នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ជន​ជាតិ​ចិន និង​ខ្មែរ ៧នាក់ ក្នុង​ករណី​បង្ខាំង​មនុស្ស និង​ប្រើ​អាវុធ​ខុស​ច្បាប់

0:00 / 0:00

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ​នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ បង្ហាញ​ការ​​ឃាត់​ខ្លួន​​មនុស្ស ៧នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ៣នាក់ និង​ខ្មែរ ៤នាក់ ដោយ​សង្ស័យ​ថា ​ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជនជាតិ​ចិន ​៧​នាក់​ ដែល​​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ ក្នុង​ករណី​ចាប់​បង្ខាំង​មនុស្ស និង​​កាន់​កាប់​អាវុធ​ដោយ​ខុសច្បាប់។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ និង​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម ៧នាក់​នេះ ខ្លះ​នៅ​រាជធានី​ភ្នំពេញ ខ្លះ​ទៀត​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ដក​ហូត​បាន​កាំភ្លើង​វែង​ប្រភេទ AK47 ១ដើម កាំភ្លើង​ខ្លី​ម៉ាក G-Lock៤ដើម និង​គ្រាប់​រំសេវ​មួយ​ចំនួន​ទៀត។ លោក​ថា សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។

កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ កម្លាំង​ជំនាញ​នៃ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​ចិន​មួយ​ក្រុម មាន​គ្នា ៧​នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​ចាប់​ឃុំ​ឃាំង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ផ្ដល់​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ និង​នាំ​ចូល​អាវុធ ដោយ​គ្មាន​ការ​អនុញ្ញាត ស្ថិត​នៅ​ផ្ទះ​សំណាក់​ ស៊ែងឆីង ក្នុង​ភូមិ២ សង្កាត់​លេខ​២ ក្រុង​ព្រះសីហនុ។ ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​រក​ឃើញ​កាំភ្លើង​ខ្លី ២ដើម កាំភ្លើងវែង​ម៉ាក់ M16 ១ដើម គ្រាប់​កាំភ្លើង​ជិត ២រយ​គ្រាប់ និង​គ្រឿងញៀន​មួយ​ចំនួន​ធំ៕

(​អាវុធ និង​គ្រឿងញៀន ដែល​នគរបាល​ប្រមូល​បាន​ពី​ជន​សង្ស័យ ចិន និង​ខ្មែរ ៧​នាក់ ពេល​ចាប់​ខ្លួន។ រូប​ពី​គេហទំព័រ​នគរបាល​ជាតិ​)

(​កាំភ្លើង​វែង​ប្រភេទ AK47 ១ដើម កាំភ្លើង​ខ្លី​ម៉ាក G-Lock៤ដើម និង​គ្រាប់​រំសេវ​មួយ​ចំនួន​ទៀត ដែល​នគរបាល​ប្រមូល​បាន​ពី​ជន​សង្ស័យ ៧​នាក់ ពេល​ចាប់​ខ្លួន។ រូប​ពី​គេហទំព័រ​នគរបាល​ជាតិ​)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។