ជនជាតិ​ថៃ​រាប់​រយ​នាក់​​សម្រុក​ឆ្លងដែន​ទៅ​ស្រុក​វិញ​ បន្ទាប់​ពី​កាស៊ីណូ​ជា​ច្រើន​​នៅ​ក្រុង​ប៉ោយប៉ែត​បិទទ្វារ

0:00 / 0:00

ជនជាតិ​ថៃ​​រាប់​រយ​នាក់​ដែល​ធ្វើ​ការងារ​តាម​កាស៊ីណូ​​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ សម្រុក​​ឆ្លង​ដែន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ បន្ទាប់​ពី​កាស៊ីណូ​ត្រូវ​បាន​បិទទ្វារ​មួយ​រយៈ​ដោយសារ​ជំងឺ​កូវិដ១៩។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១ មេសា​ថា ជនជាតិ​ថៃ​ឈរ​កកកុញ​នៅ​​ច្រក​នៅ​ទ្វារ​ព្រំដែន​ប៉ោយប៉ែត​ ដើម្បី​បំពេញ​បែប​បទ​ចេញ​ពី​កម្ពុជា​។លោក​បញ្ជាក់​ថា​ រហូត​មក​ដល់​ថ្ងៃ​ទី​១មេសា​ គឺ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​បិទ​អស់​ហើយ​។​ពលរដ្ឋ​រូប​នេះ​ បន្ត​ថា ​មួយ​ថ្ងៃ​នៅ​​មុន​កាស៊ីណូ​បិទទ្វារ​ មាន​ជនជាតិ​ថៃ​ជា​ច្រើន​​​​នាក់​បាន​នាំ​គ្នា​​​​វេចបង្វេច​​ឆ្លងដែន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​​​​តាម​ច្រក​ទ្វារ​ព្រំដែន​​មួយ​នេះ​ជា​បន្ត​បន្ទាប់៖ «អាជ្ញាធរ​រៀបចំ​កន្លែង​ពិនិត្យ​សុខភាព​នៅ​ចាប់​ផ្លូវ​រថភ្លើង ក្បែរ​កាស៊ីណូ ហ្គូលដិន (golden) ហើយ​ប្រសិន​ជា​មិន​មែន​ជនជាតិ​ថៃ​គេ​មិន​ឱ្យ​ទៅ​ទេ​។ គាត់​បើក​ប្រាក់​ខែ​ហើយ​ថ្ងៃ​ហ្នឹង​គាត់​ចាប់​ផ្ដើម​សម្រុក​ចេញ​ទៅ​ស្រុក​វិញ​ ហើយ​នៅ​តាម​កន្លែង​ដែល​គាត់​សម្រាក​រង់ចាំ​ វេន​ដែល​គាត់​ត្រូវ​ទៅ​ធ្វើ​តេស្ដ​មាន​ច្រើន​ទៀត »

លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា​តម្រូវ​ឱ្យ​ជនជាតិ​ថៃ​ទាំង​នោះ​ ឈរ​ជា​ជួរ​ពិនិត្យ​កម្ដៅ​​ម្នាក់​ម្ដង រួច​ហើយ​ទើប​អនុញ្ញាត​ឱ្យ​ពួកគេ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ។

ទាក់ទង​នឹង​បញ្ហា​នេះ​​នាយរង​ប៉ូលិស​អន្តោប្រវេសន៍​ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ លោក ជូន សារី ប្រាប់​អាស៊ី​សេរី​ថា ​​ជនជាតិ​ថៃ​ដែល​ចេញ​ពី​កម្ពុជា​នោះ​ ជា​បុគ្គលិក​ធ្វើ​ការ​នៅ​តាម​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​។លោក​បន្ថែម​ថា ​នៅ​ថ្ងៃ​ទី​៣១​មីនា ជនជាតិ​ថៃ​ជាង​៣០០​នាក់​បាន​​ឆ្លងដែន​ទៅ​ស្រុក​វិញ ដោយសារ​កាស៊ីណូ​បិទទ្វារ។ លោក​ថា​ ការ​ឆ្លង​ដែន​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​​សម្របសម្រួល​រវាង​សមត្ថកិច្ច​កម្ពុជា​ថៃ​​នៅ​ប្រចាំ​តំបន់​ព្រំដែន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​២​អាច​ចេញ​ចូល​បាន​​​នៅ​ពេល​មាន​ការ​ចាំបាច់​ប៉ុណ្ណោះ។ ចំណែក​​ជនជាតិ​ដទៃ​ក្រៅ​ពី​កម្ពុជា​ថៃ​មិន​អាច​ឆ្លង​ដែន​បាន​នោះ​ទេ៖ «មុន​គាត់​ចេញ​ទៅ​គាត់​ត្រូវ​ពិនិត្យ​ផ្នែក​សុខភាព ចត្តាឡឺស័ក​នៅ​ព្រំដែន​យើង​ហ្នឹង​ ហើយ​គាត់​បំពេញ​បែបបទ​ចេញ​ ដោយ​យើង​ពិនិត្យ​មើល​សុខភាព​គាត់​បើ​​កម្ដៅ​ក្នុង​រាងកាយ​គាត់​គ្មាន​បញ្ហា​អី​ទេ​ គឺ​​​ គាត់​ប្រថាប់​ត្រា​ហើយ​ដើរ​ចេញ​ទៅ​ដោយ​ខ្លួន​ឯង​។ប៉ុន្តែ​មុន​គាត់​ចេញ​ទៅ​មាន​​ប៉ូលិស​អន្តោប្រវេសន៍​របស់​ថៃ​​ដែល​គាត់​មក​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​របស់​គាត់​វិល​ត្រឡប់​ទៅ​ប្រទេស​​ថៃ​វិញ »

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៣០មីនា បញ្ជា​ឲ្យ​បិទ​កាស៊ីណូ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ចាប់ពីថ្ងៃទី០១ ខែ​មេសា​តទៅ។ ការ​បិទ​កាស៊ីណូ​នេះ ក៏​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ផ្សេងៗ​ទៀត ដើម្បី​ស្កាត់​ការ​រីករាលដាលជំងឺកូវីដ១៩។

​មន្ត្រី​សហជីព​សហព័ន្ធ​ចលនា​កម្មករ​ប្រចាំ​នៅ​កាស៊ីណូ​ប៉ោយប៉ែត​ លោក ប៊ុន សុទ្ធី ថ្លែង​ថា ​នៅ​ក្រុង​​ប៉ោយប៉ែត មាន​កាស៊ីណូ​ធំៗ ប្រមាណ ២០កាស៊ីណូ និង​មាន​បុគ្គលិក​​​ជាង​ ២ម៉ឺន​នាក់ ​ធ្វើ​ការ ក្នុង​នោះ​​បុគ្គលិក​ប្រមាណ​២០​ភាគ​រយ​ជា​ជន​បរទេស​ ហើយ​​​ភាគ​ច្រើន​ជា​ជនជាតិ​ថៃ៖ «ប៉ុន្តែ​ចេញ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​តែ​មាន​អ្នក​ស្ទះ​នៅ​ប៉ោយប៉ែត​ដែរ​ ដោយសារ​តែ​​អ្នក​ខ្លះ​មិន​ទាន់​បើក​ប្រាក់​ខែ ខ្លះ​នៅ​មាន​​​ទំនាក់​ទំនង​អី​កន្លែង​ធ្វើ​ការ​ ហើយ​ណា​មួយ​បើ​គាត់​ទៅ​ថៃ​ ក៏​អត់​មាន​ការងារ​ធ្វើ​ដែរ​ ព្រោះ​ថៃ​បិទ​តឹងរ៉ឹង​ជាង​ខ្មែរ​ទៀត​។ ខ្ញុំ​ជួប​ជនជាតិ​ថៃ​បួន​ប្រាំ​នាក់ ​ខ្ញុំ​សួរ​គាត់​ គាត់​ថា​ទិដ្ឋាការ​អស់​សុពលភាព​ ប៉ុន្តែ​គាត់​មិន​អាច​ទោ​វិញ​បាន​ដោយសារ​​ក្នុង​ប្រទេស​ថៃ​ក៏​គេ​បិទ​អត់​ការងារ​ធ្វើ​ ហើយ​គាត់​ក៏​ត្រូវ​បង់​ប្រាក់​ធនាគារ​ដែរ​។ អីចឹង​ គាត់​ក៏​សុខចិត្ត​នៅ​ខ្មែរ​ក្រែង​មាន​ការងារ​ធ្វើ​ផ្សេង »

នាយរង​ប៉ូលិស​អន្តោប្រវេសន៍​ ច្រក​ទ្វារ​ព្រំដែន​​ប៉ោយប៉ែត លោក ជូន សារី ឱ្យ​ដឹង​ថា​ចាប់​ពី​ថ្ងៃ​ទី៣១ មីនា ដល់​ថ្ងៃ​ទី១ មេសា យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​ថៃ ដែល​ធ្វើ​ការងារ​ក្នុង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ជាង ៥០០​នាក់​ហើយ បាន​ឆ្លង​ដែន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។