ក្រសួងសាធារណការ និងដឹកជញ្ជូន រកឃើញរថយន្តស៊េរីទំនើបអត់បង់ពន្ធជាង ៥រយគ្រឿង ខ្លះមានស្លាកលេខខ.ម និងស្លាកលេខរដ្ឋ ជាដើម ក្រោយពីបានដាក់ឱ្យដំណើរការយន្តការប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចែករំលែកទិន្នន័យចុះបញ្ជីយានយន្ត និងទិន្នន័យពន្ធនាំចូលយានយន្តកាលពីខែឧសភា ឆ្នាំ២០១៨មក។
ក្រុមការងារអន្តរក្រសួងបានត្រួតពិនិត្យរថយន្តដែលមន្ត្រីគយឃាត់ទុកនៅក្នុងឃ្លាំងរបស់គយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២២ សីហា ដោយរកឃើញថា មានរថយន្តដែលមានភាពមិនប្រក្រតីជាច្រើនគ្រឿងដូចជា រថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល រថយន្តពាក់ស្លាកលេខក្លែងក្លាយ និងរថយន្តខ្លះជារថយន្តកាត់តមានបញ្ហាលេខតួ លេខម៉ាស៊ីន ឆ្នាំ ផលិតនិងទ្រង់ទ្រាយផ្សេងៗ គ្នាជាដើម។
ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
បានបង្កើតក្រុមការងារអន្តរក្រសួងមួយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចដាក់ឱ្យដំណើរការយន្តការប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចែករំលែកទិន្នន័យចុះបញ្ជីយានយន្ត និងទិន្នន័យពន្ធនាំចូលយានយន្តទៅវិញទៅមក និងតាមដានភាពមិនប្រក្រតីនានាពាក់ព័ន្ធ និងការចរាចររថយន្ត។ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចែករំលែកទិន្នន័យចុះបញ្ជីយានយន្ត និងទិន្នន័យពន្ធនាំចូលយានយន្តនេះផ្ដល់លទ្ធផលវិជ្ជមានជាច្រើន ដូចជាការចុះបញ្ជីយានយន្តមានរយៈពេលខ្លី រហ័សធានាមិនមានការក្លែងបន្លំឯកសារសាធារណៈ ទប់ស្កាត់ និងចាប់រថយន្តដែលមិនបង់ពន្ធនាំចូល បង្កើនប្រសិទ្ធភាពការអនុវត្តប្រមូលពន្ធនិងបង្កើនចំណូលថវិកាជាតិ ។
យ៉ាងណាក៏ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនបានបញ្ជាក់ថា ម្ចាស់រថយន្តទំនើប ដែលត្រូវបានឃាត់ទុកនេះជានរណា និងនាំចូលរថយន្តទាំងនោះ ចូលមកដោយរបៀបណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។