កម្មករសំណង់ ២នាក់ រៀបរាប់ហេតុការណ៍មុនពេលអគារបាក់រលំ និងស្ថានភាពរស់នៅក្នុងគំនរអគារ រយៈពេល ២យប់ ៣ថ្ងៃ។ អ្នកទាំងពីរ ដែលត្រូវជាសាច់ញាតិនឹងគ្នា គឺជាជនរងគ្រោះចុងក្រោយគេបង្អស់ ក្នុងចំណោមអ្នករបួសទាំងអស់ ២៦នាក់ ក្នុងឧបទ្ទវហេតុរលំបាក់សំណង់អគារចិនមួយកន្លែង នៅខេត្តព្រះសីហនុ។ ពួកគាត់ស្នើដល់អាជ្ញាធរជួយស្វែងរកយុត្តិធម៌ និងផ្ដល់សំណងដល់ក្រុមគ្រួសារកម្មករ ដែលបាត់បង់ជីវិត និងអ្នកកំពុងព្យាបាលនៅមន្ទីរពេទ្យ។
លោក រស់ ស៊ីថា សម្រេចចាកចេញពីផ្ទះនៅខេត្តព្រៃវែង ទៅរកការងារសំណង់ធ្វើក្នុងខេត្តព្រះសីហនុ ជាមួយអ្នកភូមិ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ដែលមានជីវភាពខ្វះខាត។ លោក រស់ ស៊ីថា មានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ កំពុងរៀនសូត្រ។
បុរសវ័យ ៤០ឆ្នាំរូបនេះ រៀបរាប់ថា រូបគាត់ទៅធ្វើការងារសំណង់ជាអ្នកលាយស៊ីម៉ង់ត៍ ២កន្លែង គឺនៅអគារចិន ដែលបាក់រលំ និងការដ្ឋានចិនមួយកន្លែងទៀត នៅជិតកោះពស់ អស់ពេលជាង ២ខែមកហើយ។ ក្នុងមួយថ្ងៃ គាត់អាចរកចំណូលពីការងារនេះបាន ៥ម៉ឺន ២ពាន់រៀល ឬស្នើនឹង ១៣ដុល្លារ។
លោក រស់ ស៊ីថា ប្រាប់ថាការងារសំណង់ គឺត្រូវធ្វើចល័តចុះឡើង ដោយសារតែពេលខ្លះអស់ការងារធ្វើនៅកន្លែងមួយ ត្រូវទៅធ្វើកន្លែងមួយទៀត។
ក្នុងរយៈពេលជាង ១០ថ្ងៃ មុនមានហេតុការណ៍អគារបាក់រលំនោះកើតឡើង លោក រស់ ស៊ីថា និងកម្មករសំណង់ដែលធ្វើការជាមួយគ្នា តែងនាំគ្នាទៅសម្រាន្តនៅជាន់ទី២ ក្នុងអគារចិន ដែលរលំនៅពេលយប់។
នៅយប់កើតហេតុ វេលាម៉ោង ៤ និង ៤០នាទីទៀបភ្លឺ ថ្ងៃទី២២ មិថុនា រូបគាត់ភ្ញាក់ដឹងខ្លួន ហើយក៏ដើរទៅយកទូរស័ព្ទដែលដាក់បញ្ចូលថ្ម។ ប្រហែលជា ១៥នាទីក្រោយមក គាត់ថា ស្រាប់តែឮសំឡេងធ្លាក់ធ្នឹមដែក និងជញ្ជាំងស៊ីម៉ង់បាក់មកពីលើចុះមកក្រោមសន្ធាប់គ្នាតែម្ដង។
លោក រស់ ស៊ីថា និងមនុស្សពីរនាក់ទៀតត្រូវជាក្មួយ និងប្អូនថ្លៃ បានរួចផុតជីវិត ដោយសារបានបាវអង្ករ ដែលដាក់ត្រួតគ្នានៅលើធុងប៉េត្រូ ជួយទប់ធ្នឹមមិនឲ្យសង្កត់លើ៖ «បាទ!ខ្ញុំក្រាលកន្ទេលដេកនឹងការ៉ូ ចងមុង។ បានបាវអង្ករដាក់នៅពីក្រោម។ ធ្នឹមហ្នឹងធ្លាក់មកទៅ កលនឹងការុងអង្ករជាប់ទៅ វាអត់ធ្លាប់មកសង្កត់។ ខ្ញុំមិនដឹងថា ធ្លាក់មកយ៉ាងមិចដែរ បានបាវអង្ករនៅខាងចុងជើងខ្ញុំហ្នឹង ២ការុង វានៅទ្រធ្នឹមជាប់រហូតទៅ។ ខ្ញុំបំភ្លឺភ្លើងទូរស័ព្ទ ឃើញវានៅទ្រជាប់ ដល់អ៊ីចឹង ខ្ញុំមិនដឹងមកពីហេតុអ្វីដែរ។ វាធ្លាក់មកដូចគេទ្រអ៊ីចឹង។ បាវអង្ករនៅខាងចុងជើងខ្ញុំ។ ខ្ញុំដាក់នៅខាងចុងជើង»។
ក្នុងពេលកើតហេតុភ្លាមៗ នោះ លោក រស់ ស៊ីថា ឃើញមានមនុស្សម្នាក់ដែលសម្រាន្តជាមួយលោកស្លាប់ នៅជាន់ទី២ នៃអគារ៖ «បន្ទប់ខ្ញុំនៅ មានគ្នាបួននាក់ នៅរស់តែបីនាក់ទេ ស្លាប់អស់ម្នាក់។ ខ្ញុំរស់នៅ ដោយគេយកបាននៅក្រោយគេហ្នឹងពីរនាក់ ក្មួយ ហើយខ្ញុំ ហើយនិងប្អូនថ្លៃខ្ញុំ គាត់ចេញរួចមុន។ បានគេជួយភ្លាមៗ ក្រោយពេលបាក់ភ្លាមហ្នឹង។ មានគេមកជួយគាត់ទាន់ពេល អាហ្នឹងប្អូនថ្លៃខ្ញុំ គាត់ចេញរួចហើយ។ គាត់ឈ្មោះ ខាន់ សុផល គាត់អាយុ ៣៩ឆ្នាំ។ ម្នាក់ទៀតហ្នឹង គេហៅ អាគ គាត់នៅខាងស្រុកបាភ្នំ។ គាត់ធ្វើការជាមួយខ្ញុំដែរ គាត់ជាងការ៉ូ គាត់ស្លាប់ភ្លាមៗ នៅកន្លែងតែម្ដង»។
លោក រស់ ស៊ីថា លើកឡើងថា ប្រហែលជាមកពីគំនរដែក ស៊ីម៉ង់ច្រើនពេក ហើយក្រុមអ្នកជួយសង្គ្រោះរុករកមនុស្សមិនអាចធ្វើទៅបានទាន់ពេល ទើបធ្វើឲ្យគាត់ និងក្មួយប្រុសម្នាក់ត្រូវជាប់ក្នុងគំនរអគារបាក់រលំរហូតទៅដល់ជាង ៦០ម៉ោង។ ក្នុងកំឡុងពេលនោះ ពួកគាត់ទាំងពីរគ្មានអ្វីហូបទេ សូម្បីតែទឹកផឹកក៏គ្មានដែរ ហើយធំក្លិនស្អុយសាកសព៖ «ខ្ញុំមានតែគោះ និងស្រែកហៅគេ។ គោះដែកខាងលើ ដែកដាក់ទ្រាប់នៅលើពិតានហ្នឹង ដើម្បីស្រែកហៅគេ ហើយគេក៏គ្មានឮសោះ ព្រោះគេនៅខាងលើ គេប្រើគ្រឿងចក្រ មានសំឡេងខ្លាំងៗ ពេក។ អត់ស្ដាប់សំឡេងនៅខាងក្រោមឮ ហើយដែកនៅច្រើនជាន់ នៅជាន់ពីលើគ្នា ហើយអ៊ីចឹងទៅ នៅក្នុងហ្នឹងវាអត់ឮដល់លើទេ»។
ចំណែក លោក កាក់ គា វ័យ ១៨ឆ្នាំ ដែលត្រូវជាក្មួយប្រុសលោក រស់ ស៊ីថា ធ្វើការជាអ្នករៀបការ៉ូ។ ក្នុង ១ថ្ងៃ យុវជនរូបនេះ រកចំណូលពីការងារសំណង់ បាន ៤ម៉ឺន ៨ពាន់រៀល ឬស្មើនឹង ១២ដុល្លារ។ យុវជន កាក់ គា រៀបរាប់ថា អគារដែលបាក់រលំនោះ គឺធ្វើឡើងដោយប្រើធ្នឹមដែក ហើយមួលខ្ចៅតភ្ជាប់គ្នាពីមួយជាន់ទៅមួយជាន់ ដោយគ្មានចាក់ប្លង់សេ ឬរាយសរសៃដែក ត្រឹមត្រូវនោះទេ។ ចំណែកជញ្ជាំងអគារវិញ គេតម្រូវឲ្យរៀបឥដ្ឋបិទភ្ជាប់ដោយកុងផ្លាកកេ ទៅនឹងធ្នឹមដែក។ លោក កាក់ គា យល់ថា ការបាក់រលំនេះ អាចបណ្ដាលមកពីដាច់ខ្ចៅដែលមួលតភ្ជាប់ពីធ្នឹមដែកមួយទៅមួយ៖ «ខ្ញុំអត់សូវដឹងដែរបង ឃើញតែគេរៀបដែកៗ ឡើងលើ ដាក់ប្លុងអីចឹង។ ជញ្ជាំងគេរៀបឥដ្ឋ តែឥដ្ឋសៗ ហើយគេអត់បូកអត់អីទេ។ គេយកក្ដារកុងផ្លាកកេ យកដាក់ជាជញ្ជាំងតែម្ដង។ នៅពេលខ្ញុំអត់ដឹង ដេកលក់ ប៉ុន្តែ ខ្ញុំសម្រាន្តនៅជាន់ទី២។ ដល់ពេលបាក់ហើយ ឃើញមួយប្រឡោះហ្នឹង មានដុំថ្ម មានធុងទឹក មានប៉េត្រូជួយទ្រ ហើយបាវអង្ករពីរទៀតជួយទ្រធ្នឹម»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា លោក សុខ គីន សង្កេតឃើញថា ករណីសំណង់អគារដែលបាក់រលំនៅខេត្តព្រះសីហនុ គឺធ្វើខុសបច្ចេកទេសរួចទៅហើយ។ លោក សុខ គីន ដាក់ចេញជាចម្ងល់ថា ប្រសិនបើអាជ្ញាធរហាមឃាត់ម្ចាស់សំណង់អគារនោះ ២ដងរួចហើយ ហេតុអ្វីបានជាអគារអាចបន្តសង់ដល់ទៅ ៧ជាន់។ មន្ត្រីសហជីពរូបនេះលើកឡើងថា គ្រោះថ្នាក់ដល់បាត់បង់ជីវិត និងពិការភាព ក្នុងការងារសំណង់ បានកើតឡើងច្រើនមកហើយ ប៉ុន្តែមិនមានចំនួនច្រើនដូចករណីនៅខេត្តព្រះសីហនុ៖ «បើយើងគិតឲ្យដល់គុណភាពសំណង់ លុះត្រាតែមានការអនុញ្ញាត ពីមន្ទីរស្ថាប័នដែលពាក់ព័ន្ធនៅទឹកដីហ្នឹង ហើយក៏មានការត្រួតពិនិត្យថា គុណភាពសំណង់ធ្វើប្រភេទហ្នឹង អាចសាងសង់ទៅលើបានកម្ពស់ប៉ុន្មានជាន់។ មិនមែនដូចអគារដែលចិនសាងសង់ហ្នឹង ខ្ញុំគិតថា ក្រឡេកមើលទៅក៏ខុសបច្ចេកទេសដែរ។ ធ្វើម៉ាកៗ ហ្នឹង អត់មានធ្នឹម អត់ដែករែងចងក្រវាត់អ៊ីចឹង។ វាពាក់ព័ន្ធនឹងគុណភាពសំណង់។ ខ្ញុំគិតថា យើងមើលហ្នឹងភ្នែកទទេ ក៏ដឹងថាខុសបច្ចេកទេសដែរ តាមបទពិសោធដែលខ្ញុំចុះតាមការដ្ឋានផ្សេងៗ»។
លោក សុខ គីន យល់ថា ក្រសួងពាក់ព័ន្ធគួរចុះធ្វើអធិការកិច្ចរាល់ការដ្ឋានសំណង់ទាំងអស់ ដើម្បីរកឲ្យឃើញថា សំណង់មានច្បាប់អនុញ្ញាត និងត្រូវបញ្ឈប់សំណង់ដែលគ្មានច្បាប់អនុវត្ត។ លោក សុខ គីន ជឿជាក់ការអនុវត្តចំណាត់ការបែបនេះ អាចជាផ្នែកមួយជួយទប់ស្កាត់ និងបង្ការមិនឲ្យមានហេតុការណ៍បាក់រលំអគារសំណង់ផ្សេងទៀត៖ «បើមិនដូច្នេះ ទេពេលដែលគ្រោះថ្នាក់ហើយ បានស្ថាប័នមួយដុតដៃដុតជើង យកចិត្តទុកដាក់បង្កើតគណៈកម្មការនេះ គណៈកម្មការនោះ ដើម្បីស្រាវជ្រាវ។ អ៊ីចឹងយើងសួរថា បានប្រយោជន៍អី បើគាត់ងាប់បាត់ហើយហ្នឹង។ បានតែអ្នកជាប់គុក អនុវត្តច្បាប់ វាជាប់ក្នុងទោសអីតិចតួចប៉ុណ្ណឹងឯង ប៉ុន្តែសួរអ្នកជាប់ទោស សងអាយុជីវិតគាត់បានឬអត់។ គ្រួសារគាត់អ្នកណាចិញ្ចឹម កូនប្រពន្ធគាត់ មានបញ្ហាអីកើតឡើង។ អ៊ីចឹង ! ខ្ញុំសូមឲ្យការពារមុននឹងអនុវត្តសកម្មភាពឲ្យចៀសផុតពីគ្រោះថ្នាក់»។
កម្មករសំណង់ ២នាក់ គឺលោក រស់ ស៊ីថា និងលោក កាក់ គា ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ មិថុនា ក្រោយពីក្រុមសង្គ្រោះជួយយកពួកគេចេញពីអគារបាក់រលំ។ មកដល់ពេលនេះ ស្ថានភាពសុខភាពរបស់កម្មករទាំងពីរនាក់ ហាក់បានធូរស្បើយបន្តិចហើយ៖ «ខ្ញុំហូបបានបបរតិចៗ ខ្លួនខ្ញុំអត់អីទេ ប៉ុន្តែវាគ្រាន់តែ អត់មានកម្លាំង នៅខ្សោយ»។
លោក សុខ រស់ ដែលត្រូវជាឪពុកយុវជនរូបនេះ ឲ្យអាស៊ីសេរីដឹងថា គាត់មានក្ដីរំភើបរីករាយ បន្ទាប់ពីឮដំណឹងថា កូនប្រុសគាត់នៅរស់រានមានជីវិតនៅឡើយ។ លោក សុខ រស់ ថា លោកនឹងឲ្យកូនគាត់ទៅប្រកបការងារផ្សេងពីការងារសំណង់ ក្រោយជួបរឿងហេតុអាក្រក់ដូច្នេះ៖ «កាលថ្ងៃមុនដំបូងនៅមានសង្ឃឹមខ្លះ ពេលលើកមកបាត់ៗ យកបានមួយៗ មនុស្សនៅច្រើន។ អ្នកដែលលើកឡើងមើលលែងចង់ស្គាល់អស់ហើយហ្នឹង។ កាលហ្នឹង មានអារម្មណ៍ថា គ្មានសង្ឃឹមទេ ឲ្យតែបានឃើញ ឲ្យតែបានសាកសពមើលស្គាល់ យកទៅធ្វើបុណ្យជួបបងប្អូននៅស្រុក។ ពេលនេះ ខ្ញុំបានសប្បាយអរ ក្នុងនាមជាឪពុក។ ខ្ញុំឲ្យឈប់ហើយគ្រឿងសំណង់។ យើងយល់ដឹងរឿងនេះទៅហើយ រកមុខរបរផ្សេងៗ ទៀតទៅ។ អាហ្នឹង ! ស្រេចជំនាញរបស់កូន កូនចង់ធ្វើអ្វីធ្វើទៅ»។
ដូចគ្នានេះដែរ លោក រស់ ស៊ីថា ថ្លែងថា លោកនឹងវិលត្រឡប់ទៅស្រុកកំណើតវិញ ជួបជុំប្រពន្ធកូន ហើយធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមគ្រួសារវិញ ដោយមិនបន្តការងារសំណង់តទៀតនោះទេ។ លោក រស់ ស៊ីថា អំពាវនាវដល់កម្មករសំណង់ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការងារ ដើម្បីកុំបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត។ បន្ថែមលើសនេះ លោក ក៏ស្នើសុំដល់អាជ្ញាធរជួយរកយុត្តិធម៌ និងផ្ដល់សំណងឲ្យបានសមរម្យដល់ក្រុមគ្រួសារអ្នកស្លាប់ និងអ្នករងរបួសទាំងអស់។
កាលពីថ្ងៃទី២៥ មិថុនា សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន ជាតិចិនចំនួន ៤នាក់ ក្រោយចោទប្រកាន់ផ្សេងៗ គ្នា បន្ទាប់ពីពួកគេបានសាងសង់អគារកម្ពស់ ៧ជាន់ ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរកម្ពុជា និងសាងសង់ខុសបច្ចេកទេស បណ្ដាលឲ្យរលំបាក់ អគារសង្កត់សម្លាប់កម្មករខ្មែរដែលស៊ីឈ្នួល ធ្វើការសំណង់នៅទីនោះស្លាប់ចំនួន ២៨ និងរបួសធ្ងន់ ស្រាលចំនួន ២៦នាក់។
ក្នុងរឿងនេះដែរ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចោទប្រកាន់មនុស្ស ៣នាក់បន្ថែមទៀត ប៉ុន្តែមិនបង្ហាញ អត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា មនុស្ស ៣នាក់នាក់ គឺជាជនជាតិខ្មែរ និងជនជាតិចិន។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង ប្រាប់ប្រព័ន្ធឃោសនា ដែលស្និតរបបក្រុងភ្នំពេញថា ពួកគេទាំង ៣នាក់នេះ ត្រូវបានចោទប្រកាន់ ពីបទសមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនាសមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួស ស្នាមដល់អ្នកដទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
