តុលាការ​ខេត្ត​សៀមរាប​សង្ស័យ​មន្ត្រី​ជលផល​ពាក់ព័ន្ធ​បទល្មើស​នេសាទ

ចៅក្រម​ស៊ើបសួរ​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប ដែល​កាន់​សំណុំ​រឿង​បទល្មើស​នេសាទ កំពុង​ស៊ើប​អង្កេត​ទៅ​លើ​មន្ត្រី​រដ្ឋបាល​ជលផល​ខ្លះ ដែល​គេ​សង្ស័យ​ថា អាច​នឹង​មាន​ជាប់​ពាក់ព័ន្ធ​ដល់​ការ​បើក​ដៃ​ឱ្យ​មាន​អំពើ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​បឹង​ទន្លេសាប។
ដោយ ហង្ស សាវយុត
2013.03.09
Share on WhatsApp
Share on WhatsApp
អ្នក​នេសាទ ៣០៥ ១៦-កុម្ភៈ-២០១៣៖ អ្នក​នេសាទ​ចំនួន​ជាង ៦០​នាក់ ដែល​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​ដោយ​នាំ​មក​ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំ​រឿង​ពី​បទ​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់។
RFA/Hang Savyouth

តុលាការ អាច​នឹង​កោះ​ហៅ​មន្ត្រី​ជលផល​មួយ​ចំនួន ដែល​គេ​សង្ស័យ​ទាំង​នោះ ឱ្យ​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​នៅ​ពាក់​កណ្ដាល​ខែ​មីនា ខាង​មុខ​នេះ។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា មន្ត្រី​របស់​គេ​ចំនួន ១១​រូប និង​កម្មករ​ចំនួន ២​រូប​ទៀត បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ នៅ​អំឡុង​ពេល​ប្រមាណ​ជាង ១​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ។

នាយក​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប នៃ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាង​ជើង​បឹង​ទន្លេសាប គឺ​លោក ព្រិន សាវិន លោក​បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី៩ ខែ​មីនា ថា មន្ត្រី​របស់​លោក​មួយ​ចំនួន​ដែល​ប្រចាំ​ការ​នៅ​ក្នុង​បឹង​ទន្លេសាប ត្រង់​តំបន់​ចុងឃ្នៀស ឃុំ​កំពង់ភ្លុក និង​ឃុំ​កំពង់ឃ្លាំង នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ នៅ​ពាក់​កណ្ដាល​ខែ​មីនា៖ «ទៅ​ចូល​បំភ្លឺ​ពី​ករណី​បទល្មើស​កើត​ឡើង​ពី​ថ្ងៃ​ទី១៥ (ខែ​កុម្ភៈ) ពី​តំបន់​ដែល​ឈរ​ជើង​ចុងឃ្នៀស កំពង់ភ្លុក កំពង់ឃ្លាំង។ បាទ! មន្ត្រី​ខ្ញុំ​បំពេញ​ការងារ​នៅ​ទី​នោះ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ទៅ​តាម​ការ​អញ្ជើញ​នោះ»

ប្រភព​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា មន្ត្រី​ជលផល​ដែល​ត្រៀម​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ខេត្ត​នោះ មាន​ឋានៈ​ចាប់​ពី​នាយ​ផ្នែក នាយ​ផ្នែក​រង និង​នាយ​សង្កាត់​រដ្ឋបាល​ជលផល​ខ្លះ ព្រម​ទាំង​នាយ​សង្កាត់​រង​ខ្លះ​ទៀត​ផង។

លោក ព្រិន សាវិន បាន​បញ្ជាក់​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ​ចំពោះ​តុលាការ​ដែល​កោះ​ហៅ​មន្ត្រី​របស់​លោក​ទៅ​បំភ្លឺ​នោះ។

ទោះ​យ៉ាង​ណា លោក អ៊ិត សុធា ជា​ចៅក្រម​អង្កេត​នៃ​សំណុំ​រឿង​បទល្មើស​នេសាទ មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ទេ ថា​តើ​ពិត​ជា​មាន​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋបាល​ជលផល​មួយ​ចំនួន​ទៅ​សាកសួរ​មែន ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា​កំពុង​ជាប់​រវល់​ប្រជុំ។

១៦-កុម្ភៈ-២០១៣៖ កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប កំពុង​នាំ​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់ និង​រឹប​អូស​យក​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន បន្ទាប់​ពី​បង្ក្រាប​នៅ​ក្នុង​បឹង​ទន្លេសាប នៃ​តំបន់​ចុងឃ្នៀស។
១៦-កុម្ភៈ-២០១៣៖ កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប កំពុង​នាំ​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់ និង​រឹប​អូស​យក​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន បន្ទាប់​ពី​បង្ក្រាប​នៅ​ក្នុង​បឹង​ទន្លេសាប នៃ​តំបន់​ចុងឃ្នៀស។
RFA/Hang Savyouth

ចំណែក​លោក អ៊ុយ សំភា ជា​តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី​នោះ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ឱ្យ​ប្រាកដ​ទេ ថា​នឹង​មាន​ការ​កោះ​ហៅ​មន្ត្រី​ជលផល​ខ្លះ​មក​សាកសួរ ឬ​យ៉ាង​ណា​ឡើយ៖ «ខ្ញុំ​អត់​បាន​កោះ ខ្ញុំ​អត់​ដឹង​ផង។ រឿង​ហ្នឹង​សួរ​ទៅ​ខាង​ចៅក្រម​បាន​ដឹង»

គម្រោង​នៃ​ការ​កោះ​ហៅ​មន្ត្រី​ជលផល​មួយ​ចំនួន​មក​សាកសួរ​នេះ បន្ទាប់​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប ជាច្រើន​កន្លែង ដោយ​រឹប​អូស​ឧបករណ៍​ខុស​ច្បាប់​មួយ​ចំនួន និង​ចាប់​ខ្លួន​អ្នក​នេសាទ​ជាច្រើន​នាក់​ផង​ដែរ។

ចាប់​តាំង​ពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច រួម​និង​តុលាការ​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​អ្នក​នេសាទ​ខុស​ច្បាប់​ជា​បន្ត​បន្ទាប់​ប្រមាណ ៦៥​នាក់ ក៏ប៉ុន្តែ​មនុស្ស​ប្រមាណ​ជាង ៣០​នាក់ ក្នុង​ចំណោម​នោះ ត្រូវ​បាន​ដោះលែង​វិញ​កាល​ពី​ពេល​ថ្មីៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។