ប្រជាពលរដ្ឋខ្មែរដែលកំពុងជាប់គាំងនៅប្រទេសម៉ាឡេស៊ីថា ស្ថានទូតខ្មែរ មិនព្រមប្រញាប់ចាត់វិធានការបញ្ជូនពួកគាត់ទៅស្រុកខ្មែរឡើយ គឺបានតែប្រកាស។ ប្រតិកម្មនេះ បន្ទាប់ពីស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី គ្រោងរៀបចំការធ្វើដំណើរឲ្យពលរដ្ឋចំនួន ១៤៣នាក់ ដែលលោក ហ៊ុន សែន ប្រកាសផ្អាកមិនឲ្យធ្វើដំណើរចេញពីវាលយន្តហោះម៉ាឡេស៊ី កាលពីដើមខែមេសា ឲ្យបានវិលត្រឡប់ទៅកម្ពុជាវិញ។
ពលរដ្ឋខ្មែរដែលកំពុងជាប់គាំងនៅប្រទេសម៉ាឡេស៊ី អះអាងថា ពួកគាត់មិនយល់ពីនីតិវិធីរបស់ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ដែលប្រកាសជាលើកទី២ឲ្យពួកគាត់ផ្ដល់ព័ត៌មានទៅស្ថានទូត តែមិនបានចាត់វិធានការបន្តនៅពេលពលរដ្ឋដាក់ឯកសាររួចរាល់ហើយនោះ។
និស្សិតខ្មែររៀននៅប្រទេសម៉ាឡេស៊ី លោក ស្លេះ សពព្រី ថ្លែងថា ពួកគាត់ត្រូវបានមន្ត្រីស្ថានទូតទាក់ទងនឹងបានបញ្ចូលជាក្រុមទំនាក់ទំនងតាមទូរស័ព្ទ រួចពួកគាត់បានដាក់ឯកសារនានា តាមការស្នើសុំរបស់ស្ថានទូតប្រមាណជាង២សប្ដាហ៍មកហើយ។ លោកថា នៅសល់តែឯកសារបញ្ជាក់សុខភាពធ្វើតេស្តរកជំងឺកូវីដ-១៩ ពីមន្ទីរពេទ្យម៉ាឡេស៊ីប៉ុណ្ណោះដែលមន្ត្រីស្ថានទូតថាមិនទាន់ឲ្យធ្វើ។ លោកចោទជាសំណួរថា ចុះហេតុអ្វីពេលនេះបានជា ស្ថានទូតនៅតែបន្តប្រកាសឲ្យពលរដ្ឋផ្ដល់ព័ត៌មាន ហើយមិនព្រមចាត់វិធានការបញ្ជូនពួកគាត់ដែលបានដាក់ឯកសាររួចហើយនោះតែម្ដងទៅ?៖ « ចាំឲ្យប្រជាពលរដ្ឋទាក់ទងវាពិបាកដែរ ព្រោះថាអ្នកខ្លះគាត់អត់មានហ្វេសប៊ុកអត់មានអីទេ គាត់អត់ដឹងរឿងទេ ហើយជួនកាលគាត់អត់ដឹងព័ត៌មាន។ បើសិនជាចង់ជួយប្រជាពលរដ្ឋមែន ទាក់ទងទៅអ្នកចង់ទៅប្រមាណថ្ងៃមុនដែលមានឈ្មោះហ្នឹង ឬក៏ចាំគេទាក់ទងមកក៏បានដែរ បើគេអត់ទាក់ទងទៅ បើបានប៉ុណ្ណាទៅប៉ុណ្ណឹង។ ចាំទាំងអស់គ្នា អ្នកខ្លះអត់លុយគេឈប់ទៅពិបាកពេក អ្នកខ្លះគេទៅខ្មែរតាមផ្លូវក្រោមបាត់ហើយ សល់តែប្រមាណ ៤០ ៥០នាក់ហ្នឹង ដែលគាត់ច្បាស់លាស់ចង់ទៅ ហើយព័ត៌មានឲ្យអស់ហើយ ចុះគាត់មិនជួយទៅ ? បើចាំទាំងអស់អ៊ីចឹង ៤០នាក់ហ្នឹង អត់បានទៅដដែល កន្លែងហ្នឹងខ្ញុំគិតថាប្រហែលមិនបានទៅទៀតបើសិនថាចាំគេទាំងអស់។ ខ្ញុំអស់ក្រឡាហើយ»។
ចំណែកពលករម្នាក់ទៀត លោកស្រី ស៊ាង សំអូន ត្អូញត្អែរថា លោកស្រីក៏បានដាក់ឯកសារជូនទៅស្ថានទូតអស់ហើយដែរ ប៉ុន្តែជាច្រើនសប្ដាហ៍ហើយពុំទាន់មានដំណោះស្រាយសោះ។ លោកស្រីស្នើឲ្យស្ថានទូតឆាប់បញ្ជូនពួកគាត់ចេញឲ្យបានឆាប់ ទោះតាមវិធីណាក៏ដោយដើម្បីឲ្យរួចផុតលំបាកនៅពេលនេះ៖ «ពិបាកចិត្តដូចចង់មនុស្សឆ្កួត ពិបាកមែនទែនហ្មងអត់ដឹងមានពាក្យអីនិយាយ ! ថ្លៃផ្ទះក៏គ្មាន លុយហូបក៏គ្មាន ធនាគារខ្ញុំលើសគេ ៤ខែហើយ គេតេមករហូត។ ខ្ញុំបង់រំលស់ផ្ទះគេនៅខ្មែរ។ មកស្រុកគេធ្វើការបានតែ ៣ថ្ងៃទេ គេបិទហាង លុយស្មើដើមស្មើការ។ បើផ្លូវលើមិនបានចេញបើបញ្ជូនតាមថៃក៏ខ្ញុំទៅដែរ។ ថ្លៃផ្ទះជួលគេ ១ខែ ជាង ១រយដុល្លារ ថ្ងៃទី២៦ ៣ខែហើយ។ សំណូមពរឲ្យក្រុមហ៊ុនលក់សំបុត្រយន្តហោះវេរលុយឲ្យពួកខ្ញុំវិញ ៣នាក់ប្ដីនិងកូនជិត ១ពាន់ដុល្លារ យកលុយហ្នឹងធ្វើសោហ៊ុយទៅតាមផ្លូវក្រោមវិញ។ ឥឡូវលុយមួយរៀលក៏គ្មានក្នុងខ្លួនដែរ។
ប្រតិកម្មរបស់ពលរដ្ឋនេះបន្ទាប់ពីពួកគេបានឃើញ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២១ ឧសភា បានប្រកាសជាលើកទី២ ឲ្យពលរដ្ឋចំនួន ១៤៣នាក់ ដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី ប្រញាប់ទាក់ទងនិងផ្ដល់ព័ត៌មានទៅស្ថានទូត ព្រោះស្ថានទូតកំពុងសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដើម្បីបញ្ជូនពលរដ្ឋទាំងនេះត្រឡប់ទៅប្រទេសកម្ពុជាវិញ។ ឯសេចក្ដីប្រកាសលើកទី១ ក៏បានជូនដំណឹងដូចគ្នាកាលពីថ្ងៃទី១ ខែឧសភា ដែលជំរុញឲ្យពួកគាត់ឆាប់ផ្ដល់ព័ត៌មានទៅស្ថានទូតឲ្យបានមុខថ្ងៃទី៧ ឧសភា។ សេចក្ដីជូនដំណឹងទាំងពីរលើកនេះ ប្រកាសបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមេសា បានផ្លាស់ប្ដូរចិត្ត អនុញ្ញាតឱ្យពលរដ្ឋជាងពីររយនាក់ (២០០នាក់) ដែលក្នុងនោះក៏មានអ្នកទោសចំនួន ៧៣នាក់ផង ដែរអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញបាន ប៉ុន្តែតម្រូវឱ្យខាងអាជ្ញាធរម៉ាឡេស៊ីធ្វើតេស្តសុខភាព រកជំងឺកូវីដ-១៩ ជាមុនសិន។
ជុំវិញរឿងនេះ អាស៊ីសេរីមិនអាចទាក់ទងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី លោក ចឺយ វិចិត្ត ដើម្បីឆ្លើយតបបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២១ ឧសភា។ ចំណែកលេខទូរស័ព្ទសម្រាប់កិច្ចការពលករ កិច្ចការកុងស៊ុល និងនិស្សិត ដែលដាក់សម្រាប់ទំនាក់ទំនងលើសេចក្ដីជូនដំណឹងរបស់ស្ថានទូត ក៏មិនមានអ្នកទទួលដែរ។
ប្រធានមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលកម្ពុជាគួរតែមានកិច្ចសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីជាការទទួលខុសត្រូវចំពោះបញ្ហាបញ្ជូនពលរដ្ឋនេះ ព្រោះថាបញ្ហានេះមិនមែនជាកំហុសរបស់ពលរដ្ឋឡើយ។ លោកថា មានចំណុចមួយចំនួនដែលស្ថានទូតគួរបញ្ជាក់ឲ្យពលរដ្ឋបានដឹងច្បាស់លាស់ ដូចជាកាលបរិច្ឆេទអនុញ្ញាតឲ្យវិលត្រឡប់ទៅកម្ពុជាវិញ ពេលវេលាឲ្យពួកគាត់ពិនិត្យសុខភាពបញ្ជាក់ជំងឺកូវីដ១-៩ ថ្លៃចំណាយពិនិត្យសុខភាព និងទីកន្លែងឬនីតិវិធីនៃការពិនិត្យសុខភាពជាដើម៖ តាម ពិតពួកគាត់ហ្នឹងអត់មានកំហុសទេ គាត់បានទិញសំបុត្រយន្តហោះរួចហើយ វីសារបស់ពួកគាត់មានសុពលភាពចេញពីម៉ាឡេស៊ីបានដោយសុវត្ថិភាព ប៉ុន្តែរដ្ឋយើងទេដែល ប្រកាសមិនឲ្យគាត់ត្រឡប់មកវិញ។ រដ្ឋត្រូវតែទទួលខុសត្រូវចំពោះការចំណាយលើសំបុត្រយន្តហោះ ទៅលើថ្លៃវីសាផ្សេងៗរបស់ពួកគាត់ហ្នឹង បើសិនជាមិនឃាត់យន្តហោះគាត់ទេម្លេះ១រយនាក់ជាងហ្នឹងមកដល់ស្រុកខ្មែរបាត់ហើយ ចំណាយទិញសំបុត្រយន្តហោះគាត់ចំណាយខ្លួនឯងបាត់ហើយ។ ខ្ញុំគិត ថា បើសិនជារដ្ឋទទួលខុសត្រូវពិតប្រាកដ ត្រូវពិចារណាលើបន្ទុកអស់ហ្នឹង។ បើសិនជារដ្ឋមិនចង់ចេញលុយថ្លៃសំបុត្រយន្តហោះឲ្យគាត់វិញទេ គួរតែចរចាជាមួយក្រុមហ៊ុន Air line ឲ្យទុកសុពលភាពនៃសំបុត្រយន្តហោះរបស់គាត់ទៅ មានរឿងប្រឡោះមួយចំនួនដែលត្រូវធ្វើ ដើម្បីធានាថាពលរដ្ឋគាត់ ត្រឡប់មកវិញដោយសុវត្ថិភាព»។
កាលពីថ្ងៃទី៧ ខែមេសា ពលរដ្ឋ និងនិស្សិត រួមទាំងអ្នកដំណើរផ្សេងទៀត ជាង១រយនាក់ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្អាកជើងយន្តហោះពីប្រទេសម៉ាឡេស៊ីភ្លាមៗ ដើម្បីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ-១៩ ខណៈអ្នកធ្វើដំណើរទាំងនោះកំពុងត្រៀមឡើងយន្តហោះទៅហើយ។ ការផ្អាកនេះបានធ្វើឲ្យពួកគេស្រែកទ្រហោយំ ព្រោះបានចំណាយលុយទិញសំបុត្រយន្តហោះ បូករួមទាំងថ្លៃធ្វើដំណើរពីកន្លែងស្នាក់ក្នុងតំបន់ឆ្ងាយៗ ទៅវាលយន្តហោះជាដើម។
ការពន្យារពេលនេះ បានធ្វើឱ្យពលរដ្ឋខ្មែរទាំងនេះជួបការលំបាកខ្លាំង ដូចជាអ្នកខ្លះគ្មានកន្លែងស្នាក់នៅ គ្មានថវិកាទិញអាហារហូបចុក អ្នកខ្លះមានផ្ទៃពោះជិតគ្រប់ខែ និងមានការអះអាងថា មានអ្នកខ្លះរហូតធ្លាក់ខ្លួនសុំទានទៀតផង៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។