ឧកញ៉ា​ជាប់​ឈ្មោះ​បំផ្លាញ​បរិស្ថាន​ បរិច្ចាគ​ថវិកា​រាប់​លាន​ដុល្លារ​ឱ្យ​កាកបាទក្រហម

0:00 / 0:00

ឧកញ៉ា និងមន្ត្រី​មួយ​ចំនួន​ដែល​មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ធនធាន​ធម្មជាតិ បាន​បរិច្ចាគ​ថវិកា​ទៅ​កាក​បាទ​ក្រហម​កម្ពុជា​ក្នុង​ឆ្នាំ២០២៤។ អ្នក​វិភាគ​យល់​ថា​ប្រសិន​បើ​លុយ​​កាកបាទ​ក្រហម​ទទួល​បាន​ជា​លុយ​កង្វក់ ឬ​បាន​មក​ពី​អំពើ​ពុករលួយ​ជា​ដើម វា​នឹង​នាំ​ឱ្យ​ស្ថាប័ន​កាក​បាទ​ក្រហម​កម្ពុជា​បាត់​បង់​គុណ​តម្លៃ​មនុស្ស​ធម៌។

ឧកញ៉ា និង​​មន្ត្រី​មួយ​ចំនួន ដែល​មាន​ប្រវត្តិ​ជាប់​ពាក់​ព័ន្ធ​​នឹង​អំពើ​ពុករលួយ រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ធនធាន​ធម្មជាតិ​រួម​មាន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាចលោក ជាម យៀប អ្នកឧញ៉ា គិត ម៉េង និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ជា​ដើម បាន​បរិច្ចាគ​ថវិកា​ចាប់​ពី​១ពាន់​ដុល្លារ​រហូត​ដល់​មួយ​លាន​ដុល្លារ​អាមេរិក​ទៅ​កាកបាទ​ក្រហម​កម្ពុជា​នៅ​ដើម​ឆ្នាំ​នេះ។

អនុប្រធានទី១ រដ្ឋសភា លោក ជាម យៀប និង​ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ហាក់ ជូ បាន​ផ្ដល់​ថវិកា​ចំនួន ១២លាន​រៀល ឬ​ជាង ១ពាន់​ដុល្លារ​ដល់​កាក​បាទ​ក្រហម​កម្ពុជា។ កាល​ពី​ឆ្នាំ២០១៣ រថយន្ត​របស់​អនុប្រធាន​ទី១ រដ្ឋសភា លោក ជាម យៀប បាន​បុក​ម៉ូតូ​មួយ​គ្រឿង​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បណ្ដាល​ឱ្យ​បុរស​ជា​ប្ដី​រង​របួស​ធ្ងន់ និង​ប្រពន្ធ ដែល​មាន​ផ្ទៃ​ពោះ ២ខែ​ស្លាប់។

ចំណែក​ប្រធាន​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង និង​ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ម៉ៅ ចំណាន បាន​ផ្ដល់​ថវិកា​ចំនួន​ពីរ​ដង​ដោយ​លើក​ទី១ មាន​ចំនួន ៣ម៉ឺន​ដុល្លារ និង​លើក​ទី​ពីរ​ចំនួន​ជិត​មួយ​លាន​ដុល្លារ (៩៩៩.៩៩៩ដុល្លារ)។ លោក គិត ម៉េង គឺ​ជា​មនុស្ស​ជិត​ស្និត​នឹង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ហើយ​ថ្មីៗនេះ​ លោក គិត ម៉េង តែង​អម​ដំណើរ​ជា​មួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស។

លោក គិត ម៉េង ក៏​ជា​បុគ្គល​មួយ​រូប ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ តាម​រយៈ​ការ​ទទួល​បាន​ដី​រដ្ឋ​មក​អភិវឌ្ឍ។ លោក គិត ម៉េង ទទួល​បាន​ដី​រដ្ឋ​រួម​មាន​បឹង​តាមោក កោះរ៉ុង​សន្លឹម និង​ទទួល​បាន​ដី​នៅ​ឧទ្យានជាតិ​បុទុមសាគរ​ចំនួន​ពីរ​ដង​ជា​ដើម​ក្នុង​ទំហំ​ជិត ១ម៉ឺន (៩,៩៦៨)ហិកតារ​ក្នុង​ឆ្នាំ២០២៣ និង​ទំហំ​ជាង ៨ពាន់ (៨,៦៣១)ហិកតារ កាល​ពី​ឆ្នាំ២០២១។ ក្រោយ​ពី​ទទួល​បាន​ដី លោក គិត ម៉េង បាន​បញ្ជា​ឱ្យ​កម្មករ​ឈូស​ឆាយ​ព្រៃ​ឈើ​ឱ្យ​រាប​ដល់​ដី។

ចំណែក​ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន និង​ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី អ៊ឹម ប៉ូលីកា ក៏​បាន​បរិច្ចាគ​ថវិកា​ចំនួន​ ១ម៉ឺន​ដុល្លារ​ចូល​រួម​ជា​មួយ​កាក​ក្រហម​កម្ពុជា​ដែរ។ លោក​ធ្លាប់​លួចលាក់​ទៅ​ទិញ​សញ្ជាតិ និង​ប្រមូល​ទ្រព្យសម្បត្តិ​ទៅ​លាក់​ទុក​នៅ​ប្រទេស​ស៊ីប (Cyprius)។

កាល​ឆ្នាំ២០១៤ អ្នកស្រី អ៊ឹម ប៉ូលីកា ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ចំណាយ​លុយ ២.១លាន​ដុល្លារ អូស្ត្រាលី ស្មើនឹង ១.៥លាន​ដុល្លារ​អាមេរិក ទិញ​ផ្ទះល្វែង (Apartment) មួយ​ក្នុង​តំបន់ វ័ន សេនត្រល ផាក (One Central Park) នៅ​ក្នុង​ទីក្រុងស៊ីដនី (Sydney) ផង​ដែរ។ បើ​គិត​តាម​ប្រាក់​ខែ​ឧប​នាយក​រដ្ឋមន្ត្រី​មិន​ដល់ ៣លាន​រៀល​នោះ បាន​ធ្វើ​ឱ្យ​គេ​មាន​ចម្ងល់​ថា តើ​ក្រុម​គ្រួសារ លោក អូន ព័ន្ធមុនីរ័ត្ន​ អាច​មាន​លទ្ធភាព​ជះ​លុយ​ទិញ​សញ្ជាតិ និង​ផ្ទះ​នៅ​ក្រៅ​ប្រទេស​តាម​របៀប​ណា។

អ្នកស្រី អ៊ឹម ប៉ូលីកា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​វ័នប្រូស្ពើរិធី (One Prosperity) បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​ក្នុង​ទំហំ​ផ្ទៃដី ៧០ហិកតា ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា កាល​ពី​ឆ្នាំ២០២២ ផង​ដែរ។

ក្រៅ​ពី​នេះ​បុគ្គល​ខាង​លើ​នេះ​ មាន​បុគ្គល​ផ្សេង​ទៀត ដែល​រង​ការ​រិះគន់ ដូច​ជា តារា​ចម្រៀង​លោក​ ព្រាប សុវត្តិ ដែល​ធ្លាប់​ទទួល​បាន​ដី​ពី​បឹង​តាមោក​បាន​បរិច្ចាគ​ទឹក​ប្រាក់ ៥ពាន់​ដុល្លារ។ អ្នក​ឧកញ៉ា ហេង សៀ ដែល​ត្រូវ​បាន​លោក ហ៊ុន សែន លើកឡើង​ថា បាន​រំលោភ​បំពាន​ទៅ​លើ​ពិធី​ការិនី MyTV ក៏​បាន​បរិច្ចាគ​ទឹក​ប្រាក់​ក្នុង​ចំនួន ៣ពាន់​ដុល្លារ​ដែរ។

ទន្ទឹម​នឹង​នេះ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Hout Group) ធ្វើ​ជា​កម្មសិទ្ធិ ដែល​ធ្លាប់​ទទួល​បាន​ដី​រដ្ឋ​នៅ​បឹង​ជើង​ឯក ក៏​បាន​បរិច្ចាគ​ចំនួន ១ម៉ឺន​ដុល្លារ​ដែរ។ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក លី យ៉ុងផាត់ ដែល​រង​ការ​រិះគន់​ថា​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នៅ​ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​ផ្សេង​ទៀត​ឥត​មេត្តា​នោះ ក៏​បរិច្ចាគ​ថវិកា​កាកបាទ​ក្រហម ចំនួន ៥០ម៉ឺន​ដុល្លារ។

ចំណែក​លោក ឡេង ណាវ៉ាត្រា ដែល​ក្រុមហ៊ុន​លោក​នៅ​មិន​ទាន់​អាច​ប្រគល់​ផ្ទះ​ដល់​អតិថិជន​បាន​ផង​នោះ ក៏​បាន​បរិច្ចាគ​ប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ពុង ឃាវសែ ដែល​រង​ការ​រិះគន់​ពី​ការ​ចាក់​ដី​ចូល​ទន្លេ​នៅ​តំបន់​កោះ​នរា ក៏​បរិច្ចាគ​ថវិកា​ចំនួន ២០ម៉ឺនដុល្លារ។

លើស​ពី​នេះ​ឧកញ៉ា​មួយ​រូប​ទៀត ដែល​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ និង​បរិស្ថាន លោក ទ្រី ភាព ដែល​ជា​បេសកជន​ពិសេស​របស់​លោក ហ៊ុន សែន ផង​នោះ ក៏​បាន​បរិច្ចាគ​លុយ​ជូន​កាកបាទ​ក្រហម​កម្ពុជា​ចំនួន ៣០ម៉ឺន​ដុល្លារ​ដែរ។

ទាក់​ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អគ្គ​លេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ពុំ ចន្ទីនី និង អគ្គ​លេខាធិការរង​ទី១ នៃ​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី មែន នារីសោភ័គ ដើម្បី​សុំ​សួរ​បញ្ហា​នេះ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​បដិសេធ​ឆ្លើយ​សំណួរ​របស់​វិទ្យុ​អាស៊ី​សេរី​នោះ​ទេ កាល​ថ្ងៃ​ទី១៩ ខែ​ឧសភា។

គិត​ត្រឹម​ថ្ងៃ​ទី១៧ ខែឧសភា បុគ្គល​មក​ពី​ក្រសួង​ស្ថាប័ន​រដ្ឋ ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ បាន​ចូលរួម​បរិច្ចាគ​ជាង ១១លាន (១១.២) ដុល្លារ​ដុល្លារ និង​សម្ភារៈ​ផ្សេងៗ ទៀត។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​កាកបាទក្រហម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២១ ខែឧសភា។

អ្នកវិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​បុគ្គល ឬ​ក្រុម​ណា​ម្នាក់​បាន​បរិច្ចាគ​ទៅ​កាន់​កាកបាទក្រហម​កម្ពុជា គឺ​ជា​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​សង្គម។ ប៉ុន្តែ បណ្ឌិត មាស នី ចាត់​ទុក​ថា ប្រសិនបើ​លុយ​មក​ពី​ក្រុម​បុគ្គល ឬ​ស្ថាប័ន​ទាំង​នោះ​ជា​លុយ​កង្វក់ ឬ​ជា​លុយ​ដែល​បាន​មក​ពី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ដើម​ស្ថាប័ន​កាកបាទក្រហម​កម្ពុជា​នឹង​បាត់​គុណ​តម្លៃ​មនុស្សធម៌។

បណ្ឌិត មាស នី៖«អីចឹង សម្រាប់​ប្រភព​ធន​ធាន​កាកបាទ​ទទួល​យក ទាល់​តែ​ប្រភព​លុយ​ហ្នឹង ចេញ​មក​ពី​ប្រភព​មួយ ដែល​ចេញ​មក​ពី​ដែល​មាន​យុត្តិធម៌ មាន​ការ​គោរព​សិទ្ធ​មនុស្ស ហើយ​មាន​តម្លៃ​មនុស្ស​ធម៌​ខ្ពស់​ផង​ដែរ។ ដូច្នេះ នៅ​ក្នុង​រឿង​ហ្នឹង ប្រសិនបើ​យើង​យក​គុណ​តម្លៃ​អ្វី ដែល​ខ្ញុំ​និយាយ​អម្បាញ់មិញ​ហ្នឹង វា​នឹង​អាច​មាន​ផល​ប៉ះពាល់​ទៅ​លើ​ប្រភព​លុយ ដែល​យក​មក ពិសេស​គឺ លុយ​ដែល​យក​មក​ពី​អំពើ​មិន​ល្អ​ផ្សេងៗ»។

បណ្ឌិត មាស នី យល់​ថា កាកបាទក្រហម​កម្ពុជា​គួរ​តែ​បង្ហាញ​ពី​តម្លាភាព​ពាក់ព័ន្ធ​នឹង​ប្រភព​លុយ និង​ការ​ចំណាយ​ជាក់លាក់ ដែល​អាច​ឱ្យ​សាធារណជន​អាច​តាម​ដាន​បាន។

ចំណែក​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ ថា កាកបាទ​ក្រហម​កម្ពុជា​បាន​ដើរ​ខុស​ពី​គោលការណ៍​របស់​កាក​បាទ​ក្រហម​អន្តរជាតិ​ជាតិ ដែល​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដោយ​មិន​មាន​​រើស​អើង​ពូជសាសន៍​ ឬ​និន្នាការ​នយោបាយ​នោះ​ទេ ប៉ុន្តែ​លោក​ថា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បាន​ដឹក​នាំ​ស្ថាប័ន​នេះ​ឱ្យ​មាន​ការ​រើសអើង និង​មិន​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ណា​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​នោះ​ឡើយ។

លោក ម៉ែន សុថាវរិន្ទ្រ៖«គាត់​មិន​ដែល​គោរព​តាម​មុខ​ងារ​របស់​គាត់ ដែល​ធ្វើ​ទៅ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​អស់​ទេ គឺ​គាត់​ជួយ​តាម​បក្ខពួក នរណា​មិន​មែន​បក្ខ​ពួក​គាត់ មិន​មែន​គណបក្ស​គាត់​ គាត់​អត់​ឱ្យ​ទេ ហ្នឹង​ជា​ទម្លាប់​របស់​គាត់​យូរ​មក​ហើយ អា​ហ្នឹង​នរណា​ក៏​ដឹង​ដែរ គឺ​គាត់​ជួយ​តែ​គណបក្ស​ប្រជាជន​គណបក្ស​របស់​គាត់»។

កន្លង​មក​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ដោយ​សារ​តែ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន តែងតាំង​ថ្នាក់​ដឹកនាំ​កាកបាទ​ក្រហម​ភាគ​ច្រើន គឺ​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ស្ថាប័ន​មួយ​នេះ ច្រើន​មាន​និន្នាការ​នយោបាយ និង​បក្សពួកនិយម នៅ​ពេល​ចែក​សម្ភារៈ​មនុស្ស​ធម៌។ បន្ថែម​ពី​នេះ អ្នក​វិភាគ​ថា ដោយសារ​កាកបាទ​ក្រហម​ទទួល​យក​ការ​ឧបត្ថម្ភ​ដោយ​មិន​ខ្វល់​ពី​ប្រភព​ថវិកា​ល្អ ឬ​អាក្រក់​ផង​នោះ ដូច្នេះ​ស្ថាប័ន​មួយ​នេះ ក៏​អាច​ជា​ខែល​ការពារ​ឈ្មួញ​រក​ស៊ី​ទុច្ចរិត ដែល​ជា​ម្ចាស់​លុយ​ទាំង​នោះ​ផង​ដែរ៕