តំណាងកម្មករ ៣នាក់ សម្រេចលាឈប់ពីការងារ ក្រោយពីជួបជាមួយប្រធានមន្ទីរការងារខេត្ត នៅថ្ងៃទី១២ មករា ដោយគ្មានវត្តមានភាគីថៅកែក្រុមហ៊ុនចូលរួម ក្នុងរឿងវិវាទការងារនៅរោងចក្រ បៃហុង ខេត្តស្វាយរៀង។ ប្រធានសហភាពចលនាកម្មករកម្ពុជា យល់ថាការសម្រេចចិត្តលាឈប់ពីការងាររបស់តំណាងកម្មករនេះ អាចពួកគេមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ឬក៏អាចមានការបំភិតបំភ័យ គំរាមកំហែងណាមួយចំពោះពួកគេ។
តំណាងកម្មករ ៣រូប មាន លោក ផុង មេសា លោកស្រី ម៉ោង សុភី និងលោកស្រី ជួប ភារុំ សម្រេចឈប់ធ្វើការនៅរោងចក្ររោងចក្របៃហុង ខេបមូ (Bai Hong Cambo) ហើយមិនបន្តដឹកនាំកម្មករធ្វើកូដកម្មតទៅទៀតទេ ក្រោយពីអាជ្ញាធរខេត្តស្វាយរៀង ចុះដោះស្រាយវិវាទការងារក្នុងរោងចក្រមួយនេះ។
តំណាងកម្មករម្នាក់ក្នុងចំណោមបីនាក់ លោក ផុង មេសា ប្រាប់អាស៊ីសេរីថា ការសម្រេចចិត្តដែលនាំឲ្យពួកគាត់ លាឈប់ពីការងារបែបនេះ ដោយសារតែពួកគាត់មិនចង់ឲ្យកម្មករជាង ១.២០០នាក់បាត់បង់ការងារធ្វើ នាំឲ្យគ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេបាន។ ក្រោយពីការលាឈប់ពីការងារ តំណាងកម្មកររូបនេះ ស្នើសុំទាំងអាជ្ញាធរខេត្ត ទាំងភាគីក្រុមហ៊ុនត្រូវគោរពសិទ្ធិកម្មករ និងគិតប្រាក់ឈ្នួលកម្មករឲ្យបានត្រឹមត្រូវ ដោយត្រូវមិនកេងប្រវ័ញ្ច និងដាក់បន្ទុកការងារកាន់ច្រើនឡើងៗ ឲ្យកម្មករធ្វើទៅតាមការចង់បានរបស់ក្រុមហ៊ុននោះទេ៖ «ពួកខ្ញុំគឺបានស្ម័គ្រចិត្តឲ្យកម្មករ គាត់ចូលធ្វើការវិញ ព្រោះថា យើងមើលទៅ បើយើងធ្វើទៅមុខទៀត ក៏ទៅមិនរួច ហើយបងប្អូនអ្នកគាំទ្រយើងគាត់នៅតទៅទៀត ក៏គាត់ខាតផលប្រយោជន៍ច្រើនដែរ ដូចជាអត្ថប្រយោជន៍ ដូចជាលុយថ្ងៃ គេកាត់ជិតអស់ហើយហ្នឹង។ ពួកយើងក៏មិនអាចឈរមើលឱបដៃចាំឲ្យគេដោះស្រាយឲ្យយើង ទាំងបងប្អូនយើងត្រូវបានគេកាត់លុយដែរបង។ ខាងខេត្តមកដោះស្រាយឲ្យយើង គាត់ដោះស្រាយរបៀបដូចរាល់ដង។ ហើយអ៊ីចឹង ពួកយើងក៏គ្មានទឹកចិត្តអី ត្រូវធ្វើទៀតដែរ ដោះស្រាយ ៣ដងហើយនៅតែមិនចេញអ៊ីចឹង»។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា យល់ថា អាចពួកគេរងការបំភិតបំភ័យ គំរាមកំហែងណាមួយ ឬបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ទើបធ្វើឲ្យពួកគេសម្រេចចិត្តលាឈប់ពីការងារដូច្នេះ។ លោក ប៉ាវ ស៊ីណា លើកឡើងថា មន្ត្រីបម្រើការងារក្នុងស្ថាប័នរដ្ឋ មិនគួរទោរទន់ទៅតាមការចង់បានរបស់ភាគីថៅកែក្រុមហ៊ុន ហើយបែរមកដាក់គំនាប គាបសង្កត់ តំណាងកម្មករ និងសហជីពការងារ ឲ្យព្រមទទួលការចង់បានរបស់ខ្លួននោះឡើយ៖ «ពីម្សិលមិញ យើងឃើញមានការគំរាមពីអាជ្ញាធរនៅតំបន់ហ្នឹង ជាពិសេសទៀត ពួកគាត់បារម្ភពីការប្ដឹងផ្ដល់ផ្សេងៗ នៅពេលដែលពួកគាត់ធ្វើការទាមទារឲ្យពួកគាត់ចូលវិញ។ ហើយម្យ៉ាងទៀត គេបានហាមប្រាមមិនឲ្យមានវត្តមាន សហជីពយើងចូលរួមសម្របសម្រួល ចូលរួមដោះស្រាយជូនកម្មករនោះទេ នេះជាហេតុផលមួយ បើសិនគាត់សម្រេចចិត្តឈប់មែន ដោយសារតែគាត់មើលឃើញថា មិនមានភាគីណា ជួយធ្វើការអន្តរាគមន៍ទៅលើករណីរបស់ពួកគាត់។ ជាពិសេសយើងឃើញមានតែការបំភិតបំភ័យ ដែលនេះជាហេតុផល»។
ទាក់ទងនឹងការលើកឡើងនេះ អាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយបំភ្លឺពីប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក ហាស់ ប៊ុនធី ដោយលោកបិទទូរស័ព្ទ។ ចំណែក អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុឃឿន ក៏មិនអាចសុំការបកស្រាយបានដែរ ដោយហៅទូរស័ព្ទចូលជាច្រើន តែគ្មានអ្នកទទួល។
ក្រុមកម្មកររោងចក្រផលិតអំពូលភ្លើងបានធ្វើកូដកម្មអស់រយៈពេល៥ថ្ងៃ ទាមទារឲ្យថៅកែរោងចក្រជនជាតិចិនតៃវ៉ាន់ ទទួលយកតំណាងពួកគេចូលធ្វើការវិញ។ ប៉ុន្តែការទាមទារនេះ ត្រូវបានភាគីក្រុមហ៊ុនបដិសេធ និងគ្មានបញ្ជាក់ពីមូលហេតុច្បាស់លាស់ណាមួយឡើយ ក្រោយពីដឹងថាតំណាងកម្មករទាំងនោះ ចង់បង្កើតសហជីពការងារមួយនៅក្នុងរោងចក្រ។
លោក ប៉ាវ ស៊ីណា ថា ការបញ្ឈប់តំណាងកម្មករ សកម្មជនសហជីពនៅថ្នាក់មូលដ្ឋាន ពីសំណាក់ភាគីក្រុមហ៊ុន កំពុងតែកើតឡើងជាបន្តបន្ទាប់ ទោះបីជា សិទ្ធិបង្កើតសហជីព និងការការពារសេរីភាពសហជីព ត្រូវបានធានាដោយច្បាប់ក៏ដោយ ប៉ុន្តែភាគីថៅកែរោងចក្រ ហាក់មិនខ្វាយខ្វល់ ចំពោះការអនុវត្តច្បាប់នោះឡើយ។ លោកយល់ថា មានតែការអនុវត្តច្បាប់ដោយស្មើភាពគ្នា ទើបអាចបញ្ចៀសវិវាទការងាររវាងកម្មករនិងថៅកែរោងចក្របាន។ លោកថា បើសិនមន្ត្រីអនុវត្តច្បាប់គ្មានសមត្ថភាពបង្ខំ ឬដាក់សំពាធ អោយថៅកែគោរពច្បាប់ទៅហើយ នោះកម្មករកាន់តែរងការរំលោភបំពានសិទ្ធិការងារធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
