កម្មករ​ត្រឡប់​ពី​ស្វាយរៀង​និង​ព្រៃវែង​ត្អូញ​ពី​ការ​លំបាក​ជិះ​ឡាន​មក​ភ្នំពេញ

0:00 / 0:00

កម្មករ​កម្មការិនី​ជា​ច្រើន​នាក់ បាន​សម្រុក​មក​ភ្នំពេញ​វិញ បន្ទាប់​ពី​ពិធី​ចូល​ឆ្នាំ​រួច បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ពេល​ជិះ​តាក់ស៊ី។ ការ​ត្អូញត្អែរ​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​រថយន្ត​តាក់ស៊ី ដឹក​អ្នក​ដំណើរ​ប្រភេទ សាំងយ៉ុង (Sangyong) និង​កាមរី (Camry) ជាដើម​ផ្ទុក​មនុស្ស​ច្រើន​លើស​កំណត់ ចង្អៀត​ណែន ខ្លះ​ជិះ​លើ​ដំបូល ដែល​បង្ក​ផលវិបាក​ដល់​អ្នក​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង។

ក្រុម​កម្មករ​កម្មការិនី​ទាំង​នោះ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​រថយន្ត​ល្មើស​ច្បាប់​ទាំង​នោះ។

កម្មករ​កម្មការិនី​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង អះអាង​ថា ពួកគេ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ភ្នំពេញ វិញ ភាគ​ច្រើន​នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ មេសា។ ប៉ុន្តែ​អ្វី​ដែល​ពួកគាត់​បារម្ភ​ចម្បង គឺ​ការ​ធ្វើ​ដំណើរ​ដោយ​ពុំ​មាន​ជម្រើស តម្រូវ​ជិះ​តាក់ស៊ី​ដែល​ផ្ទុក​មនុស្ស​ចង្អៀត​ណែន ពោល​គឺ​រថយន្ត​១​គ្រឿង​ផ្ទុក​មនុស្ស​ដល់​ទៅ​ជាង ៣០​នាក់។

​កម្មការិនី​ម្នាក់​រស់​នៅ​ឃុំ​ក្រោលគោ​ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង កញ្ញា ម៉ោ សារាំ រៀបរាប់​នៅ​ថ្ងៃ​ទី​២០ មេសា ថា នាង​បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត​សាំងយ៉ុង ពី​ក្រោលគោ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ដោយ​ផ្ទុក​មនុស្ស​ជាង ៣០​នាក់ ក្នុង​នោះ​មាន​ខ្លះ​ជិះ​លើ​ដំបូល ព្រម​ទាំង​រាន​ខាង​ក្រោយ​រថយន្ត ដែល​ជា​ហេតុ​អាច​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់។

កញ្ញា​បន្ត​ថា ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​ស្វាយរៀង មក​ដល់​ភ្នំពេញ ពុំ​ឃើញ​មាន​ប៉ូលិស​ចរាចរណ៍​ណា​ម្នាក់​ឃាត់​រថយន្ត​នេះ​ដើម្បី​ផាក​ពិន័យ​នោះ​ទេ ទោះ​បី​ការ​ជិះ​លើ​ដំបូល​គឺ​ខុស​ច្បាប់​ក្តី។ កញ្ញា​ថា ការ​ជិះ​ក្នុង​រថយន្ត​ចង្អៀត​ណែន និង​ក្រៅ​ហប់ មាន​ពេល​ខ្លះ​ចង់​ក្អួតចង្អោរ​ក៏​មាន ដោយសារ​តែ​ម្ចាស់​រថយន្ត​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍៖ «ចង្អៀត គាត់​ដាក់​អីវ៉ាន់​ច្រើន ហើយ​ណែន​ពេក វា​ក្ដៅ។ នៅ​លើ​ដំបូល​ដឹង​ថា ៤ ហើយ​ជិះ​នៅ​ខាង​មុន​នោះ ហើយ​ខ្ញុំ​ជិះ​នៅ​ក្រោយ ១០​នាក់​ហើយ»

កញ្ញា ម៉ោ សារាំ បន្ថែម​ទៀត​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​បញ្ហា​នេះ​កើត​មាន​ទេ នោះ​ជីវិត​ពលរដ្ឋ​ខ្មែរ​នឹង​ត្រូវ​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ភាព​ធូរ​លុង​ការ​អនុវត្ត​ច្បាប់។

ទាក់ទិន​បញ្ហា​នេះ​ដែរ អនុ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ក្រុង​ភ្នំពេញ លោក ប៉ែន ឃុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មេសា ថា រថយន្ត​តាក់ស៊ី​ទាំង​អស់ ដោយសារ​តែ​ច្បាប់​ចាស់​ធូរ​លុង ដូច្នេះ​អ្នក​បើក​រថយន្ត រួម​ទាំង​អ្នក​រត់​តាក់ស៊ី​ភាគ​ច្រើន​មិន​គោរព​ត្រូវ​ទ​ទូល​ការ​ផាក​ពិន័យ​តែ ៨​ពាន់​រៀល សម្រាប់​រថយន្ត​ធុន​ស្រាល ចំណែក​រថយន្ត​ធុន​ធ្ងន់​តែ ១៥.០០០​រៀល​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ម្ចាស់​យានយន្ត​មិន​រាង​ចាល។ ក៏ប៉ុន្តែ​ច្បាប់​ថ្មី​ដែល​ចុះ​ជា​ធរមាន កាល​ពី​ដើម​ឆ្នាំ​២០១៥ រង់ចាំ​អនុក្រឹត្យ​សិន​ទើប​អនុវត្ត។

លោក​រំពឹង​ថា បើ​ច្បាប់​ថ្មី​ត្រូវ​បាន​គេ​យក​មក​អនុវត្ត នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះតែ​ច្បាប់​ថ្មី​ត្រូវ​បាន​រឹត​បន្តឹង៖ «ការ​វាក​ពិន័យ​អន្តរកាល អត់​ទាន​មាន​អនុក្រឹត្យ​យើង​ផាក​តាម​ច្បាប់​ចាស់​ដដែល។ មាន​ន័យ​ថា រាល់​ថ្ងៃ​ហ្នឹង​យើង​អនុវត្ត​តាម​ការ​ផាក​ពិន័យ​ទៅ​តាម​ច្បាប់​ចាស់​នៅ​ឡើយ»

បញ្ហា​ភាព​ធូរ​លុង​នៃ​ការ​បើកបរ​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​ធូរ​លុង និង​កត្តា​កង្វះ​ការ​អប់រំ​ពី​ច្បាប់​ចរាចរណ៍។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី ថ្លែង​ថា អស់​រយៈពេល ១០​ឆ្នាំ​ហើយ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទៅ​លើ​អ្នក​រត់​តាក់ស៊ី​នៅ​តែ​បរាជ័យ។ លោក​ថា ការ​បរាជ័យ​នោះ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​មិន​មាន​វិធានការ​ច្បាស់លាស់​ទៅ​លើ​អ្នក​បើកបរ និង​អ្នក​រត់​តាក់ស៊ី។

លោក​បន្ត​ថា សុវត្ថិភាព​របស់​កម្មករ​អាស្រ័យ​លើ​គោលនយោបាយ​ដឹកនាំ​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ដែល​ធានា​ថា នឹង​អនុវត្ត​ច្បាប់​សុក្រឹត និង​មាន​តម្លាភាព៖ «ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ការ​ដឹក​ជញ្ជូន​ហ្នឹង​មាន​ការ​ឡើង​ថ្លៃ គឺ​រដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ ប៉ុន្តែ​រដ្ឋាភិបាល​អត់​ធ្វើ ដូច្នេះ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​មួយ​គាត់​ស្រែង​អំពាវនាវ​ដល់​អាជីវករ​ដើម្បី​កុំ​ឲ្យ​ឡើង​ថ្លៃ​អ៊ីចឹង អ៊ីចឹង​គាត់​ស្នើ​នឹង​សង្គម​ស៊ីវិល​ដែរ​ហ្នឹង»

ក្នុង​ករណី​នេះ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌ លោក ប៉ូ សំណាង មាន​ប្រសាសន៍​ថា អ្នក​បើ​បរ និង​អ្នក​បញ្ជា​យានយន្ត​នៅ​តាម​ដង​ផ្លូវ រួម​ទាំង​អ្នក​បើក​តាក់ស៊ី​មិន​បាន​ឆ្លង​កាត់​ការ​សិក្សា​ពី​ច្បាប់​ជា​បញ្ហា​ចម្បង​បណ្ដាល​ឲ្យ​គាត់​មិន​គោរព​ច្បាប់ និង​អាច​ងាយ​រងគ្រោះថ្នាក់។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​មិន​រក​មធ្យោបាយ​បំផុស​ចលនា​អប់រំ​ស្ដីពី​ច្បាប់​ចរាចរណ៍​ទេ នោះ​ការ​កើន​ឡើង​នៃ​ការ​ស្លាប់​ជីវិត​មនុស្ស នឹង​កើត​ទ្វេ​ដង​នៅ​ពេល​ខាង​មុខ។

លោក​ថា អាយុ​ជីវិត​ពលរដ្ឋ រួម​ទាំង​អ្នក​ធ្វើ​ដំណើរ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​អ្នក​បើកបរ បើ​អ្នក​បើកបរ​មាន​ភាព​ខ្វះ​ចន្លោះ​នោះ ជីវិត​អ្នក​ធ្វើ​ដំណើរ​ត្រូវ​ប្រឈម​នឹង​ការ​ស្លាប់៖ «បើ​អ៊ីចឹង​ប្រទេស​ដ៏​រុងរឿង គឺ​ប្រទេស​ដែល​មាន​ការ​អប់រំ​ផ្សព្វផ្សាយ»

ស្រដៀង​គ្នា​នេះ​ដែរ របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​ថា មនុស្ស​ចំនួន ៣៧​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន ២៤៨​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​រយៈពេល ៣​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៥។ គោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​ជាង ១០០​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។