សង្គមស៊ីវិលជំរុញឱ្យក្រសួងស្ថាប័នរដ្ឋប្រើប្រាស់ធនធានមន្ត្រីរាជការកំពុងមានសព្វថ្ងៃឱ្យមានប្រសិទ្ធភាពខ្ពស់ជាងពេលបច្ចុប្បន្ន។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមុខងារសាធារណៈប្រកាសថា ស្ថាប័នមន្ត្រីរាជការស៊ីវិល នឹងជ្រើសរើសមន្ត្រី២៤.២៨៨នាក់ សម្រាប់ឆ្នាំ២០១៩ ដើម្បីជំនួសកន្លែងមន្ត្រីដែលចូលនិវត្តន៍។
សង្គមស៊ីវិល និងមន្ត្រីរាជការ សង្កេតឃើញថា ភាគច្រើននៃស្ថាប័នរដ្ឋមិនទាន់ប្រើមន្ត្រីរាជការតាមជំនាញពេញដៃពេញជើងឱ្យអស់ពីសមត្ថភាពទេ។
ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង ថ្លែងថា ការជ្រើសរើសមន្ត្រីបន្ថែមសម្រាប់មុខតំណែងរបស់មន្ត្រីចូលនិវត្តន៍ជារឿងល្អ ប៉ុន្តែការប្រើប្រាស់មន្ត្រីរាជការក្នុងពេលបច្ចុប្បន្ន គឺគ្មានប្រសិទ្ធភាព ហើយមន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋខ្លះគឺអសមត្ថភាពតែម្ដង។ លោក យង់ គឹមអេង សង្កេតឃើញថា ស្ថាប័នខ្លះ មានបញ្ហាចាប់តាំងពីដំណាក់កាលប្រលងជ្រើសរើសមន្ត្រីទៅ គឺដាក់តែបក្ខពួក កូនចៅខ្លួនឯង ក្រសោបយកទាំងតំណែងតូចធំ មានអំពើពុករលួយតាំងពីដំណាក់កាលប្រលងជ្រើសរើសមន្ត្រី ទើបស្ថាប័នទាំងនោះ មិនទទួលបានអ្នកមានសមត្ថភាពពិតប្រាកដ ឯយុវជន ក៏បាក់ទឹកចិត្តក្នុងការប្រឡងធ្វើមន្ត្រីរាជការ។
ចំណែកប្រសិទ្ធភាពការងារវិញ មន្ត្រីតាមជំនាញខ្លះ នៅតែមិនទាន់បញ្ចេញអស់ពីសមត្ថភាព ដោយសារកត្តាជាច្រើន ដូចជា ស្ថានភាពរើសអើង បក្ខពួក ក្រសួងគ្រួសារ និងស្ថានភាពប្រាក់បៀវត្សរ៍មិនទាន់បំពេញគ្រប់តម្រូវការជាក់ស្ដែង៖ « ទោះយើងជ្រើសប៉ុណ្ណាក៏ដោយ ប៉ុន្តែបើយើងមិនកែប្រែបរិបទ របៀបរបបនៃការធ្វើការងារទេ គឺអត់មានអ៊ីចឹងតែម្ដង អត់សូវមានប្រសិទ្ធភាព ( ការងារ ) ។ ឧទាហរណ៍ ឧបមាថា កន្លែងខ្លះ ដូចអគ្គនាយកពន្ធដារ អ៊ីចឹងឃើញគេធ្វើការអ្វី មនុស្សគេសស្រាក់សស្រាំ គេធ្វើការត្រឹមត្រូវ ច្បាស់លាស់។ រឿងសំខាន់បំផុត ត្រូវកាត់បន្ថយ គេហៅថា ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលហ្នឹង កុំឱ្យមាននៅក្នុងក្រសួងស្ថាប័ន។ កាលណា នៅទុកឱ្យបុគ្គលហ្នឹង នៅឆ្លៀតបានផលប្រយោជន៍ គាត់នៅតែធ្វើបែបហ្នឹង»។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន កាលពីថ្ងៃទី៦ ខែមីនា ប្រកាសអនុញ្ញាតឱ្យអ្នកគ្រប់គ្រងតាមក្រសួង ស្ថាប័ន អង្គភាពរដ្ឋចំនួន ៣២ ជ្រើសរើសបេក្ខជន ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ឱ្យចូលបម្រើការងារ ដើម្បីបំពេញមុខតំណែងទំនេរ និងសេចក្ដីត្រូវការពិតប្រាកដនៅតាមអង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្ទីរអង្គភាពជំនាញរាជធានី ខេត្ត បានជាង ២ម៉ឺននាក់ សម្រាប់ឆ្នាំ២០១៩។
ការជ្រើសរើស គឺធ្វើឡើងតាមរយៈការប្រឡងប្រជែង សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ក្រសួង ស្ថាប័ន ត្រូវធ្វើការជ្រើសរើសចេញពីការប្រឡងប្រជែង និងត្រូវប្រកាសលទ្ធផលប្រឡងជាប់ស្ថាពរយ៉ាងយូរត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០១៩ ព្រមទាំងចាត់ចែងរៀបចំបើកផ្ដល់បៀវត្សរ៍ដល់បេក្ខជនប្រឡងជាប់ឱ្យបានយ៉ាងយូរ ១ខែក្រោយការទទួលស្គាល់លទ្ធផលពីក្រសួងមុខងារសាធារណៈ។ មន្ត្រីរាជការ ដែលនឹងត្រូវជ្រើសរើសឱ្យប្រឡងចូលក្របខ័ណ្ឌរដ្ឋ នៅឆ្នាំ២០១៩ ទាំង ២៤.២៨៨នាក់ មានតែជាង ៥.៩៩៦នាក់ទេ ដែលអាចប្រលងចូលតាមរយៈក្របខ័ណ្ឌថ្មី ចំណែកជិត ២ម៉ឺនក្របខ័ណ្ឌទៀត គឺសម្រាប់មន្ត្រីកំពុងជាប់កិច្ចសន្យា គ្រូបង្រៀនពុទ្ធិកជាប់កិច្ចសន្យា និងឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រ។ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានអនុញ្ញាតឱ្យរើសមន្ត្រីចូលច្រើនជាងគេ ព្រោះក្រសួងនេះ គ្របដណ្ដប់លើគ្រូបង្រៀនខ្លះ ត្រូវបង្រៀន ២ថ្នាក់ គ្រូខ្លះបង្រៀន ២ពេល គ្រូបង្រៀនថ្នាក់គួប ២ថ្នាក់ចូលគ្នា គ្រូបង្រៀនថ្នាក់គួប ៣ថ្នាក់ចូលគ្នា គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរអិស្លាមជាដើម។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា មិនទទួលទូរស័ព្ទនៅថ្ងៃទី៨ មីនា។ ប៉ុន្តែអនុរដ្ឋលេខាធិការ លោក ជុត មន្នី ប្រាប់កាសែតក្នុងស្រុក (Phnom Penh Post) ថា គោលការណ៍របស់រដ្ឋាភិបាល កំណត់ថា ចូលនិវត្តន៍ ៣នាក់ នឹងត្រូវរើសចូលវិញតែម្នាក់ទេ កុំឱ្យមានការយល់ច្រឡំរើសមន្ត្រីអ្វីក៏ច្រើនម្ល៉េះ។ លោក ថា ជាគោលការណ៍ ក្នុងមួយឆ្នាំ គឺត្រូវតែរើសម្ដង ព្រោះត្រូវធ្វើតាមនីតិវិធីរក្សាធនធានមនុស្ស គឺមានចេញ និងមានចូល។
មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លោក ថៃ ធីម សង្កេតឃើញថា ធនធានមនុស្សនៅតាមស្ថាប័នរដ្ឋបច្ចុប្បន្ននៅសល់ច្រើនណាស់ មិនទាន់ត្រូវបានប្រើប្រាស់អស់ពីលទ្ធភាពនៅឡើយទេ។ លោក ថៃ ធីម សង្កេតឃើញថា នៅតំបន់ទីប្រជុំជន មន្ត្រីរាជការគរជើង តែនៅតំបន់ដាច់ស្រយាល ខ្វះមន្ត្រីជំនាញច្រើនណាស់ ដោយសារម្នាក់ៗ សម្រុកផ្លាស់ចូលមករកតែទីក្រុង។ លោកបន្តថា ការងាររបស់មន្ត្រីរាជការខ្លះគ្មានប្រសិទ្ធភាព ហើយក៏មានមន្ត្រីខ្លះខ្ជីខ្ជាក្នុងការងារទៀតផង៖ «ខ្ញុំឃើញការិយាល័យនៅក្នុងក្រុងស្ទឹងសែន ដែលខ្ញុំឃើញការិយាល័យខ្លះបិទទ្វារ មិនឃើញបុគ្គលិកមកធ្វើការ ហើយដល់ថ្ងៃ ( ឃើញគាត់ ) មកធ្វើការ ខ្ញុំសួរលេងៗ ទៅ គាត់ឆ្លើយថា មិនមានការងារអ្វីធ្វើផង ដូច្នេះគាត់មិនចាំបាច់មករាល់ថ្ងៃទេ។ យូរៗ គាត់មកម្ដងណា។ អ៊ីចឹងឃើញថា ការិយាល័យមួយៗ មិនទាន់ប្រើមនុស្សឱ្យត្រូវទេ»។
មិនទាន់មានរបាយការណ៍បង្ហាញពីមន្ត្រីរាជការសាធារណៈចំនួនប៉ុន្មាននាក់ នឹងត្រូវចូលនិវត្តន៍ឆ្នាំ២០១៩ ទេ។ ប៉ុន្តែ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា ធ្លាប់បង្ហាញតាមរយៈបាថកថា នៅសាលាភូមិន្ទរដ្ឋបាលថា គិតត្រឹមឆ្នាំ២០១៨ មន្ត្រីរាជការទាំងអស់មានចំនួន ២០៨.៣៦៨នាក់ ក្នុងនោះស្ត្រី មានចំនួន ៨៤.៤៦៦នាក់ ហើយក្រសួងអប់រំមានមន្ត្រីច្រើនជាងគេ គឺចំនួន ១១៩.៥៩៣នាក់។ ក្រសួងសុខាភិបាលលំដាប់ទី២ មានជាង ២ម៉ឺនបីពាន់នាក់ ក្រសួងមហាផ្ទៃលំដាប់លេខ៣ មានជាងមួយម៉ឺនពីរពាន់នាក់ ក្រសួងសេដ្ឋកិច្ចជិត ៦.០០០នាក់ និងស្ថាប័នផ្សេងទៀត មានចំនួនជាង ៤ម៉ឺន ៧ពាន់នាក់។
មន្ត្រីសង្គមស៊ីវិលស្នើឱ្យក្រសួងរដ្ឋនិមួយៗប្រើប្រាស់មន្ត្រីរាជការរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដោយកុំនិយមបក្សពួក កុំយកអ្នកមានសមត្ថភាពទៅទុកកៀនជញ្ជាំង ឬបញ្ឈរជើងចោលអត់ប្រើការ ប៉ុន្តែត្រូវប្រើប្រាស់ពួកគេឱ្យបានពេញលេញ ដើម្បីទាញយកផលប្រយោជន៍ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
