សមត្ថកិច្ច​ឃាត់​ជន​ជាតិ​ចិន​ ៦​នាក់​ពី​បទ​លួច​ និង​ប្លន់

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន ៦នាក់ ក្នុង​ករណី​ពីរ​ផ្សេង​គ្នា កាល​ពី​ថ្ងៃ​ទី២៦ និង ២៧ ធ្នូ។ ​ការ​ឃាត់​ខ្លួន​នេះ ដោយសារតែ ​ពី​ជន​សង្ស័យ​ទាំង​នេះ​បាន​លួច និង​ប្លន់​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​កណ្ដាល ហើយ​បច្ចុប្បន្ន​នេះ​សមត្ថ​កិច្ច​កំពុង​សាក​សួរ​ ដើម្បី​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស។

នគរបាល ​ខេត្ត​ព្រះ​សីហនុ បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ ៤​ នាក់​​​ ពេល​ពួក​គេ​ធ្វើ​ដំណើរ​ដោយ​រថ​យន្ត​មួយ​គ្រឿង​​​​​បម្រុង​នឹង​ធ្វើ​សកម្មភាព​ប្លន់​ នៅ​យប់​ថ្ងៃ​ទី ​២៧ ​ខែ​ធ្នូ​។

សារ​ព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​របស់​​​ជន​ជាតិ​ចិន​ទាំង ៤នាក់​នេះ ហើយ​បាន​រក​ឃើញ​អាវុធ​ខ្លី​មួយ​ដើម​ កូន​កាំ​បិត​មួយ​ដើម ព្រម​ទាំង​ខ្នោះ​ដៃ​មួយ​គូ​ និង​ម៉ាស់​បិទ​មុខ។

សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​៤​នាក់​នេះ​មក​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​សាក​សួរ​ ប៉ុន្តែ​ជន​សង្ស័យ​មិន​ទាន់​បាន​សារភាព​នៅ​ឡើយ​ទេ។

ចំណែក​ករណី​នៅ​ខេត្ត​កណ្ដាល​វិញ នគរបាល​​​​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ពីរ​នាក់​កាលពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ ពេល​ពួក​គេ​ប៉ុន​ប៉ង​លួច​ម៉ូតូ​របស់​​ស្ត្រី​ខ្មែរ​ម្នាក់​ នៅ​ភូមិ​ព្រែក​រកា ស្រុក​កណ្ដាល​ស្ទឹង។

សមត្ថកិច្ច​បាន​រឹប​អូស​យក​​សម្ភារ:​មួយ​ចំនួន ដែល​ជា​របស់​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ មាន​ម៉ូតូ​មួយ​គ្រឿង ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង​ នាឡិកា​ដៃ​មួយ​គ្រឿង​ ប្រាក់​ចំនួន ២៥០​ដុល្លារ ព្រម​ទាំង​​ភស្តុតាង​មួយ​ចំនួន​ទៀត។

ជន​ជាតិ​ចិន​ទាំង​ពីរ​នាក់​ត្រូវ​បាន​រក្សា​ទុក​នៅ​​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង ដើម្បី​សាក​សួរ។

ដោយសារ​តែ​មាន​ជន​ជាតិ​ចិន​បាន​ប្រព្រឹត្ត​បទ​ល្មើស លើ​ជន​ជាតិ​ចិន​គ្នា​ឯង និង​អ្នក​ក្នុង​ស្រុក​នេះ ហើយ​ទើប កាល​ពី​ខែ​មករា​​កន្លង​ទៅ​នេះ​ កម្ពុជា​ និង​ចិន​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​មួយ (MoU) ដើម្បី​បង្កើត​ការិយាល័យ​សម្របសម្រួល​អនុវត្ត​ច្បាប់ ដើម្បី​​​​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ដែល​បង្ក​អសន្តិសុខ​ ​ហើយ ​​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ជន​ជាតិ​ចិន​ និង​អ្នក​វិនិយោគ​ទុន​ចិន​មួយ​ចំនួន​​នៅ​​​កម្ពុជា។​

ក្នុង​រយ:ពេល​៩​ខែ​ដើម​ឆ្នាំ​នេះ អាជ្ញាធរ​កម្ពុជា ​បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន ៩០៦ នាក់ ទៅ​ប្រទេស​ចិន​វិញ ក្នុង​នោះ​មាន​ស្រី ១៧២​នាក់។ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​ដែរ​ស្ថាន​ទូត​ចិន​នៅ​កម្ពុជា​ ធ្លាប់​បាន​អះអាង​ថា​ ជនជាតិ​ចិន​ចំនួន​ជាង ១.០០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ។

ភាគ​ច្រើន​ជន​ជាតិ​ចិន​ដែល​បាន​ឃាត់​ខ្លួន​ទាំង​នេះ​ មាន​​​ជាប់​ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន និង​មួយ​ចំនួន​​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ល្បែងភ្នាល់​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុសច្បាប់ និង​មួយ​ចំនួន​​ពាក់ព័ន្ធ​នឹង​បទ​​ក្លែងបន្លំ​ឆបោក​តាម​រយៈ​ទូរគមនាគមន៍​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។