រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យម្ចាស់សំណង់ជាជនជាតិបរទេស និងខ្មែរ ចំនួន ១៤កន្លែងស្ថិតនៅក្នុងគ្រប់សង្កាត់ក្រុងព្រះសីហនុធ្វើការរុះរើចេញ បន្ទាប់ពីពិនិត្យឃើញថាសំណង់ទាំងនេះ នឹងអាចបាក់បើសិនជាមិនរុះរើ ពីព្រោះគ្មានគុណភាព ហើយម្ចាស់សំណង់មិនបានសុំច្បាប់សាងសង់ឡើយ។
ចំណាត់ការនៃការរុះរើនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២ ខែកញ្ញាកន្លងមកនេះ ដោយមានការចូលរួមពីម្ចាស់សំណង់ទាំង ១៤កន្លែង។ អាជ្ញាធរខេត្តបានប្រាប់ម្ចាស់សំណង់ទាំងនោះឲ្យរុះរើបន្ទាន់បើមិនដូច្នោះទេក្រុមការងារនិងចាត់វិធានការតាមផ្លូវច្បាប់។
អភិបាលខេត្ត លោក គួច ចំរើន បានប្រាប់អាស៊ីសេរី នៅថ្ងៃអង្គារ៍ទី៣ កញ្ញាថា សំណង់ទាំង ១៤នេះមានកម្ពស់ពី ៣ជាន់ ទៅ ៥ជាន់ កំពុងសាងសង់អគារពាណិជ្ជកម្ម និងកាស៊ីណូ គ្រប់គ្រងជនជាតិចិននិងជនជាតិខ្មែរ៖ «ខ្ញុំមិនបានដាក់ឱសានវាទទេ គ្រាន់តែណែនាំឲ្យពួកគាត់គិតគូរ ខិតខំធ្វើការរុះរើឱ្យបានឆាប់ ដើម្បីបញ្ជៀសកុំឲ្យមានគ្រោះថ្នាក់ហានិភ័យ»។
លោកគួចចំរើនបានប្រាប់ថា ក្រុមការងារកំពុងតែត្រួតពិនិត្យសំណង់ផ្សេងៗ ទៀត ហើយអាជ្ញាធររបស់លោក និងបញ្ជាឲ្យម្ចាស់សំណង់ធ្វើការរុះរើចេញ បើសិនអាជ្ញាធររកឃើញថា សំណង់ទាំងនោះគ្មានគុណភាព។ លោកសំណូមពរឲ្យម្ចាស់សំណង់គោរពទៅតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តដោយធ្វើការរុះរើជាបន្ទាន់ បើមិនដូច្នេះទេនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់។
លោក គួច ចំរើន និយាយថា អាជ្ញាធរព្រមទាំងមន្ត្រីជំនាញនឹងជួយសម្រួលការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស រួមទាំងចេញលិខិតអនុញ្ញាតសាងសង់សំណង់ទាំងនោះឡើងវិញ ឲ្យបានឆាប់ជូនម្ចាស់សំណង់បន្ទាប់ពីបានរុះរើហើយ។
កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅនេះអគារកំពុងសាងសង់កំពស់ ៧ជាន់នៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុបានបាក់ស្រុត ហើយបានសម្លាប់មនុស្ស ២៨នាក់ និងមានអ្នករបួសធ្ងន់និងស្រាលចំនួន ២៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។