អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា ចំនួនជនជាតិចិនសម្រុកចេញ និងសម្រុកចូលខេត្តនេះ តាមប្រលានយន្តហោះកងកេង គឺប្រហាក់ប្រហែលគ្នា មិនពាក់ព័ន្ធនឹងការបិទល្បែងភ្នាល់តាមអ៊ីនអឹណិត (Internet) ឬអនឡាញ (Online) ទេ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីថា ជនជាតិចិន បានសម្រុកចាកចេញយ៉ាងគំហុក កាលពីថ្ងៃទី២៧ និងថ្ងៃទី៣១ ខែសីហាកន្លងទៅ។ លោកថា ចំនួនជនជាតិចិនចាកចេញក្នុងមួយជើងមានប្រហែល ៣ពាន់ (៣.០០០) នាក់។ ក៏ប៉ុន្តែ លោកថា នៅថ្ងៃដែលជនជាតិចិនចាកចេញនោះ ក៏មានជនជាតិចិនផ្សេងទៀត បានចូលមកខេត្តព្រះសីហនុជាង ២ពាន់ (២.០០០) នាក់វិញដែរ។
លោក ឃាង ភារម្យ អះអាងថា ការសម្រុកចេញរបស់ជនជាតិចិន គឺជារឿងធម្មតា ដោយលោកអះអាងមិនជាប់ពាក់ព័ន្ធនឹងការប្រកាសឲ្យបិទហ្គេមអនឡាញទេ។ លោកពន្យល់ថា ជនជាតិចិនទាំងនោះ អ្នកខ្លះដល់ថ្ងៃកំណត់ផុតទិដ្ឋាការការងារ ឯអ្នកខ្លះជាភ្ញៀវទេសចរណ៍ ត្រូវត្រឡប់ទៅវិញ៖ « បើយើងយកកាស៊ីណូអនឡាន ទៅភ្ជាប់នឹងការចេញចូលរបស់អន្តរជាតិ វាមិនទាន់ត្រឹមត្រូវទេ វាមិនទាន់ឡូហ្ស៊ិក នៅឡើយទេ។ ការលើកឡើងរបស់អ្នកវិភាគ អ្នកយល់ឃើញជារឿងរបស់គាត់ តែរដ្ឋបាលខេត្ត គឺយើងគោរពទៅតាមការសម្រេចរបស់រដ្ឋាភិបាល » ។
ការចាកចេញរបស់ជនជាតិចិន ធ្វើឡើងក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ ប្រកាសឈប់ផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមអ៊ីនធឹណិត ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃទី១៨ ខែសីហាតទៅ។ លោក ហ៊ុន សែន យល់ថា ពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ ទាំងនៅក្នុង និងនៅក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី មិនធ្លាប់ឃើញ ជនជាតិចិននៅខេត្តព្រះសីហនុ សម្រុកចាកចេញខ្លាំងបែបនេះទេ។ ប៉ុន្តែអ្នកស្រីថា ពលរដ្ឋរស់នៅក្បែរប្រលានយន្តហោះកេងកងខេត្តព្រះសីហនុ ធ្លាប់ប្រាប់អ្នកស្រីថា ជាធម្មតា ដែលជនជាតិចិន ជិះយន្តហោះចេញចូលច្រើន រាប់រយនាក់ក្នុងមួយថ្ងៃៗ។
អ្នកស្រី ជាប សុធារី យល់ថា ការចាកចេញយ៉ាងគំហុករបស់ជនជាតិចិននេះ ទំនងជាមិនពាក់ព័ន្ធនឹងការប្រកាសបិទភ្នាល់ល្បែងតាមអនឡាញទេ ព្រោះអាជ្ញាធរមិនបានដកហូតអាជ្ញាប័ណ្ណធ្វើអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន ឬអនឡានទេ គឺទុកឲ្យផុតកំណត់អាជ្ញាប័ណ្ណ និងមិនចេញអាជ្ញាប័ណ្ណបន្តឲ្យ។ អ្នកស្រីយល់ថា ការចាកចេញរបស់ជនជាតិចិនទាំងគំហុក អាចដោយសារអាជ្ញាធរផ្អាកការដ្ឋានសំណង់គ្មានគុណភាពច្រើនជាង៖ « មានបណ្ដាញសង្គមភាគច្រើនដែលគេឃើញ ហើយ Share បន្តគ្នាទៅ ហើយទទួលពេលរដ្ឋាភិបាលគាត់ប្រកាសបិទអាហ្នឹងទៅ គេសង្ស័យថា ពួកគាត់ចាកចេញទៅដោយសារតែ រដ្ឋាភិបាលគាត់ប្រកាសឲ្យបិទល្បែងអនឡានហ្នឹងណា។ ការប្រកាសរបស់រដ្ឋាភិបាល មិនមែនបានសេចក្ដីថា ទៅបិទគេឆៅៗ ភ្លាមៗ ឯណា ព្រោះអ្វីគេមានលិខិតអនុញ្ញាតដែរហ្នឹង។ អ៊ីចឹងបើមិនទាន់ផុតកិច្ចសន្យាម្ដេចទៅបិទគេបាន ព្រោះអ្វី យើងបានផ្ដល់ការអនុញ្ញាតឲ្យគេ គ្រាន់តែថា ផ្អាកមិនឲ្យមានកិច្ចសន្យាថ្មី ក្នុងការលេងល្បែងរកស៊ីអាហ្គេមហ្នឹង ហើយកាស៊ីណូធំៗ នៅគគ្រឹកគគ្រេងរាល់ថ្ងៃហ្នឹង » ។
អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ធ្លាក់លើកឡើង កាលពីខែកុម្ភៈថា អ្នកវិនិយោគ និងទេសចរចិនស្នាក់នៅខេត្តព្រះសីហនុ មានប្រមាណជា ៧ម៉ឺននាក់ និងបានផ្ដល់ផលវិជ្ជមានច្រើន ជួយឲ្យខេត្តព្រះសីហនុ បង្កើនកំណើនសេដ្ឋកិច្ចឆាប់រហ័ស តែផ្ដល់ផលអវិជ្ជមានតិចតួចដល់ខេត្តព្រះសីហនុ។ ទោះយ៉ាងណា អំពើហិង្សា ករណីឃាតកម្ម និងបទល្មើសដទៃទៀតប្រព្រឹត្តដោយជនជាតិចិន បានកើតឡើងជាញឹកញាប់នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ ក្រោយពីថ្លែងការពារលំហូរចូលយ៉ាងគំហុកនៃជនជាតិចិននេះបានកន្លះឆ្នាំ លោក យន្ត មីន បានសុំឲ្យរបបក្រុងភ្នំពេញដកលោកចេញពីតំណែង ដោយសារគ្មានសមត្ថភាពគ្រប់គ្រងខេត្តព្រះសីហនុ បន្ទាប់ពីមានហេតុការណ៍សំណង់គ្មានគុណភាពរបស់ក្រុមហ៊ុនចិនរលំបាក់ សង្កត់កម្មករខ្មែរជាង ៥០នាក់ស្លាប់ និងរងរបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។