ជនជាតិដើមភាគតិចរស់នៅភាគឦសានសម្ដែងក្តីបារម្ភ ពីផែនការបង្កើតខេត្តថ្មី ដែលរបបក្រុងភ្នំពេញគ្រោងយកស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតនគិរី ច្របាច់បញ្ចូលគ្នាបង្កើតជា រដ្ឋបាលខេត្តថ្មីមួយ។ ពួកគេបារម្ភទៀតថា ការបង្កើតខេត្តថ្មីនេះ នឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់ដែនជម្រកសត្វព្រៃចំនួន ៣កន្លែង គ្រប់ដណ្ដប់លើផ្ទៃដីរាប់សែនហិកតារ ដែលជាមូលហេតុនាំកើតមានវិបត្តិដីធ្លី ការថយចុះទំហំព្រៃឈើ និងប៉ះពាល់ប្រព័ន្ធសេដ្ឋកិច្ចជនជាតិដើមភាគតិច។
ជនជាតិដើមភាគតិចរស់នៅខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី អំពាវនាវឲ្យរបបក្រុងភ្នំពេញពិចារណាឡើងវិញ ពីគម្រោងបង្កើតខេត្តថ្មី ដែលពួកគេចាត់ទុកថា នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលជាជម្រកសត្វព្រៃកម្ររស់នៅដូចជា សត្វខ្ទីង និងសត្វដំរីព្រៃជាដើម។ ពួកគេគិតថា ការបង្កើតខេត្តថ្មី ចៀសមិនផុតពង្រីកផ្ទៃដីកសាងហេដ្ឋារចនាសម្ព័ន្ធ បម្លែងដីព្រៃអភិរក្សជាសម្បត្តិឯកជនរបស់រដ្ឋ និងកម្មសិទ្ធិឯកជន។ រីឯកំណើនប្រជាជនចំណាកស្រុកចូលទៅរស់នៅ ក៏គេចមិនផុតពីកាប់ទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់នឹងកាន់តែធំឡើង។
ទីប្រឹក្សាបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក ក្រើង តុលា ឲ្យដឹងនៅថ្ងៃទី២ កញ្ញាថា ជនជាតិដើមភាគតិចភ្ញាក់ផ្អើលនៅគ្រាដែលទទួលដំណឹងថា ក្រសួងមហាផ្ទៃមានគម្រោងបង្កើតខេត្តថ្មី នៅតំបន់ពួកគេរស់នៅសំបូរធនធានធម្មជាតិ។ លោកថា អាជ្ញាធរពាក់ព័ន្ធ គួរតែពិគ្រោះយោបល់ជាមួយពលរដ្ឋ និងជនជាតិដើមភាគតិចមូលដ្ឋាន ឲ្យគ្រប់ជ្រុងជ្រោយ និង ទទួលយកការសំណូមពររបស់ពួកគេទៅដោះស្រាយ នៅគ្រាដែរជនជាតិដើមភាគតិចនៅតែខ្វល់ខ្វាយពីវិបត្តិតម្លៃកសិផលគ្មានទីផ្សារ ការបំផ្លាញព្រៃឈើ វិវាទដីធ្លី អាជីវកម្មរ៉ែមាសខុសច្បាប់ អាជ្ញាធរពាក់ព័ន្ធនៅមិនទាន់មានវិធានការដោះស្រាយរួចរាល់នៅឡើយ បែរជាមកផ្តោតអារម្មណ៍លើគម្រោងបង្កើតខេត្តថ្មីដែលពួកគេមិនពេញចិត្ត។ «»
ជនជាតិដើមភាគតិចរស់នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី លោក ច្រូត កើល បារម្ភថា ការបង្កើតខេត្តថ្មី នឹងអាចបង្កើតប្រព័ន្ធរដ្ឋបាល ស្រុក/ក្រុងនិងឃុំថ្មីៗជាច្រើនទៀត ដើម្បីពង្រីកការគ្រប់គ្រងអំណាច ប្រសិនការគ្រប់គ្រងរដ្ឋបាលនៅតែប្រកាន់បក្សពួកនិយម អំពើពុករលួយ នឹងធ្វើឲ្យពលរដ្ឋកាន់តែជួបការលំបាកមួយកម្រិតទៀត ខណៈដែលបច្ចុប្បន្ននេះ កំណើនពលរដ្ឋចំណូលស្រុកបានទៅកាប់ទន្ទ្រានព្រៃឈើយកដីពេញទំហឹង បង្កប៉ះពាល់ដល់មុខរបបចិញ្ចឹមជីវិតជនជាតិដើមភាគតិច។ «»
កាលពីចុងខែសីហា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើទៅ លោក ហ៊ុន សែន សិក្សាពីលទ្ធភាពបង្កើតខេត្តថ្មី បន្ថែមចំនួន ២ ទៀត។ ខេត្តថ្មីទាំង ២ នោះ គឺខេត្តមួយ ត្រូវបំបែកពីខេត្តកណ្ដាល និងខេត្តថ្មីមួយទៀត ត្រូវបំបែកស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតនៈគិរី ស្របពេលបច្ចុប្បន្ន កម្ពុជាមាន ខេត្ត/រាជធានី ចំនួន ២៥។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបថា ការបង្កើតខេត្តថ្មីនេះ ផ្អែកតាមការពិនិត្យលើស្ថានភាពភូមិសាស្ត្រ និងស្ថានភាពប្រជាសាស្ត្រជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលបានស្រាវជ្រាវយ៉ាងល្អិតល្អន់មុនដាក់ជូនសុំសេចក្ដីសម្រេចពីគណៈរដ្ឋមន្ត្រី។ លោកយល់ថា ការយល់ឃើញរបស់ជនជាតិដើមភាគតិចនៅមូលដ្ឋាន និងអ្នកវិភាគសង្គម គ្រាន់តែជាមតិឯកជន មិនស៊ីជម្រៅលើការសិក្សាស្រាវជ្រាវជាក់ស្ដែងនោះទេ។ លោកបន្ថែមថា ថ្នាក់ដឹកនាំជាតិមានការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិ រឿងការបង្កើតរដ្ឋបាលខេត្តថ្មីនេះ។ «»
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី គិតថា ការបង្កើតខេត្តថ្មី គឺជាការចែកតំបន់គ្នាកាន់កាប់ នឹងបង្កការបាត់បង់នូវប្រាក់ចំណូលជាតិយ៉ាងច្រើន និងត្រូវចំណាយថវិកាជាតិ ដើម្បីបម្រើឲ្យប្រព័ន្ធរដ្ឋបាលគ្រប់គ្រងរយៈពេលយូរ។ លោកបារម្ភថា អាជ្ញាធររដ្ឋដែលគ្រប់គ្រងតាមខេត្តថ្មីទាំងនោះអាចនឹងប្រើអំណាចបម្រើប្រយោជន៍ផ្ទាល់ខ្លួន បង្កប៉ះពាល់សិទ្ធិរស់នៅពលរដ្ឋមូលដ្ឋាន និងវិបត្តិសង្គមថែមទៀត។ «»
អគ្គលេខាធិការសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក យុន ឡូរ៉ង់ យល់ថា ប្រសិនបើការបង្កើតខេត្តនេះ គ្មានយន្តការច្បាស់លាស់ នឹងប៉ះពាល់ខ្លាំងដល់អត្តសញ្ញាណជនជាតិដើមភាគតិច ជាពិសេសគឺប្រព័ន្ធចិញ្ចឹមជីវិតរបស់ពលរដ្ឋមូលដ្ឋាន ដែលមានជីវភាពពឹងផ្អែកទាំងស្រុងលើធនធានធម្មជាតិ។ លោកថា ទិដ្ឋភាពនយោបាយបច្ចុប្បន្ន ហាក់មិនសមស្របចំពោះការបង្កើតខេត្តថ្មីនោះទេ ហើយសហគមន៍ជនជាតិដើមភាគតិចស្នើឲ្យក្រសួងមហាផ្ទៃពិចារណាឡើងវិញ និងសូមឲ្យបើកចំហសេរីភាពពេញលេញដល់ជនជាតិដើមភាគតិច ក្នុងការពិគ្រោះយោបល់សួរដេញដោលបញ្ហានេះ។ «»
លោក ឡូ រ៉ង់ បន្ថែមថា ស្រុកកោះញែក និងស្រុកលំផាត់ ជាតំបន់សំបូរជនជាតិដើមភាគតិចរស់នៅ ដូចជា ជនជាតិ ទំពួន ព្នង ក្រោល និងជនជាតិដើមភាគតិចឡាវ ដែលពួកគេភាគច្រើនមានជីវភាពពឹងផ្អែកលើអនុផលធនធានធម្មជាតិបែបប្រពៃណី និងធ្វើកសិកម្មចម្ការវិលជុំ ជាដើម។ លោកថា គ្មានហេតុផលណាមួយ គួរបង្កើតខេត្តថ្មីនោះទេ ព្រោះជនជាតិដើមភាគតិចជាច្រើននៅតែប្រឈមបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ បាត់បង់មុខរបបចិញ្ចឹមជីវិត និងវិបត្តិដីធ្លីជាដើម ទម្រាំមានការបំបែករដ្ឋបាលខេត្ត និងគ្រប់គ្រងដីធ្លីនៅតំបន់នោះទៀត លោកគិតថា នឹងមានរឿងជាច្រើនដែលប្រឈមដល់ជនជាតិដើមភាគតិច ជាពិសេសប្រព័ន្ធសេដ្ឋកិច្ច និងអត្តសញ្ញាណ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
