ប៉ូលិសថៃចាប់ខ្លួនពលករខ្មែរ ៤នាក់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនខុសច្បាប់ នៅស្រុកក្លងយ៉ៃ(Klong Yai) ខេត្តត្រាត (Trat) ជាប់ព្រំដែនខេត្តកោះកុង កាលពីថ្ងៃទី២០ ខែមេសា។
កាសែតរបស់ថៃចុះផ្សាយនៅថ្ងៃទី២១ មេសាថា ពលករខ្មែរទាំង ៤នាក់នោះមានអាយុចន្លោះពី ១៦ ដល់ ៣២ឆ្នាំ ក៏ប៉ុន្តែមិនបានបញ្ជាក់ថាពួកគេមានស្រុកកំណើតនៅក្នុងខេត្តណានោះទេ។ ប៉ូលិសថៃ រកឃើញថា ពួកគេបានរក្សាទុកថ្នាំញៀនប្រភេទម៉ាទឹកកកជិត ៧គីឡូក្រាម ដើម្បីនាំទៅចែកចាយដល់ពលករខ្មែរ និងជនជាតិថៃក្នុងខេត្តត្រាត (Trat)។
ប្រភពដដែល បន្ថែមថា ថ្នាំញៀនទាំងនោះ បានដាក់ក្នុងប្រអប់បិទជិតបានអណ្ដែតតាមទឹកមកទើរនៅមាត់សមុទ្រក្នុងស្រុកកោះកូតរបស់ថៃ ហើយជនសង្ស័យទាំងនោះរើសបានរួចនាំគ្នាយកទៅរក្សាទុក និងយកទៅចែកចាយបន្តនៅក្នុងមូលដ្ឋាន។ បច្ចុប្បន្នអាជ្ញាធរថៃបានចោទប្រកាន់អ្នកទាំង ៤ ពីបទជួញដូរថ្នាំញៀនខុសច្បាប់ និងបានបញ្ជូនពួកគេទៅតុលាការដើម្បីចាត់វិធានវិធានតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។