កុមារ​ ៣នាក់​ ​ក្លាយ​ជា​កូន​កំព្រា​គ្មាន​ទីពឹង បន្ទាប់​ពី​ឪពុក​ម្ដាយ​ត្រូវ​អគារ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ

ដោយ សេក បណ្ឌិត
2019-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កុមារ​ចំនួន​ ៣​នាក់​នៅ​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង ​បាន​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា បន្ទាប់​ពី​ឪពុក​ម្ដាយ​ពួក​គេ​ត្រូវ​សំណង់​អាគារ ៧ជាន់​រលំ​បាក់​សង្កត់​លើ​ស្លាប់ នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩។
កុមារ​ចំនួន​ ៣​នាក់​នៅ​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង ​បាន​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា បន្ទាប់​ពី​ឪពុក​ម្ដាយ​ពួក​គេ​ត្រូវ​សំណង់​អាគារ ៧ជាន់​រលំ​បាក់​សង្កត់​លើ​ស្លាប់ នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ ពលរដ្ឋ

កុមារ​ចំនួន ​៣​នាក់​នៅ​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង ​បាន​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា​គ្មាន​ទីពឹង​ និង​​ជា​បន្ទុក​ធ្ងន់​បន្ថែម​ទៀត​របស់​យាយ ​និង​តា​ពួកគេ បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ ​ត្រូវ​បាន​សំណង់​អាគារ​កំពស់​ ៧​ជាន់​រលំ​បាក់​សង្កត់​​ស្លាប់​ នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា។ ឪពុក​ម្ដាយ​ជនរងគ្រោះ​លើក​ឡើង​ថា ពួកគាត់​មិន​មាន​លទ្ធភាព​ជួយ​ក្មេង​ទាំង​នេះ ឱ្យ​បាន​​រៀន​សូត្រ​ខ្ពង់ខ្ពស់​នោះ​ទេ ព្រោះ​ខ្លួន​ជា​ជន​ក្រីក្រ​ ហើយ​មាន​​វ័យ​កាន់​តែ​ចាស់​​ទៅ​ហើយ។

សព​ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​​​រួច​រាល់​ ទាំង​ទុក្ខ​ក្រៀមក្រំ​បំផុត នៅ​ភូមិ​អូរដា ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៤ មិថុនា។

ម្ដាយ​ជន​រងគ្រោះ​អ្នក​ស្រី​ ង៉ា មុំ​ ប្រាប់​អាស៊ី​សេរី​ថា​ អ្នកស្រី​ទៅ​ដឹក​សព​កូន​ទាំង ​២នាក់​ដោយ​ខ្លួន​ឯង​​ពី​ខេត្ត​ព្រះសីហនុ​​មក​ដល់​ផ្ទះ​កាល​ពី​រសៀល​ថ្ងៃ​ទី២៣​ មិថុនា ហើយ​ក៏​បាន​ធ្វើ​បុណ្យ​បញ្ចប់​ទៅ​វិញ​ភ្លាមៗ តែ​មួយ​ថ្ងៃ​ក្រោយ​មក​ ព្រោះ​ជីវភាព​ខ្វះខាត​មិន​អាច​​ធ្វើ​បុណ្យ​ច្រើន​ថ្ងៃ​បាន​ទេ​។ អ្នក​ស្រី​បន្ត​ថា ជន​រងគ្រោះ​មាន​កូន​ប្រុស​ចំនួន​៣នាក់​ ក្នុង​នោះ​កូន​បង​មាន​អាយុ​ ១៤​ឆ្នាំ​ រៀន​ថ្នាក់​ទី៧ និង​ទី២ អាយុ​១២ឆ្នាំ​ រៀន​ថ្នាក់​ទី៥ និង​កូន​ទី៣ អាយុ​ទើប​តែ​​អាយុ​ ៩​ឆ្នាំ​​រៀន​ថ្នាក់​ទី២។ អ្នក​ស្រី​ព្រួយបារម្ភ​ថា​ វាសនា​របស់​ពួកគេ​​ទៅ​ថ្ងៃ​អនាគត​មិន​​ដឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​ ព្រោះ​ម្ដាយ​ឪពុក​របស់​ពួកគេ​ត្រូវ​អាគារ​រលំ​បាក់​សង្កាត់​បាន​ស្លាប់​ចោល​ទាំង​២នាក់​បែប​នេះ​​ ហើយ​អ្នក​ស្រី​ក៏​គ្មាន​​អ្វី​ជួយ​ពួកគេ​ឱ្យ​បាន​រៀន​សូត្រ​បន្ត​ទៀត​ដែរ​ បើ​តា​និង​យាយ​អាយុ​កាន់​តែ​ចាស់​និង​មាន​ជីវភាព​ក្រីក្រ​ ហើយ​ត្រូវ​ទទួល​អម្រែក​​មើល​ថែ​ចៅ​៣​នាក់​បន្ថែម​ទៀត​នោះ៖ «គ្មាន​អី​ទីពឹង​ទេ​សព្វថ្ងៃ​នេះ​ពួកគេ​នៅ​ជា​មួយ​យាយ​និង​តា​នឹង​ខ្ញុំ​ក៏​គ្មាន​អ្វី​ដែរ តា​ពិការ​ជើង​មួយ​ចំហៀង​អាយុ​ជាង​៦០​ឆ្នាំ​ហើយ​។កូន​ទៅ​ធ្វើ​ការ​ដើម្បី​ឱ្យ​កូន​រៀន​សាលា​ឯកជន​ផង​សាលា​រដ្ឋ​ផង​ ដើម្បី​បាន​ចេះ​ដឹង​មាន​ការងារ​ធ្វើ​តែ​ដល់​ពេល​ទៅ​បែរ​ជា​ស្លាប់​ទៅ​។អីចឹង​បាន​ថា​ខ្ញុំ​ស្រណោះស្រណោក​ដែរ​ តែ​ខ្ញុំ​នៅ​តែ​ជំរុញ​ចៅ​ឱ្យ​ទៅ​រៀន​រហូត​មិន​ឱ្យ​ឈប់​ទេ»

ជន​រងគ្រោះ​ជា​ប្ដី​ឈ្មោះ​ ទន់ ប្រុស ​អាយុ​ ៤៣​ឆ្នាំ​ និង​​ប្រពន្ធ​ ឈ្មោះ ហួង ចាន់ថា អាយុ​ ៣៨​ឆ្នាំ​ត្រូវ​អាគារ​រលំ​សង្កាត់​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ មិថុនា ​ឆ្នាំ២០១៩។

អ្នក​ស្រី ង៉ា មុំ​ ថ្លែង​ថា អ្នក​ទាំង​ពីរ​មាន​ជីវភាព​ក្រីក្រ​ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជាង​ឆ្នាំ៥ ទើប​តែ​ត្រឡប់​មក​ផ្ទះ​​ កាល​ពី​ដើម​ខែ​មិថុនា។អ្នក​ស្រី​បន្ត​ថា ពួកគេ​ត្រឡប់​មក​ផ្ទះ​ទាំង ២នាក់​ដោយសារ​មិន​មាន​ប្រាក់​បន្ត​ទិដ្ឋាការ​​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ ហើយ​ពេល​មក​ដល់​ផ្ទះ​បាន​មួយ​រយៈ​ក៏​ទាក់​ទង​តាម​ហ្វេសប៊ុក​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ព្រះសីហនុ​វិញ​ម្ដង ដោយ​បាន​ប្រាក់​ឈ្នួល​១៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ទៅ​ធ្វើ​ការ​ទើប​តែ​បាន​៤​ថ្ងៃ​ក៏​ជួប​គ្រោះ​ថ្នាក់​ស្លាប់​ទាំង​២នាក់​តែ​ម្ដង៖ «ទទួល​ថ្ងៃ​រងគ្រោះ​ខ្ញុំ​ខល​ទៅ​ទាក់ទង​អត់​បាន​ ហើយ​ក៏​មាន​អ្នក​ធ្វើ​ការ​នៅ​ជិត​នោះ​ដែរ​គេ​ខល​ប្រាប់​បង​ថ្លៃ​វា​ គេ​​ថា​កូន​គាត់​នឹង​កូន​ខ្ញុំ​នឹង​បាក់​អាគារ​៧​ជាន់​​ហើយ​គ្មាន​អ្នក​ណា​រត់​រួច​ម្នាក់​ទេ​។មុន​ស្លាប់​ពេល​វា​ខល​មក​លេង​កូន​វា​ដែរ​ ហើយ​កូន​ក៏​សុំ​លុយ​ម៉ែវា​រៀន​ ហើយ​ម៉ែវា​ថា​កូន​អើយ​ម៉ែ​ទើប​ធ្វើ​ការ​មិន​ទាន់​បើក​លុយ​ទេ​ កូន​ឯង​ទ្រាំ​ៗ​ សិន​ទៅ»

ចំណែក​ឪពុក​ជនរងគ្រោះ​លោក អោក ខាន់ ថ្លែង​ថា កូន​ទាំង ​២​នាក់​ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ដោយ​ទុក​ចៅ ​៣​នាក់ ​ឱ្យ​លោក​ និង​ប្រពន្ធ​របស់​លោក​មើល​ថែ​ តាំង​តែ​កូន​ពៅ​នៅ​តូច​មិន​ទាន់​ចូល​រៀន​។ លោក​បន្ត​ថា កាល​ដែល​ពួកគេ​ទាំង​២នាក់​ នៅ​ធ្វើ​ការ​​ប្រទេស​ថៃ តែង​ទូរស័ព្ទ​មក​លេង​លោក ​និង​កូន​ជា​រៀង​រាល់​ថ្ងៃ​មិន​ដែល​ខាន​ទេ និង​បាន​ផ្ញើ​ប្រាក់​មក​ឱ្យ​ចៅ​ទាំង​ ៣នាក់​​ បាន​ចាយវាយ​សម្រាប់​ទៅ​រៀន​សូត្រ​ជា​ប្រចាំ​ទៀត​ផង។ បុរស​វ័យ​ ៦៣​ឆ្នាំ​រូប​នេះ​បន្ថែម​ថា លោក​ស្រណោះ​​ចៅៗ​ ទាំង​ ៣នាក់​មិន​គួរ​ណា​ពួកគេ​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា​ឪពុកម្ដាយ​ទាំង​វ័យ​ក្មេង​បែប​នេះ​សោះ​ ហើយ​លោក​ក៏​គ្មាន​លទ្ធភាព​ជួយ​ចៅ​ឱ្យ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ដែរ ព្រោះ​លោក​ពិការ​ជើង​​​រស់​នៅ​យោង​អាត្មា​ស្ទើរតែ​មិន​រួច​​ផង​ និង​មាន​វ័យ​ចាស់ជរា​​​ទៀត៖ «ព្រោះ​ខ្ញុំ​ព្រួយបារម្ភ​ថា​វា​នៅ​តូច​ៗ​ ហើយ​ម៉្យាង​ម្ដាយ​ឪពុក​ស្លាប់​អស់​មិន​ដឹង​ទៅ​ពឹង​អ្នក​ណា​ អីចឹង​មាន​តែ​តា​ហើយ​នឹង​យាយ​ ដូច្នេះ​ទៅ​ថ្ងៃ​អនាគត​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ​ ព្រោះ​ខ្ញុំ​ឈឺ​ផង​ហើយ​អាយុ​កាន់​តែ​ច្រើន​ និយាយ​ឱ្យ​គឺ​ខ្វះខាត​ធ្ងន់ធ្ងរ​ណាស់​ ព្រោះ​គ្មាន​មុខ​របរ​អី​ផង​ ហើយ​គ្មាន​ដី​ធ្លី​សម្រាប់​ដាំដុះ​ផង»

លោក​បន្ត​ថា ចាប់​តាំង​ពី​កូន​ស្លាប់​មក​ លោក​ទើប​តែ​ទទួល​បាន​ប្រាក់​សរុប​ចំនួន​ ១០លាន​រៀល​ទេ​ ក្នុង​នោះ​ប្រាក់​មួយ​ចំនួន​ឧបត្ថម្ភ​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​ចំនួន​ទៀត​ ប្រាក់​ចូល​បុណ្យ​ពី​សប្បុរសជន​ ហើយ​ប្រាក់​ទាំង​នេះ​ មួយ​ចំនួន​បាន​យក​ទៅ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ឱ្យ​ដួង​វិញ្ញាណក្ខន្ធរបស់​ពួក​គេ​ទៅ​កាន់​សុគតិភព និង​មួយ​ចំនួន​ទៀត​ ទុក​សម្រាប់​ឱ្យ​ចៅ​ទាំង​៣នាក់​សិក្សា​រៀន​សូត្រ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បាត់ដំបង​លោក ងួន រតនៈ​ ដើម្បី​សាកសួរ​ជុំ​វិញ​បញ្ហា​នេះ​ បាន​ទេ​នៅ​ថ្ងៃ​ទី​២៤​មិថុនា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី២៣ មិថុនា​ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក ហ៊ុន សែន បាន​ប្រកាស​នឹង​ផ្ដល់​ប្រាក់​ជំនួយ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​​​ចំនួន​ ៤០លាន​រៀល​ ឬ​ប្រមាណ​ ១ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​អ្នក​ស្លាប់​ម្នាក់។

ឪពុកម្ដាយ​​ជនរងគ្រោះ​នៅ​ស្រុក​ភ្នំព្រឹក​អះអាង​ថា រហូត​មក​ដល់​ថ្ងៃ​ទី២៤​ មិថុនា ​មិន​ទាន់​បាន​ទទួល​ប្រាក់​១ម៉ឺន​ដុល្លារ​នោះ​​នៅ​ឡើយ​ទេ។​

កូន​ប្រុស​ច្បង​របស់​ជនរងគ្រោះ​ កុមារ​ ភោគ វុទ្ធី ប្រាប់​អាស៊ី​សេរី​ថា កាល​ពី​ឪពុក​ម្ដាយ​នៅ​ប្រទេស​ថៃ​ គឺ​ប្រមាណ​ ២សប្ដាហ៍​ម្ដង​ តែង​តែ​​ផ្ញើ​ប្រាក់​ ចំនួន​ ៣.០០០ពាន់​បាត ឬ​ស្មើ​ជិត ​១០០ដុល្លារ​អាមេរិក​មក​ឱ្យ​ពួកគេ​សម្រាប់​ចាយ​វាយ​ប្រចាំ​ខែ។ កុមារ​ វុទ្ធី បន្ត​ថា ពួក​គេ​រស់​នៅ​ជា​មួយ​ជីដូន និង​ជីតា​ បាត់បង់​ភាព​កក់ក្ដៅ​ពី​ឪពុកម្ដាយ​ជាង​ ៥ឆ្នាំ​ហើយ ក៏​ស្រាប់​តែ​អ្នក​មាន​គុណ​ទាំង​២​ បាន​ស្លាប់​ចោល​ពួកគេ​ទៀត ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ​ពួកគេ​ទាំង​៣នាក់​​រស់​នៅ​ជា​កូន​កំព្រា​គ្មាន​ផ្ទះ​សម្បែង និង​គ្មាន​ដី​សម្រាប់​ដាំដុះ​នោះ​ទេ ព្រោះ​តាំង​តែ​ពី​ពួកគេ​កើត​មក​ឪពុក​ម្ដាយ​របស់​ពួកគេ​មិន​ទាន់​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​​នៅ​ឡើយ ដោយ​ស្នាក់​អាស្រ័យ​ជា​មួយ​ជីដូន​រហូត​មក៖ «ខ្ញុំ​ខ្វល់​ខ្វាយ​រឿង​រៀន​សាលា​ឯកជន​ពេល​តា​និង​យាយ​ខ្វះ​ខាត​គាត់​មិន​មាន​លុយ​ឱ្យ​ខ្ញុំ​រៀន​បន្ថែម​​ ចំពោះ​ប្អូន​ខ្ញុំ​វា​នៅ​រៀន​ថ្នាក់​តូច​មិន​សូវ​ជា​ចោល​បញ្ហា​ តែ​ខ្ញុំ​ត្រូវ​រៀន​ភាសា​អង់គ្លេស​មិន​អាច​ឈប់​បាន​ទេ​។​ជីដូន​ខ្ញុំ​គាត់​បាន​ជួយ​​ខ្ញុំ​តែ​នៅ​តូច​ដល់​ពេល​ខ្ញុំ​ធំ​ត្រូវ​រក​ការងារ​ធ្វើ​ខ្លួន​ឯង​ ដើម្បី​បាន​លុយ​ចិញ្ចឹម​ប្អូន​បណ្ដោះអាសន្ន»

អ្នកភូមិ​ជិត​ខាង​ជនរងគ្រោះ​ម្នាក់ លោក សឿង ហ៊ាង ថ្លែង​ថា គ្រួសារ​ជនរងគ្រោះ​ក្រីក្រ​គ្មាន​ដី​ដាំដុះ​ និង​គ្មាន​ដី​សម្រាប់​សង់​ផ្ទះ​នៅ​ឡើយ​ទេ​ ហើយ​ពួកគេ​រស់​នៅ​បាន​ដោយសារ​ការ​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ ដើម្បី​បាន​ប្រាក់​យក​មក​ចិញ្ចឹម​កូន​ ៣នាក់​។លោក​បន្ត​ថា នៅ​ថ្ងៃ​ធ្វើ​បុណ្យ​សព​មាន​ពលរដ្ឋ​ចូល​រួម​ច្រើន​កុះករ និង​មាន​ប៉ូលិស​ទាហាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចូល​រួម​ប្រមាណ​ ៣០នាក់​ថែម​ទៀត៖ «ពុំ​មាន​ទី​ពឹង​អី​ទេ​ ខ្ញុំ​ពិត​ជា​សង្វេគ​ចំពោះ​ក្មេង​ទាំង​នោះ​មែន​ទែន​ ព្រោះ​នៅ​ជីដូន​ចាស់​ហើយ​ពុំ​មាន​ដី​ស្រែ​និង​ដី​ចម្ការ​សម្រាប់​ដាំដុះ​ទេ​ គាត់​មាន​តែ​ដី​​ធ្វើ​ផ្ទះ​រស់​នៅ​មួយ​ប្លង់​ ហើយ​គាត់​ពឹង​ផ្អែក​តែ​កូន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ស្លាប់​នោះ​ឯង​ផ្ញើ​លុយ​ឱ្យ​ចាយ​វាយ​។ប៉ុន្តែ​ក្រោយ​ពី​កូន​ស្លាប់​អស់​គ្មាន​ទាំង​ជីដូន​នឹង​៣នាក់​ទៀត​គ្មាន​ទីពឹង​ទេ​ ព្រោះ​យាយ​និង​តា​ក៏​ទៅ​រក​អី​មិន​បាន​ ហើយ​ចៅ​ទាំង​នោះ​ក៏​តូច​ៗ​ អីចឹង​ជីវភាព​គឺ​ពិត​ជា​គួរ​ឱ្យ​សង្វេគ​មែន​ទែន​សម្រាប់​ពួកគាត់​តទៅ​ខាង​មុខ»

ទោះ​ជា​យ៉ាង​ណា​អ្នក​ស្រី​ ង៉ា មុំ​ ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​ចប់​ពិធី​បុណ្យ​សព​កូន​ហើយ​ អ្នក​ស្រី​នឹង​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ​ដើម្បី​ទាមទារ​សំណាង​ជំងឺ​ចិត្ត​ចំនួន ៨ម៉ឺន​ដុល្លារ​អាមេរិក ពី​ក្រុម​ហ៊ុន​សំណង់​ដែល​បាក់​សង្កាត់​កូន​គាត់​ស្លាប់​​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​យក​ប្រាក់​សម្រាប់​ចិញ្ចឹម​ចៅ​ទាំង​ ៣នាក់​ឱ្យ​បាន​​​រៀន​សូត្រ​ខ្ពង់ខ្ពស់​ កុំ​ឱ្យ​លំបាក​ទៅ​ថ្ងៃ​ក្រោយ​ ព្រោះ​តា​ និង​យាយ​មាន​អាយុ​កាន់​តែ​ចាស់​ហើយ​ មិន​អាច​នៅ​មើល​​​ថែ​ពួកគេ​បាន​យូរ​អង្វែង​ទៅ​មុខ​ទៀត​ទេ។

កូន​ប្រុស​ច្បង​របស់​ជន​រង​គ្រោះ​មាន​បំណង​ចង់​រៀន​ឱ្យ​បាន​ចេះ​ដឹង​ខ្ពង់ខ្ពស់ ដើម្បី​រក​ការងារ​ធ្វើ​ចិញ្ចឹម​ប្អូនៗ កុំ​ឱ្យ​ពិបាក​ទៅ​ធ្វើ​កម្មករ​ផ្សង​គ្រោះថ្នាក់​ដូច​ឪពុក​ម្ដាយ​របស់​ពួក​គេ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល