សិស្ស​ក្រីក្រ​​ជិត​១០០​នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​ទទួល​អំណោយ​ពី​អង្គការ

សិស្ស​ក្រីក្រ​ជនជាតិ​ខ្មែរ វៀតណាម និង​ចាម ជិត ៩៥​នាក់ រៀន​នៅ​សាលា​បឋម​សិក្សា​សាមគ្គី​ភូមិ​កណ្ដាល ខេត្ត​កំពង់ឆ្នាំង ទទួល​បាន​អំណោយ​ជា​សំលៀកបំពាក់ និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ពី​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច (MIRO) នៅ​ថ្ងៃ​ទី​៩ ខែ​មីនា។ នេះ​ជា​អំណោយ​លើក​ទី​២ សម្រាប់​គាំទ្រ​សិស្ស​ក្រីក្រ​ចម្រុះ​ជាតិ​សាសន៍​ក្នុង​សាលា ដែល​ក្នុង​១​លើក​សរុប​ទឹក​ប្រាក់​ជាង ១​ពាន់​ដុល្លារ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ មាន​ប្រសាសន៍​ថា កញ្ចប់​ថវិកា​ដែល​បាន​ចំណាយ​នេះ គឺ​ជា​ជំនួយ​របស់​អង្គការ វី ដាន់ (We done)​តាម​រយៈ​អង្គការ​របស់​លោក។

លោក​ទទូច​ដល់​សប្បុរសជន និង​មនុស្ស​ទូទៅ​មិន​ត្រូវ​ប្រកាន់​ជាតិ​សាសន៍ គឺ​ត្រូវ​គិត​ពី​ភាព​ក្រីក្រ លទ្ធភាព​ទទួល​បាន​ការ​អប់រំ និង​ការ​គោរព​សិទ្ធិមនុស្ស៖ «ដោយសារ​កន្លង​មក​យើង​សិក្សា​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​ពិបាក​ផ្ដល់​មធ្យោបាយ​ឲ្យ​កូន​ចៅ​ពួកគាត់​ទៅ​រៀន​នៅ​ឆ្ងាយ ហើយ​ម្យ៉ាង​គាត់​ក្រីក្រ​គ្មាន​លុយ​កាក់​សម្រាប់​ផ្គត់ផ្គង់​ដូច​ជា​សំលៀកបំពាក់ និង​សៀវភៅ​ប៊ិច ឲ្យ​កូន​ទៅ​រឿន​ទើប​អង្គការ ម៉ាយរ៉ូ ផ្ដើម​គំនិត​ជួយ​ផ្នែក​ហ្នឹង​តែម្ដង»

សាលា​បឋម​សិក្សា​សាមគ្គី​ភូមិ​កណ្ដាល ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង និង​ខេត្ត​កំពង់ឆ្នាំង មាន​សិស្ស​រៀន​ចំនួន ៩៥​នាក់ ក្នុង​នោះ​សិស្ស​ស្រី​ចំនួន ៤៥​នាក់។ សាលា​នេះ​បង្រៀន​ភាសា​ខ្មែរ​ពេល​ព្រឹក និង​ភាសា​វៀតណាម នៅ​ពេល​ល្ងាច។ សិស្ស​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ និង​វៀតណាម រស់​នៅ​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​សង្កាត់​ផ្សារ​ឆ្នាំង ដែល​ពុំ​មាន​លទ្ធភាព​ទៅ​រៀន​នៅ​សាលា​លើ​គោក​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។