រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន បញ្ជាឱ្យមេឃុំត្នោតនៃគណបក្សប្រជាជនកម្ពុជា បិទ អាជីវកម្មវាយកម្ទេចថ្ម នៅភ្នំចំបាប់ ក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីអភិរក្សតំបន់នោះ។
លោក ប៊ិន ឈិន ប្រាប់មេឃុំត្នោត លោក អ៊ុក សំបូរ ត្រូវនាំគ្នាដាំកូនឈើនៅលើភ្នំចំបាប់ ដើម្បីរក្សាទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយ។ ការដាក់បទបញ្ជានេះ ធ្វើឡើងក្រោយពេលក្រុមការងារចុះជួយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា របស់លោក ជា វ៉ាន់ដេត សមាជិករដ្ឋសភាឯកបក្ស បានចុះទៅស្ទាបស្ទង់មតិពលរដ្ឋនៅមូលដ្ឋាន និងបានរាយការណ៍ទៅលោក ប៊ិន ឈិន។
លិខិតដែលចុះហត្ថលេខារបស់ លោក ជា វ៉ាន់ដេត បង្ហោះតាម គេហទំព័រហ្វេសប៊ុក (Facebook) របស់រដ្ឋបាលស្រុកបាទី បង្ហាញថា ឆន្ទៈពលរដ្ឋជាច្រើន នៅឃុំត្រូវចង់ឱ្យបិទអាជីវកម្មវាយថ្មភ្នំ ហើយអាជ្ញាធរត្រូវតែគោរពតាម។
ភ្នំចំបាប់ស្ថិតនៅ ចន្លោះភូមិចំនួន៤ នៃឃុំត្នោត គឺភូមិរំចេក ភូមិតានាប់ ភូមិតានន និងភូមិត្នោត។ ជានិច្ចជាកាលពលរដ្ឋទាំង៤ភូមិនេះ និងភូមិមួយចំនួនទៀត ក្បែរៗនោះ តែងនាំគ្នាធ្វើកូដកម្ម បិទផ្លូវ តវ៉ាប្រឆាំងនឹងអាជីវកម្មកម្ទេចភ្នំ យកថ្មនេះ ព្រោះប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងបារម្ភខ្លាំងនៅពេលក្រុមហ៊ុន ប្រើរំសេវបំផ្ទុះភ្នំម្ដងៗ។
ពលរដ្ឋអះអាងថា យ៉ាងហោចណាស់ មានក្រុមហ៊ុនឯកជនចំនួន៣ បានធ្វើអាជីវកម្មវាយកម្ទេចភ្នំ យកថ្ម តាំងពីកំឡុងឆ្នាំ២០១០មក គឺក្រុមហ៊ុនរបស់កូរ៉េមួយ ឈ្មោះ ជី.អិល (GL) ក្រុមហ៊ុនឈ្មោះច្រាយ គង់ និងក្រុមហ៊ុនមួយទៀតនៅខាងលិចភ្នំ ពលរដ្ឋមិនស្គាល់ឈ្មោះ។
កាលពីឆ្នាំ២០១៥ ក្រៅពីពលរដ្ឋរស់នៅភូមិជាប់ជើងភ្នំ មានពលរដ្ឋ៣ភូមិផ្សេងទៀត នៅឃុំត្នោត គឺភូមិចំប៉ី ភូមិឈើទាល និងភូមិព្រៃជប់ នាំគ្នាធ្វើបាតុកម្មបិទផ្លូវចូលក្រុមហ៊ុន ច្រាយ គង់ ដើម្បីទាមទារឱ្យក្រុមហ៊ុននេះសងផ្លូវអ្នកភូមិវិញ ព្រោះបានធ្វើអាជីវកម្មដឹកថ្ម ធ្វើឱ្យខ្ទេចផ្លូវអ្នកភូមិ។ កាលណោះផ្លូវកាត់ភូមិប្រវែងជាង ៣គីឡូម៉ែត្រ ខូចស្ទើរទាំងស្រុង។ អ្នកភូមិថា ពួកគាត់ពិបាកធ្វើដំណើរចុះឡើងណាស់ នៅរដូវវស្សាផ្លូវលិចទឹក ចំណែករដូវប្រាំងដីហុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាព។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីខាងមន្ត្រីមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បានទេ ដោយសារសមាជិកក្រុមប្រឹក្សាឃុំត្នោតម្នាក់ លោក កុល រ៉ាត់ និងអភិបាលស្រុកបាទី លោក ឡាយ សុខា មិនទទួលទូរស័ព្ទ។
ប៉ុន្តែមេឃុំត្នោត ជាប់ឆ្នោត ដែលរងការបង្ខំឱ្យចាកចេញពីតួនាទី ដោយសារមិនចុះចូលជាមួយគណបក្សកាន់អំណាច លោក ជា ឡេង ប្រាប់អាស៊ីសេរី ថា ចាប់តាំងពីមានការធ្វើអាជីវកម្មវាយថ្មភ្នំចំបាប់មក ពលរដ្ឋឃុំត្នោត មិនធ្លាប់ទទួលបានផលប្រយោជន៍ ពីអាជីវកម្មនោះទេ ហើយថែមរងសម្ពាធផ្លូវចិត្ត សុខភាព និងការបែកបាក់សាមគ្គីគ្នា ដោយសារ អាជ្ញាធរដែលទទួលបានប្រយោជន៍ពីអាជីវកម្មនោះមួយចំនួន ដើរបំផុសឱ្យពលរដ្ឋគាំទ្រអាជីវកម្មវាយកម្ទេចថ្មភ្នំ ដើម្បីទទួលបានផ្លូវបេតុង ក្នុងភូមិ។
មេឃុំជាប់ឆ្នោតរូបនេះ បន្តថា ច្រើនឆ្នាំហើយ តែងមានការសន្យាបែបនេះ ពិសេសអាជ្ញាធរសន្យាថា ចាក់ផ្លូវបេតុងឱ្យនៅមុនបោះឆ្នោតឆ្នាំ២០១៨ តែមកដល់ពេលនេះ មិនទាន់ទទួលបានផ្លូវបេតុងទេ ដោយគ្រាន់ទទួលបានការកាយដី ជួសជុលផ្លូវចាស់ខ្លះៗ។ លោកថា ស្ថានភាពភ្នំចំបាប់បច្ចុប្បន្ន បើមើលពីផ្លូវធំទៅ មិនសូវឃើញខូចខាតទេ តែបើមើលពីខាងក្រោយភ្នំវិញ គឺស្ទើរអស់ពាក់កណ្ដាលទៅហើយ។ លោកយល់ថា ជាការល្អ ដែលមានការបិទអាជីវកម្មនេះ តែចង់ឱ្យអាជ្ញាធរអនុវត្តសាងសល់ផ្លូវបេតុងជូនពលរដ្ឋតាមការសន្យា៖ «ប្រជាពលរដ្ឋ វាមិនមានបានអ្វី លឺលាន់សូរ បំផ្ទុះទៅ វាបែកក្បឿង បែកពាង អ្វីអ៊ីចឹង។ គាត់ខ្លាចបំផុត គាត់ជ័រ រំសេវអ្វី មានជាតិទឹក វាហូរចូលស្រះ។ ខ្លះ ក៏មានអ្នកមិនចង់ឱ្យធ្វើ។ មិនមានប្រជាពលរដ្ឋឯណាយល់ព្រម គេធ្វើពីលើមក។ អ្នកមិនចង់ឱ្យបិទ ខាងគណបក្សប្រជាជនកម្ពុជា គេសន្យាថា ធ្វើផ្លូវបេតុង អ្វីណា កាលមុនបោះឆ្នោត ដល់បោះហើយគេគ្រលាស់ថា មិនធ្វើ ទុកឱ្យក្រុមហ៊ុនធ្វើវិញ ហើយបើឱ្យក្រុមហ៊ុនធ្វើគេ ម្ដេចព្រម ទាល់តែឱ្យគេបើកអាជីវកម្មវិញ»។
ពលរដ្ឋរស់នៅឃុំត្នោត ធ្លាប់ដាក់សំណើទៅអាជ្ញាធរ ច្រើនឆ្នាំហើយ គឺស្នើឱ្យក្រុមហ៊ុនរកស៊ីវាយកម្ទេចថ្មភ្នំ មិនត្រូវដាក់រំសេវបំផ្ទុះយកថ្មឱ្យលាន់ខ្លាំងៗរំខានដល់ពួកគាត់រស់នៅទេ ស្នើសុំឱ្យក្រុមហ៊ុន ធ្វើការតែពេលថ្ងៃបានហើយ កុំធ្វើការពេលយប់ ព្រោះរំខានដល់ដំណេករបស់ពួកគាត់ ស្នើឱ្យក្រុមហ៊ុនរៀបចំប្រព័ន្ធលូបង្ហូរទឹក មានជាតិគីមីចេញពីការវាយថ្ម មិនត្រូវបង្ហូរចូលស្រះរួម ដែលពួកគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ និងស្នើឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅក្បែរភ្នំចំបាប់នេះ មានសិទ្ធិចូលវាយថ្មយកលក់ជាលក្ខណៈគ្រួសារផង។ ប៉ុន្តែសំណើទាំងនោះ មិនទទួលបានការយល់ព្រមទេ៕
