ពលករ​ខ្មែរ​នៅ​ថៃ​ប្រឈម​បញ្ហា​ជីវភាព ដោយ​សារ​មិន​បាន​ប្រាក់​សំណង​ក្រោយ​ថៅកែ​ថៃ​បញ្ឈប់​ការងារ

0:00 / 0:00

ពលករ​ខ្មែរ​ជាច្រើន​នាក់​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ជីវភាព​លំបាក ក្រោយពី​ពេល​ថៅកែ​ជនជាតិ​ថៃ​បញ្ឈប់​ពី​ការងារ ដោយ​មិនបាន​ផ្ដល់​ប្រាក់​សំណង ដែល​ធ្វើ​ឱ្យ​ពួកគេ គ្មាន​ការងារ​ធ្វើ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ពលករ​ខ្មែរ​ធ្វើការ​ខុសច្បាប់​តែងតែ​ត្រូវ​បាន​ថៅកែ​ថៃ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ហើយ​គ្មាន​អាជ្ញាធរ​ខ្មែរ​ណា​ដោះស្រាយ ពួកគាត់​នោះ​ទេ។

រោងចក្រ​ដែល​បញ្ឈប់​ពលករ​ទាំង​នោះ ជា​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​ម៉ាស៊ីនត្រជាក់ និង​គ្រឿង​អេឡិចត្រូនិក ដែល​ស្ថិត​នៅ ខេត្ត​រះយ៉ង (Rak Yorng) ។ ការ​បញ្ឈប់​នេះ ធ្វើ​ឱ្យ​ពលករ​ខ្មែរ​ជិត ៧០​នាក់​អត់​ការងារ និង​គ្មាន​ប្រាក់​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ថ្លៃ​បន្ទប់​ជួល​ថ្លៃ​ថែទាំ​សុខភាព និង​មិន​មាន​ប្រាក់​ផ្ញើ​ជូន​គ្រួសារ​នៅ​កម្ពុជា ដើម្បី​សង​ធនាគារ។

ពល​ការី​នី​ខ្មែរ​ធ្វើការ​រោងចក្រ​នៅ​ខេត្ត​រះ​យ៉ង (Rak Yorng) លោកស្រី ស៊ិន ដា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០​មិថុនា ថា​លោកស្រី​ព្រួយបារម្ភ​ពី​ជីវភាព​ខ្វះខាត​ក្នុង​ពេល​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ ។​លោកស្រី បន្ត​ថា ប្រសិនបើ​លោកស្រី នៅតែ​បន្ត​គ្មាន​ការងារ​រយៈពេល​យូរ​ទៅ​មុខ​ទៀត នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​កាន់តែ​ខ្លាំង៖ «ដូច​ថា​យើង​ពលករ​ខុសច្បាប់​អ៊ីចឹង​ទៅ គឺ​គេ​អត់​សូវ​យកចិត្ត​ទុក្ខ​ដាក់​យើង ដល់ពេល​អត់​ការងារ​គឺ​ជំ​រុះ​ចោល​អញ្ចឹង​ទៅ គេ​អត់​ខ្វល់​ហាស់ ! និយាយ​រួម​ទៅ​គេ​អត់​ខ្វល់​ពី​យើង ថា​យើង​ទុក្ខ​លំបាក​ម៉េច​គេ​អត់​ខ្វល់ សំខាន់​គឺ​គេ​អត់​មាន​ការងារ​អោយធ្វើ អោយ​យើង​រក​ការងារ​ធ្វើ​ខ្លួនឯង​ទៅ ” ។

​លោកស្រី ស៊ិន ដា អំពាវនាវ​ដល់​រដ្ឋាភិបាល​ជួយ​ដល់​ពលករ​ខ្មែរ​ខុសច្បាប់ ឱ្យមាន​សិទ្ធិ​ស្របច្បាប់ ដើម្បី​ងាយស្រួល​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ និង​កុំ​ឱ្យ​ក្រុម​មេខ្យល់​ជនជាតិ​ខ្មែរ និង​ថៃ​ចេះតែ​បោកប្រាស់​កម្លាំង​ពលកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​បន្ត​ទៀត។

ចំណែក​ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​រោងចក្រ​នៅ​ខេត្ត​រៈយ៉ង លោក មឿន លួន ថ្លែង​ថា លោក​ជួប​ការ​លំបាក​ខ្លាំង ព្រោះ​មិន​មាន​ការងារ​ធ្វើ​ជិត​២​ខែ​មក​ហើយ​នៅក្នុង​ប្រទេស​ថៃ ក្រោយពី​រោងចក្រ​បញ្ឈប់​លោក​ពី​ការងារ ។ លោក​បន្ត​ថា បញ្ហា​ចំពោះមុខ​ពេលនេះ គឺ​លោក​ត្រូវ​ចំណាយ​ទៅលើ​ការជួល​បន្ទប់ ថ្លៃ​ទឹក ថ្លៃ​ភ្លើង ថ្លៃ​អាហារ​ប្រចាំថ្ងៃ និង​ថ្លៃ​ធនាគារ​នៅ​ស្រុក​ខ្មែរ​ជាដើម៖ «មិនជា​គេ​ដកចេញ​ឬក៏»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ដើម្បី​សុំ​ការអធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២០ មិថុនា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។ ប៉ុន្តែ​កាល​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ អនុព័ន្ធ​ការងារ​តំណាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​សហការ​ជាមួយ​មូលនិធិ​លើក​កម្ពស់​សិទ្ធិ​និង​គុណភាព​ជីវិត​ពលករ (LPN) និង​អង្គការ​សង់ត្រាល់ បាន​ចុះ​សួរសុខទុក្ខ​ពលករ​កម្ពុជា​ជាង ៤០០​នាក់ ហេតុការណ៍​ភ្លើង​ឆេះ​នៅ​រោងចក្រ​ម៉ាស្ទ័រ ហ្វូត​(Master Wood) ដោយមាន​ការ​ខូចខាត​ទាំងស្រុង ដែល​ស្ថិតនៅ​តំបន់​និគម​ផាត់​តា​ណា ខេត្ត​រ៉ាក់យ៉ង កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ ។​

​ជុំវិញ​រឿងនេះ មន្ត្រី​គម្រោង​នៃ​អង្គការ​សង់ត្រាល់ ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ថ្លែង​ថា​លោក​បាន​ចូលរួម​ជាមួយ​អង្គការ (FAR) Foundation for AIDs Rights និង មូលនិធិ​លើកកម្ពស់​សិទ្ធិ និង​គុណភាព​ជីវិត​ពលករ (LPN) សហការ​គ្នា​ចុះទៅ​ដល់​កន្លែង​ពលករ ហើយ​បាន​អប់រំ​ណែនាំ​ពី​សិទ្ធិ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​ពលករ​ទាំងនោះ ។ លោក លឹង សុផុន មើលឃើញ​ថា ក្រុម​ពលករ​ទាំងនោះ​កំពុង​ជួប​ការ​លំបាក​ដោយ​គ្មាន​ប្រាក់​បង់​ថ្លៃ​បន្ទប់​ជួល ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​គ្មាន​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ជាដើម ។ លោក​បន្ត​ថា ពលករ​ពិបាក​ក្នុង​ការ​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង ដោយសារ​ពួកគាត់​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ប្រឈម​នឹង​ការបោកប្រាស់​កម្លាំង​ពលករ​ពី​ក្រុម​មេខ្យល់​នៅ​ប្រទេស​ថៃ៖ «យើង​នឹង​ស្វែងរក​នីតិវិធី​ណា ដែល​ដើម្បី​ឱ្យ​បងប្អូន​ទទួល​បាន​យុត្តិធម៌ ហើយ​មួយវិញទៀត រឿង​ហ្នឹង​វា​សាំញ៉ាំ​ដែរ ទាក់ទង​ទៅ​រឿង​ថៅកែ​សាប់​ (​ អ្នក​នាំ​ពលករ​ )​ ផង ថៅកែ​រោងចក្រ​ផង ហើយ​ណាមួយ​ទៀត​ទាក់ទង​ទៅ​រឿង​មេការ​ខាង​សាប់​ហ្នឹងឯង គេ​យក​ឯកសារ​គាត់​ទៅ​ដើរ​រឿង ធ្វើ​ប័ណ្ណ​ការងារ​ (​ បាត់​ ) ធ្វើ​វីសា​ហ្នឹង ក៏​វា​មិនទាន់​ត្រឹមត្រូវ​តាមច្បាប់​ហាស់ ! មើល​ទៅ​ឃើញ​ថា បើ​សិន​ត្រឹមត្រូវ​តាម​ច្បាប់ គឺ​បងប្អូន​ពលករ​ហ្នឹង​មាន​កាត​រាប់​ប្រកាន់​សង្គម​ (​ ធានា​រាប់​រង​សង្គម​ ) ហ្នឹង​ហើយ»។

លោក លឹង សុផុន បន្ថែម​ថា នៅ​តាម​រោងចក្រ​មួយ​ចំនួន មាន​ភាព​មិន​ប្រក្រតី ពេល​ពលករ​បើក​ប្រាក់​ខែម្តងៗ គឺ​គេ​តែង​កាត់​ប្រាក់​ទៅ​លើ​របប​សង្គម និង​ថ្លៃ​តម្រួត។

កន្លងមក​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ តែង​ជួប​ការ​លំបាក​ជាច្រើន ដោយ​ខ្លះ​គ្រោះថ្នាក់​ចរាចរ និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​មួយចំនួន​ក៏​ត្រូវ​ថៅកែ​ធ្វើបាប និង​ការងារ​មិន​បើកប្រាក់​ឈ្នួល​ជា​ដើម ។ របាយការណ៍​ក្រសួង​ការងារ​ឆ្នាំ​២០២១ បង្ហាញ​ថា ពលករ​កម្ពុជា​ធ្វើ​ការងារ​ស្របច្បាប់​និង​មិន​ស្របច្បាប់​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន ១​លាន​២​សែន​នាក់ ប៉ុន្តែ​អង្គការ​សង់ត្រាល់​បង្ហាញ​ថា ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ប្រមាណ ២​លាន​នាក់ កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។