ក្រសួងអប់រំ យុវជន និងកីឡា បានបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងមធ្យមសិក្សាចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៩ តាមមណ្ឌលប្រឡងអស់ហើយ នៅព្រឹកថ្ងៃទី១៨ សីហា។ គេហទំព័រហ្វេសប៊ុក (Facebook) របស់ក្រសួងអប់រំ យុវជន និងកីឡា ផ្សាយថា បញ្ជីបិទផ្សាយនោះ មានបញ្ជាក់ឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា បទបញ្ញត្តិប្រឡង និងប្លង់បន្ទប់ប្រឡង។
គេហទំព័រដដែលបន្តថា ការបិទផ្សាយបញ្ជីឈ្មោះ គឺបិទនៅក្ដារខៀនព័ត៌មានរួមនៃមណ្ឌលប្រឡងមួយច្បាប់ និងនៅតាមបន្ទប់ប្រឡងនីមួយៗ ព្រមទាំងមានការប្រកាសតាមឧគ្ឃោសនាស័ព្ទនៅតាមមណ្ឌលសំណេរគ្រប់រាជធានី ខេត្តផងដែរ។
ក្រសួងអប់រំ មិនបានផ្សព្វផ្សាយបញ្ជីឈ្មោះបេក្ខជន តាមបណ្ដាញសង្គមហ្វេសប៊ុកទេ ព្រោះក្រសួងតម្រូវឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវទៅមើលឈ្មោះលេខតុ លេខបន្ទប់ នៅមណ្ឌលប្រឡង ដោយផ្ទាល់ ដើម្បីអាចស្គាល់ទីតាំងមណ្ឌលប្រឡង បន្ទប់ប្រឡង ត្រៀមខ្លួនប្រឡង និងជៀសវាងបញ្ហាជាយថាហេតុ។
ការប្រឡងបាក់ឌុប ឆ្នាំ២០១៩ នឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី១៩ និង២០ សីហា។ បេក្ខជនចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ មានជាង ១សែន (១១៧.០២៤) នាក់ ចែកចេញជា២ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ មាន ៧៥មណ្ឌល និងផ្នែកវិទ្យាសាស្ត្រសង្គម មាន១២៧ មណ្ឌល។ ក្នុងចំណោមមណ្ឌលប្រឡងចំនួន ២០២មណ្ឌល ក្រសួងអប់រំ បានផ្លាស់ប្ដូរមណ្ឌលប្រឡងមួយ ពីសង្កាត់ក្រាំងអំពិល នៃក្រុងកំពត ឱ្យទៅប្រឡងនៅមណ្ឌលសាលារៀន គួង យ៉ុក នៅក្រុងកំពតវិញ ដោយសាររងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។ នៅមួយថ្ងៃ មុនការប្រឡងបាក់ឌុបនេះ ក្រសួងសុខាភិបាល ក៏បានចុះទៅបាញ់ថ្នាំមូលនៅតាមមណ្ឌលប្រឡងខ្លះដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម នៅក្នុងពេលប្រឡងបាក់ឌុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។