ក្រុម​កម្មករ​រោង​ចក្រ​នៅ​ខេត្ត​កណ្ដាល​តវ៉ា​ទាម​ទារ​​សំណង​​ឈាន​ដល់​ថ្ងៃ​ទី​បី​

ក្រុម​កម្មករ​រោងចក្រ​ស្បែក​ជើង​ចំនួន​ ៣០​នាក់ ​បាន​បន្ត​ធ្វើ​បាតុកម្ម​ឈាន​ដល់​ថ្ងៃ​ទី​៣ ​ដើម្បី​ទាម​ទារ​អោយ​ថៅកែ​រោង​ចក្រ​ផ្ដល់​ប្រាក់​សំណង​តាម​ការ​សន្យា​ក្រោយ​ពី​រោង​ចក្រ​នេះ​ព្យួរ​ការងារ​ដោយ​សារ​ជំងឺ​កូវីដ១៩។ ការ​តវ៉ា​រយៈ​ពេល​ ៣ថ្ងៃ​មក​នេះ ​តំណាង​ក្រសួង​ការងារ​បាន​ចុះ​មក​ជួប​ក្រុម​កម្មករ​ដែរ ​តែ​​នៅ​​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ។

ក្រុម​កម្មករ​រោង​ចក្រ​ស្បែក​ជើង​ នៅ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​តវ៉ា​ដើម្បី​អោយ​ចៅ​កែ​រោង​ចក្រ​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ផ្ដល់​សំណង​ដល់​ពួកគេ​​ក្រោយ​ពី​រោង​ចក្រ​ប្រកាស​ពន្យារ​ពេល​ចូល​ធ្វើការ។​

រោងចក្រ​ស្បែកជើង​ សាន់ វែល ស៊ូ (Sun Well Shoes Co. Ltd.) បាន​ជូន​ដំណឹង​​ដល់​ក្រុម​កម្មករ​ថា​ ដោយ​សារ​តែ​ក្រុម​ហ៊ុន​មិន​ទាន់​ទទួល​បាន​នូវ​ការ​បញ្ជា​ទិញ​ពី​ភ្ញៀវ​សារ​ជាថ្មី ​ក្រុម​ហ៊ុន​នឹង​ផ្អាក​ដំណើរ​ការ​ផលិត​កម្ម​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី២ ឧសភា រហូត​ដល់​ថ្ងៃ​ទី១ ខែកក្កដា។

ក្នុង​លិខិត​ប្រកាស​បិទ​នៅ​ពី​មុខ​រោង​ចក្រ​បាន​បញ្ជាក់​ថា ប្រាក់​ឈ្នួល​សម្រាប់​ការ​ព្យួរ​កិច្ចសន្យា​ការងារ​ក្នុង​ខែមេសា​នេះ​ក្រុមហ៊ុន​មាន​លទ្ធភាព​ផ្ដល់​ជូន​ត្រឹម ៣០ដុល្លា​ក្នុង​កម្មករ​ម្នាក់ៗ។ ប្រាក់​ឈ្នួល​នេះ​នឹង​បើក​រួម​ជាមួយ​ប្រាក់ ៤០% ដែល​នៅ​សល់ និង ២០% សម្រាប់​ខែ​មីនា។

កម្មករ​រោងចក្រ​ស្បែក​ជើង​ សាន់ វែល ស៊ូ (Sun Well Shoes) អ្នក​ស្រី ចាន់ សារុំ និយាយ​ថា រយៈ​ពេល​តវ៉ា​បី​ថ្ងៃ​មក​នេះ​ថៅកែ​រោង​ចក្រ​មិន​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​តាម​ការ​សន្យា​ទេ​។​

អ្នក​ស្រី​បញ្ជាក់​ថា​ក្រុម​កម្មករ​ទាំង​អស់​គ្នា​មាន​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​សម្រាប់​ម្ហូប​អាហារ​ថ្ងៃ សាលា​កូន​រៀន និង​ថ្លៃ​ជួល​បន្ទប់​ស្នាក់​នៅ​ជាដើម៖ « ឥឡូវ​កំពុង​អង្គុយ​ពិបាក​ចិត្ត​អត់​មាន​លុយ​បង់​ ផ្ទះ​ជួល​ក៏​អត់​មាន​ លុយ​ធនាគារ​ក៏​អត់​មាន​។លុយ​សូម្បីតែ​ទិញ​អី​ហូប​ក៏​គ្មាន​ដែរ​ លំបាក​ទុក​លើ​គំនរ​ហើយ »

ប្រធាន​នាយក​ដ្ឋាន​អធិការ​កិច្ច​ការ​ងារ​ នៃ​ក្រសួង​ការ​ងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អ៊ុក ចាន់ធូ​ កាល​ពី​ថ្ងៃ​ទី៤ មីនា​ បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​រោងចក្រ​ សាន់​ វែល ស៊ូ ថា ក្រសួង​អនុញ្ញាត​ព្យួរ​កិច្ច​សន្យា​ការងារ​កម្មករ​និយោជិត​ចំនួន ៥៥៤​នាក់ រយៈ​ពេល​ពីរ​ខែ​ចាប់​ពី​ថ្ងៃ​ទី២ រហូត​ដល់​ថ្ងៃ​ទី៣០ មេសា។ ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​កម្មករ​និយោជិក​ក្នុង​អំឡុង​ពេល​ព្យួរ​កិច្ច​សន្យា​ការងារ​នេះ​រោង​ចក្រ​ត្រូវ​អនុវត្ត​បើក​ប្រាក់​ឈ្នួល​អោយ​បាន​ត្រឹម​ត្រូវ​តាម​កិច្ច​ព្រមព្រៀង។​

តំណាង​សហជីពកម្មករ​និយោជិក​ លោក​ សំ វិចិត្រ​ ប្រាប់​អាស៊ី​សេរី​ថា ខាង​តំណាង​រោង​ចក្រ​មិនបាន​គោរព​តាម​កិច្ច​សន្យា​របស់​ខ្លួន​ទេ​។​លោក​បញ្ជាក់​ថា ក្រុម​កម្មករ​នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​ម្ដង​ទៀង​នៅ​ថ្ងៃ​ទី៧ ឧសភា​នេះ​បើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ៖ « កម្មករ​យើង​អត់​ទាន់​មាន​បើក​ប្រាក់​ខែ​ទេ​។​អញ្ចឹង​បង​ប្អូន​យើង​មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​បង់​ផ្ទះ​ជួល​និង​ធនាគារ​ពី​ព្រោះ​ថា​ធនាគារ​វា​ប្រឈម​មែន​ទែន​មិន​មាន​ការ​ពន្យារ​នូវ​ការ​បង់​ទេ។​ដល់​អញ្ចឹង​បង​ប្អូន​យើង​ទុក​លំបាក​មែន​ទែន​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​នេះ​គឺ​អត់​ទាន់​បាន​បើក »

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង ស៊ួ បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

ក្នុង​លិខិត​របស់​សមាគម​ថៅកែ​រោងចក្រ ហៅ​កាត់​ថា GMAC កាលពី​ថ្ងៃទី៤ ខែឧសភា ទៅ​កាន់​អ្នកបញ្ជា​ទិញ​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ មាន​រោងចក្រ​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​ចំនួន​១៨០ នៅ​កម្ពុជា​បាន​ព្យួរ​ការងារ ហើយ​ក៏​មាន​រោងចក្រ​ចំនួន ៦០​ផ្សេង​ទៀត​នឹង​ឈាន​ទៅ​ព្យួរ​បណ្ដោះ​អាសន្ន​ផង​ដែរ។ ស្ថានភាព​នេះ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កម្មករ​ជាង ១៥ម៉ឺន​​នាក់។ GMAC អះអាង​ទៀត​ថា ​ការ​ព្យួរ​ការងារ​នៅ​ក្នុង​វិស័យ​នេះ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​​នឹង​អាច​បន្ត​ការងារ​ឡើងវិញ​បាន​នៅ​ពេល​ណា​ឡើយ ហើយ​កម្មករ ដែល​ត្រូវ​ព្យួរ​ការងារ​អាច​នឹង​កើន​ដល់​ជិត​២០​ម៉ឺន​នាក់​នា​ពេល​ខាង​មុខ។ GMAC​ថា ​ផល​ប៉ះពាល់​មិន​ត្រឹម​តែ​កើត​មាន​នៅ​លើ​កម្មករ​ទេ ប៉ុន្តែ​គឺ​ថែម​ទាំង​ទៅដល់​សមាជិក​គ្រួសារ​ប្រមាណ​២លាននាក់ ដែល​ពឹង​ផ្អែក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។