ប្រជាពលរដ្ឋមួយចំនួន នៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនេះ បានធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងវិភាគនយោបាយដ៏មានប្រជាប្រិយ ដែលបានស្លាប់ដោយសារការបាញ់ប្រហារនៅហាងសាំងកាល់តិច (Caltex) ស្ដុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ការឧទ្ទិសមគ្គផលនេះ គឺដោយសារពួកគេចាត់ទុកបណ្ឌិត កែម ឡី ថាជាវីរបុរស និងជាអ្នកមានគុណមួយរូបសម្រាប់ជាតិខ្មែរទាំងមូល។
ការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរក្នុងសម័យប្រទេសកំពុងមានវិបត្តិជំងឺកូវីដ-១៩ នេះ ប្រជាពលរដ្ឋខ្មែរ មិនសូវបាននាំគ្នាទៅវត្តប្រារព្ធពិធីបុណ្យច្រើនកុះករដូចឆ្នាំមុនៗ ទេ ប៉ុន្តែពួកគេ បានរៀបចំពិធីទទួលទេវតា និងធ្វើពិធីសែនព្រេន ឬបង្សុកូលបន្តិចបន្តួចនៅតាមផ្ទះរៀងៗ ខ្លួន ដើម្បីបួងសួងសុំសេចក្ដីសុខផង និងឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជនរបស់ពួកគេផង។ ទោះបីជាយ៉ាងណា ពលរដ្ឋមួយចំនួន ក៏បានឧទ្ទិសមគ្គផលទាំងឡាយទៅឱ្យដួងវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ដូចគ្នា ដោយពួកគេចាត់ទុកបណ្ឌិត កែម ឡី ថាជាអ្នកមានគុណមួយរូបដែរ គឺមានគុណសម្រាប់ជាតិខ្មែរទាំងមូល។
ពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញម្នាក់ គឺលោក ចាន់ ធឿន ប្រាប់អាស៊ីសេរីថា ទោះបីជាបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ទាំងអយុត្តិធម៌អស់រយៈពេលជិត ៤ឆ្នាំទៅហើយក្តី ក៏លោកនៅតែនឹករលឹក និងចងចាំក្នុងបេះដូងជានិច្ច ហើយសូម្បីតែហ្វេសប៊ុករបស់លោក ក៏តាំងរូបថតបណ្ឌិត កែម ឡី រហូតមក។ លោកបន្តថា ថ្វីដ្បិតក្នុងពិធីបុណ្យចូលឆ្នាំនេះ លោក មិនបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅក្នុងវត្តក្តី ក៏ក្រុមគ្រួសាររបស់លោក បានរៀបចំពិធីសែនព្រេននៅក្នុងផ្ទះ ហើយបានតាំងចិត្តឧទ្ទិសបុណ្យដល់ញាតិមិត្តដែលបានចែកឋាន និងអ្នកស្នេហាជាតិទាំងអស់ក្នុងនោះ គឺមានបណ្ឌិត កែម ឡី ម្នាក់ផងដែរ៖ « សម្រាប់បណ្ឌិត កែម ឡី គាត់នៅដកជាប់ក្នុងចិត្តខ្ញុំរហូត នៅតែគោរពស្រឡាញ់គាត់រហូត ដ្បិតថា ខ្ញុំមិនចេះដូចគាត់ក្តី តែយើងស្រឡាញ់នូវវីរភាពរបស់ គាត់ ប៉ុន្តែគ្រាន់តែឆ្នាំនេះស្ដាយអត់បានទៅវត្ត » ។
ពលរដ្ឋរូបនេះ ឲ្យដឹងដែរថា ក្រៅពីធ្វើបុណ្យឧទ្ទិសមគ្គផលដល់បណ្ឌិត កែម ឡី ក្នុងពេលមានពិធីបុណ្យសំខាន់ៗ របស់ជាតិនោះ លោក ក៏តែងតែឆៀងចូលទៅគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ដែលស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែរ៖ « ឲ្យតែខ្ញុំធ្វើដំណើរតាមផ្លូវនឹងខ្ញុំដឹងតែឆៀងចូលហើយបើបុណ្យខួបខ្ញុំដឹងតែទៅរហូត។ ឲ្យតែទៅតាមផ្លូវតាកែវ ឬទៅកំពតអី គឺដឹងថា ឆៀងចូលហើយ មិនថាថ្ងៃបុណ្យ ឬថ្ងៃអីនោះទេ » ។
ចំណែកអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន ចាត់ទុក បណ្ឌិត កែម ឡី ប្រៀបដូចជាទេវតាមួយអង្គ ដោយសារតែកាលនៅមានជីវិត គឺបណ្ឌិត កែម ឡី បានជួយបំភ្លឺផ្លូវប្រជាពលរដ្ឋទូទៅយ៉ាងសកម្មដោយមិនគិតអំពីការនឿយហត់ និងគ្រោះថ្នាក់ដល់ជីវិតនោះទេ ក្នុងការចែករំលែកការវិភាគរបស់លោកអំពីបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ចតាមរយៈប្រព័ន្ធសារព័ត៌មាន ជាពិសេស វិទ្យុ និងជាវាគ្មិនក្នុងសិក្ខាសាលាផ្សេងៗ។ លោក បន្តថា ដើម្បីបង្ហាញពីការគោរពស្រឡាញ់ និងការដឹងគុណចំពោះការលះបង់របស់បណ្ឌិត កែម ឡី គឺលោកបានរៀបចំគ្រឿងរណ្ដាប់ថ្វាយជូនបណ្ឌិត កែម ឡី នៅក្នុងទីស្នាក់ការនៃសមាគមរបស់លោក ដោយមានផ្កា បង្អែម ផ្លែឈើ និងភេសជ្ជៈ នៅចំពោះមុខរូបសំណាកបណ្ឌិត កែម ឡី ដែលសាងសង់ឡើងពីជ័រក្រែប កម្ពស់ជាង ១ម៉ែត្រកន្លះ៖ « តាំងពីខ្ញុំស្គាល់គាត់មក គឺគាត់បានជួយច្រើនមែនទែន ជាពិសេស ជួយរៀបចំសមាគម ជាពិសេស គាត់បានផ្ដល់ជាអ្នកប្រឹក្សាដោយមិនគិតថវិកាក្នុងការរៀបចំ ស្ថាប័នសម្រាប់ជួយការពារដល់ជនរងគ្រោះ ជាពិសេស កសិករ និងពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជាកន្លងមករហូតមកដល់ពេលបច្ចុប្បន្ន។ ដោយសារឆ្នាំនេះ យើងមិនអាចយកចង្ហាន់ទៅវត្ត ដោយសារមានជំងឺកូវីដ - ១៩ ដូច្នេះខ្ញុំមានតែរៀបចំទៅតាមលទ្ធភាពរបស់ខ្ញុំ ហើយខ្ញុំនៅតែយល់ថា គាត់ គឺជាមនុស្សដែលមានសារៈសំខាន់ គាត់ប្រៀបដូចជាទេវតានៅក្នុងដួងចិត្តខ្ញុំអ៊ីចឹង។គាត់បានបំភ្លឺ និងបានចង្អុលបង្ហាញតាមរយៈផ្សេងៗ ដល់រូបខ្ញុំ ក៏ដូចជាប្រជាជនផ្សេងៗ ទៀត ឲ្យចូលរួមគិតគូរអំពីរឿងសង្គមជាតិ រឿងនយោបាយ លទ្ធិប្រជាធិបតេយ្យ និងជីវភាព រស់នៅរបស់ប្រជាជនដែរ » ។
សម្រាប់ក្រុមគ្រួសារបណ្ឌិត កែម ឡី វិញ ក្នុងពិធីបុណ្យចូលឆ្នាំនេះ កាន់តែប្រព្រឹត្តទៅក្នុងភាពក្រៀមក្រំជាងឆ្នាំមុនៗ ទៀត។
ម្ដាយបង្កើតបណ្ឌិត កែម ឡី អាយុ ៨០ឆ្នាំ គឺលោកស្រី ភោគ សេ រៀបរាប់ថា លោកស្រី ក៏បាននិមន្តព្រះសង្ឃសូត្រធម៌បង្សុកូលឧទ្ទិសបុណ្យកុសលដល់កូនប្រុសជាទីស្រឡាញ់ ប៉ុន្តែពុំមានអ្នកចូលរួមដូចឆ្នាំមុនៗ ឡើយ ដោយសារតែមានវិបត្តិជំងឺកូវីដ-១៩៖ « ពេលចូលឆ្នាំនេះ បានឧទ្ទិសទៅគ្រប់តែមុខមានចេក មានរៀបចំគ្រឿងសក្ការៈ ហើយបង្សុកូលលោកពីរអង្គនិមន្តមកកន្លែងនេះហ្មង ។ កាលមុនកាលអត់ទាន់មានជំងឺកូវីដ - ១៩ មានគេមកគោរពសពមិនដែលខានទេ ក្នុងមួយថ្ងៃហោចណាស់ម្នាក់ទៅពីរនាក់ដែរ។ ពេលគេមក ក៏បានជូនលុយកាក់ដល់ខ្ញុំដែរ ខ្លះមួយម៉ឺន ខ្លះបួនទៅប្រាំពាន់ហូរហែអ៊ីចឹងទៅ » ។
លោកស្រី ភោគ សេ ថ្លែងបន្តថា ក្នុងពេលរដូវបុណ្យទានបែបនេះ គាត់មានអារម្មណ៍នឹករលឹក និង អាណិតកូនជាខ្លាំងដែលធ្វើតែអំពើល្អ។ អ្នកម្ដាយវ័យចំណាស់រូបនេះ រៀបរាប់ទាំងអួសដើមករទៀតថា ប្រសិនបើបណ្ឌិត កែម ឡី នៅមានជីវិតនោះ គឺលោកស្រី នឹងក្លាយជាម្ដាយដែលមានសំណាង ព្រោះកូនប្រុសម្នាក់នេះ មានកតញ្ញូចំពោះម្ដាយ មិនឱ្យលំបាកនោះទេ ។ លោក ស្រីបន្តថា នៅពេលអត់ពីកូនទៅសព្វថ្ងៃនេះ លោកស្រីបានខំប្រឹងដាំបន្លែខ្លះ ដូចជា ស្ពៃ ននោង ត្រឡាច ជាដើម នៅលើដីទំនេរក្បែរផ្នូររបស់កូននោះ ដើម្បីលក់យកលុយសម្រាប់ចិញ្ចឹម ជីវិត និងទុកសន្សំសម្រាប់ធ្វើបុណ្យឧទ្ទិសឲ្យកូន៖ « បែកបាក់គ្នាអ៊ីចឹង នឹងនោះនឹកណាស់ពេកទៅហើយ ប៉ុន្តែមិនដឹងធ្វើម៉េចចេះតែទ្រាំទៅ។នឹកឃើញពេលកូនមកជុំគ្នា មានចៅ ឥឡូវចៅក៏អត់ឃើញហើយកូនក៏មិនឃើញដែរ » ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex)ក្នុងទីក្រុងភ្នំពេញ។
តុលាការ បានផ្ដន្ទាទោស អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មលើបណ្ឌិត កែម ឡី។ ប៉ុន្តែមតិសាធារជនទូទៅមិនជឿថា អឿត អាង ជាឃាតកពិត ឬជាមនុស្សតែម្នាក់គត់ក្នុងអំពើឃាតកម្មបណ្ឌិត កែម ឡី នោះទេ ពីព្រោះមានចំណុច និងហេតុការណ៍មិនស៊ីសង្វាក់គ្នាជាច្រើននៅជុំវិញឃាតកម្មដ៏កក្រើកមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។