្រោយរំដោះរបរខ្មែរក្រហមឆ្នាំ១៩៧៩រហូតដល់ទសវត្សរ៍ទី៩០ ដែលលោកស្រីបានឆ្លងកាត់ហាក់ខុសគ្នាដាច់ស្រឡះ។
ថ្វីត្បិតតែសម័យមុនៗ បរិយាកាសសង្គមមិនសូវទំនើបយ៉ាងណាក្តី ក៏ប៉ុន្តែក្នុងខេត្តសៀមរាបដែលជាស្រុកកំណើតរបស់លោកស្រី សម្បូរដោយព្រៃឈើក្រាស់ឃ្មឹកគ្រប់ច្រកល្ហក ផ្តល់ស្បៀងអាហារ និងមានអនុផលព្រៃឈើ ហូបចុកមិនខ្វះឡើយ។
លក់ដូរដើម្បីដោះបំណុល
ឯគ្រួសារគាត់ និងអ្នកភូមិភាគច្រើន មិនដែលធ្វើចំណាកស្រុក និងជំពាក់បំណុលគេ ដូចសម័យបច្ចុប្បន្នឡើយ។
លោកស្រី ហៀន វុន បន្ថែមថា កាលនោះបើទោះបីជាពលរដ្ឋក្រីក្រយ៉ាងណាក្តី ក៏អាចរស់បានយ៉ាងសុខសាន្ត ដោយសារសម្បូរធនធានធម្មជាតិ ត្រីសាច់ សាច់ព្រៃ និងអនុផលព្រៃឈើជាដើម ផ្ទុយពីបច្ចុប្បន្នហិនហោចធនធានធម្មជាតិ។
លោកស្រី ហៀន វុន៖«ចំណាស់ប៉ុណ្ណេះបើឱ្យយាយទៅលើកដៃសុំទានគេទៅមិនរួចទេ សុខចិត្តងាប់ហើយ សុខចិត្តរករបរចេះៗឱ្យបងប្អូនគេស្រណោះអាណិតទៅវិញ តែបើឱ្យទៅសុំទានគេយាយធ្វើមិនបានទេ»។
បើទោះបីជាខេត្តសៀមរាបជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញក្តី បញ្ហាធ្លាក់ចុះភ្ញៀវទេសចរ និងវិបត្តិសេដ្ឋកិច្ច ជំរុញឱ្យស្ត្រីចំណាស់មួយចំនួនបង្ខំចិត្ត ធ្វើការក្នុងវ័យជរា ខ្លះលក់ដូរចល័ត ខ្លះដើរស៊ីឈ្នួលមើលថែកូនចៅឱ្យគេ និង ខ្លះទៀតដើរសុំទាន។ រីឯស្ត្រីវ័យចំណាស់ខ្លះទៀត រស់នៅតាមវត្តអារាម និង អាស្រមរបស់អ្នករក្សាសីលលើភ្នំគូលែន ជាដើម។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី វណ្ណៈ ដើម្បីសុំការបកស្រាយពីកិច្ចគាំពារសង្គមនិងមនុស្សចាស់បាននៅឡើយទេនៅថ្ងៃទី២១ កុម្ភៈ។ រីឯអភិបាលខេត្តសៀមរាប លោក ប្រាក់ សុវណ្ណ ក៏មិនទាន់អាចទាក់ទងនៅថ្ងៃដដែលនេះដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ប័ណ្ណសមធម៌
ជុំវិញរឿងនេះអ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កេតឃើញថាជីវិតរបស់ស្ត្រីរូបនេះរស់នៅគ្មានទីពឹងនោះឡើយអាជ្ញាធរគួរតែពិនិត្យមើលនិងផ្តល់ប័ណ្ណសមធម៌ជូនគាត់។
លោកស្នើឱ្យរដ្ឋាភិបាលបង្កើតមូលនិធិជួយមនុស្សចាស់ជរាគ្មានទីពឹង ដោយឧបត្ថម្ភថវិកាជូនគាត់ជាប្រចាំខែ ដើម្បីសម្រាលការលំបាក។
លោក អ៊ិន គង់ជិត៖«ក្រសួងសង្គមកិច្ចគួរជំរុញឱ្យមានការបង្កើតសមាគមគាំពារមនុស្សចាស់អីអ៊ីចឹងដើម្បីឲ្យសមាគមមានដំណើរការ ពិសេសចាស់ជរាដែលគាត់មានទីពឹង គ្មានលទ្ធភាពរកចំណូលនិងមានជំងឺដង្កាត់ គឺរដ្ឋត្រូវអនុម័តគាំពារមើលថែពួកគាត់»។
របាយការណ៍ស្រាវជ្រាវរបស់ក្រសួងសង្គមកិច្ចផ្សាយកាលឆ្នាំ២០២១ បង្ហាញថា នៅកម្ពុជាមានមនុស្សចាស់ប្រមាណ ៧៣% កំពុងរស់ពឹងផ្អែកលើការជួយឧបត្ថម្ភពីក្រុមគ្រួសារ។ ឯ២៧%ទៀត ពួកគាត់រស់តាមលទ្ធភាពរៀងៗខ្លួនឯង ដោយអ្នកខ្លះដើរសុំទានគេ និងមានជំនួយមនុស្សធម៌ឧបត្ថម្ភខ្លះៗជាដើម។
សង្គមស៊ីវិលអំពាវនាវរដ្ឋាភិបាល និងក្រសួងសង្គមកិច្ច បង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ដែលបាត់បង់លទ្ធភាពរកចំណូលដើម្បីជួយពួកគាត់ផ្នែកមនុស្សធម៌ ដែលជាផ្នែកមួយចូលរួមអភិរក្សប្រពៃណីខ្មែរផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
